ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរពេទ្យកាល់ម៉ែត បញ្ជាក់ថា ស្ត្រីដែលពេទ្យឯកជន កាយយកសពទារកក្នុងផ្ទៃដោយទាំងពោះវៀន បានស្លាប់ហើយ

96

ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ឡឹម តារា អគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែត បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន នៅព្រឹកថ្ងៃទី១៦ ​ខែមីនា ឆ្នាំ២០២៣ថា ស្ត្រីដែលពេទ្យឯកជន កាយយកសពទារកក្នុងផ្ទៃ ដោយទាំងពោះវៀន បានផុតដង្ហើមហើយ បន្ទាប់ពីគ្រូពេទ្យកាល់ម៉ែត បានបញ្ជូនគាត់តាមរថយន្ដគិលានសង្គ្រោះទៅដល់គេហដ្ឋានគាត់ នៅភូមិ​ពងទឹក​ ឃុំស្រែចែង​ ស្រុកជុំគិរី​ ខេត្ត​កំពត​។

លោកសាស្ត្រាចារ្យ ឡឹម តារា បានថ្លែងបន្ដថា «ប៉ុន្មានថ្ងៃចុងក្រោយនេះ គាត់មានស្ថានភាពធ្ងន់ធ្ងរខ្លាំងណាស់ ដោយយប់មិញនេះ (ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣) គាត់បានធ្វើទុក្ខក្នុងខ្លួនខ្លាំងមែនទែន ដែលក្រុមគ្រូពេទ្យយើង ក៏បានដាក់ទុយោសប់ដង្ហើមគាត់ដែរ តែហាក់គ្មានសង្ឃឹមសោះ ទើបនៅកំឡុងម៉ោង ៤ទាបភ្លឺថ្ងៃទី១៦ ខែមីនា ក្រុមគ្រួសារគាត់ក៏សូមគ្រូពេទ្យយើងយកគាត់ទៅផ្ទះ។ ដូច្នេះក្រុមគ្រូពេទ្យយើង ក៏បានរួមដំណើរជាមួយអ្នកជំងឺដឹកបញ្ជូន គាត់ទៅផ្ទះតាមការស្នើសុំ។ ពេលដល់ផ្ទះ រៀបចំកន្លែងគាត់សម្រាកហើយ មួយសន្ទុះក្រោយមក គាត់ក៏បានផុតដង្ហើមតែម្ដង» សែនអាសូរគាត់ណាស់ តែក្រុមគ្រូពេទ្យយើងបានប្រឹងប្រែងអស់ពីលទ្ធភាពបច្ចេកទេសហើយ»។

«អ្វីដែលឈានមកដល់ថ្ងៃនេះ ដូចអ្វីដែលមន្ទីរពេទ្យយើងបានបញ្ជាក់កន្លងមកចឹង ខណៈយើងបានស្គាល់ច្បាស់ពីស្ថានភាព ពីកត្ដាប្រឈម និងកត្ដាគ្រោះថ្នាក់របស់គាត់ តែទោះជាគ្មានសង្ឃឹមរស់តាំងពីលើកដំបូងមែន តែក្រុមគ្រូពេទ្យយើងនៅតែខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព និងលទ្ធភាពបច្ចេកទេស ទោះរស់បានរយៈពេលខ្លីក៏ប្រឹងប្រែងដែរ។ អាលូវថ្ងៃនេះក៏បានមកដល់ ដូចអ្វីជាការវាយតម្លៃទុក ទោះបីជាវិទ្យាសាស្ដ្រជឿនលឿនយ៉ាងណា ព្រោះកន្លងមកអ្នកជំងឺក៏បានទៅទទួលការព្យាបាលនៅប្រទេសវៀតណាម និងថៃ»។នេះតាមការបញ្ជាក់បន្ថែមរបស់លោកសាស្ដ្រាចារ្យ។

លោកសាស្ត្រាចារ្យ ឡឹម តារា បានបន្ថែមថា ស្ដ្រីរងគ្រោះខាងលើនេះ គាត់បានទទួលការយកចិត្ដទុកដាក់ខ្ពស់ណាស់ពីថ្នាក់ដឹកនាំ ជាពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចតេជោ នាយករដ្ឋមន្ដ្រីកម្ពុជា បានប្រគល់ការងារព្យាបាល និងមើលថែ ជូនដល់មន្ទីរពេទ្យកាល់ម៉ែតយើង ដោយឱ្យខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ទោះជាចំណាយអស់ថវិកាច្រើនយ៉ាងណាក៏ដោយ។

គូសរម្លឹកថា កាលពីថ្ងៃទី៩​​ ខែមីនា ឆ្នាំ២០២៣ថ្មីៗនេះ លោកអគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែតរូបនេះ ក៏បានបញ្ជាក់ពីស្ថានភាពរបស់ស្ដ្រីរងគ្រោះខាងលើនេះ ពីវិវឌ្ឍន៍ទៅកាន់តែធ្ងន់ធ្ងរ រហូតត្រូវដាក់បន្ទប់សង្គ្រោះបន្ទាន់ និងបានបង្ហាញពីកត្ដាប្រឈមដែលកើតមានកន្លងមកគឺ៖

* ការលេចធ្លាយទឹកប្រម៉ាត់ ទឹកលំពែង ហូរចូលទៅក្នុងពោះ និងហូរចេញក្រៅវិញតាមទុយោបង្ហូរ
* ដុំឈាមកកក្នុងសសៃឈាម
* មិនអាចហូបអាហារតាមមាត់បានទេ គឺត្រូវឱ្យអាហារ(វេជ្ជសាស្ដ្រ)តាមសសៃឈាមទាំងស្រុង

អាចប្រឈមចំពោះមុខគឺ៖
* ការក្លាយរោគធ្ងន់ធ្ងរ និង សម្ពាធឈាមស្រុតចុះខ្លាំងអាចអោយគ្រោះថ្នាក់ឆាប់ៗ។
* ការរលាកស្រោមពោះខាងក្នុងដោយទឹកប្រម៉ាត់និងទឹកលំពែងដែលអាចអោយមានការហូរឈាម។ ល។
* ករណីអវិជ្ជមាន អាចកើតមានលើអ្នកជំងឺគ្រប់ពេល។

សូមបញ្ជាក់ថា កម្មការិនី ឈ្មោះ សឿន ស្រីអូន អាយុ២២ឆ្នាំ ហើយបានផុតដង្ហើមនៅវេលាម៉ោង ៤ទាបភ្លឺ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះ ។ស្ដ្រីរូបនេះ កន្លងមកបានរំលូតគភ៌ស្លាប់ក្នុងផ្ទៃ ឈ្មោះ មានអាសយដ្ឋានភូមិអន្លង់រមៀត ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានចូលមកសម្រាកនៅគ្លីនិកដើមអង្គ្រងនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយរោគវិនិច្ឆ័យមានកូនស្លាប់ក្នុងស្បូនអាយុ១៨សប្តាហ៍។ ក្រុមគ្រូពេទ្យរបស់គ្លីនិកបានធ្វើការព្យាបាលដោយ រំលូតយកកូនដែលស្លាប់ក្នុងផ្ទៃចេញ និងបន្តសម្រាកនៅគ្លីនិក រយៈពេលមួយយប់ ហើយបានចេញពីគ្លីនិកដើមអង្គ្រងនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។ លុះនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ត្រីអ្នកជំងឺបានមកគ្លីនិកដដែលម្ដងទៀត ដោយរោគសញ្ញាឈឺពោះខ្លាំងនៅផ្នែកខាងក្រោម បន្ទាប់មកគ្រូពេទ្យក៏បានធ្វើការសម្អាតស្បូនឡើងវិញ តែដោយអាការៈធ្ងន់ធ្ងរ គ្លីនិកក៏បានបញ្ជូនស្ត្រីអ្នកជំងឺទៅព្យាបាលបន្តនៅរាជធានីភ្នំពេញ និងឈានទៅព្យាបាលនៅក្រៅប្រទេសផងដែរ៕

អត្ថបទដែលជាប់ទាក់ទង