ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វេទិកាផ្សព្វផ្សាយ អំពីផែនការមេសម្រាប់អភិវឌ្ឍវិស័យថាមពលអគ្គិសនី២០២២-២០៤០ និងគោលនយោបាយជាតិស្តីពីប្រសិទ្ធភាពថាមពល២០២២-២០៣០

77

 

ភ្នំពេញ ៖ ក្រសួងរ៉ែនិងថាមពលបានសហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី រៀបចំវេទិកាផ្សព្វផ្សាយផែនការមេសម្រាប់អភិវឌ្ឍវិស័យថាមពល២០២២-២០៤០ និងគោលនយោបាយជាតិស្តីពីប្រសិទ្ធភាពថាមពល២០២២-២០៣០​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក អេនតូនី ហ្វីល ប្រធានស្តីទីប្រចាំប្រទេសធនាគារអភិវឌ្ឍន៍អាស៊ី។ វេទិការនេះមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងតំណាងស្ថាប័នរាជរដ្ឋាភិបាល ដៃគូរអភិវឌ្ឍន៍ តំណាងស្ថានទូត អង្គការក្រៅរដ្ឋាភិបាលចំនួនប្រមាណ ១២០រូប។

គោលបំណងនៃវេទិកាគឺដើម្បីធ្វើការផ្សព្វផ្សាយអំពីឯកសារគោលទាំងពីរដែលរាជរដ្ឋាភិបាលទើបតែអនុម័តកាលពីពេលថ្មីៗកន្លងទៅនេះ ដែលឯកសារទាំងពីរនេះនឹងចង្អុលបង្ហាញឱ្យកម្ពុជាបំពេញចក្ខុវិស័យនៃការផ្តល់ប្រភពថាមពលដល់អ្នកប្រើប្រាស់ជាមួយនឹងតម្លៃសមរម្យ អាចទុកចិត្តបាន និងមានសុវត្ថិភាពក្នុងការផ្គត់ផ្គង់សម្រាប់គ្រប់វិស័យទូទាំងប្រទេស ព្រមទាំងឆ្ពោះទៅរកអន្តរកាលថាមពល ដោយរក្សាបាននូវសន្តិសុខថាមពលនិងមានចីរភាព ទន្ទឹមនឹងការសម្រេចឱ្យបាននូវគោលដៅបរិស្ថានកម្ពុជា និងការប្តេជ្ញាចិត្តជាសកលរបស់កម្ពុជាក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលបានមានប្រសាសន៍ថា ឯកសារផែនការមេមានការត្រួតពិនិត្យ ណែនាំ និងទម្រង់ទិសតាមជំហាននៃការសិក្សានីមួយៗដោយក្រុមការងារបច្ចេកទេស និងពិនិត្យសម្រេចដោយគណៈកម្មាធិការអន្តរស្ថាប័ន។ ផែនការមេនេះមានគោលដៅសំខាន់ៗចំនួន៣គឺ៖ ១. បំពេញប្រភពអគ្គិសនីឱ្យបានគ្រប់គ្រាន់ និងទាន់តាមកំណើននៃតម្រូវការអគ្គិសនីនាពេលអនាគត ជាមួយនឹងការផ្តល់ការផ្គត់ផ្គង់អគ្គិសនីមួយដែលអាចទុកចិត្តបាននិងមានថ្លៃសមរម្យ ២. ពង្រឹងសន្តិសុខថាមពលតាមរយៈការកាត់បន្ថយការពឹងផ្អែកលើការនាំចូលថាមពល និងបង្កើនការអភិវឌ្ឍប្រភពថាមពលក្នុងស្រុក ៣. បង្កើនការអភិវឌ្ឍថាមពលស្អាតរួមមានថាមពលកកើតឡើងវិញ និងថាមពលកកើតឡើងវិញប្រែប្រួល និងប្រសិទ្ធភាពថាមពលឱ្យបានជាអតិបរមាដោយរក្សាភាពអាចទុកចិត្តបាន និងតម្លៃសមរម្យ។

ដោយឡែក ឯកសារប្រសិទ្ធភាពថាមពលត្រូវបានផ្តួចផ្តើមគំនិតរៀបចំឡើងនៅឆ្នាំ២០១៩ ដែលគោលនយោបាយនេះបានកំណត់នូវគោលដៅប្រកបដោយមហិច្ឆតាក្នុងការកាត់បន្ថយការប្រើប្រាស់ថាមពលតាមរយៈវិធានការប្រសិទ្ធភាពថាមពលយ៉ាងតិចឱ្យបាន១៩% ត្រឹមឆ្នាំ២០៣០ ដោយធៀបនឹងសេណារីយ៉ូគ្មានវិធានការប្រសិទ្ធភាពថាមពល ឬសេណារីយ៉ូធុរកិច្ចធម្មតា។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានបានគូសបញ្ជាក់បន្ថែមថា ការដាក់ចេញនូវឯកសារគោលទាំងពីរនេះមិនត្រឹមតែជាជំហានដ៏ចាំបាច់សម្រាប់ឈានឆ្ពោះទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍វិស័យថាមពលនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដោះស្រាយបញ្ហាបរិស្ថានសកល ជាពិសេសការបំពុលបរិស្ថាន និងការប្រែប្រួលអាកាសធាតុដោយបំពេញបន្ថែមយ៉ាងល្អទៅលើគោលនយោបាយ ផែនការ និងយុទ្ធសាស្ត្រនានារបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញនាពេលកន្លងមក។

លោក អេនតូនី ហ្វីល ប្រធានស្តីទីប្រចាំប្រទេសរបស់ធនាគារអភិវឌ្ឍន៍អាស៊ី បានសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីឆ្ពោះទៅរកការផ្លាស់ប្តូរថាមពលដែលស្អាត និងបានបញ្ជាក់អំពីជំហគាំទ្ររបស់ធនាគារអភិវឌ្ឍន៍អាស៊ី លើគម្រោងអន្តរកាលថាមពលបន្តបន្ទាប់សម្រាប់កម្ពុជា រួមមាន ការពង្រឹងប្រព័ន្ធបណ្តាញបញ្ជូនថាមពលជាតិ ការពង្រីកនូវគម្រោងថាមពលដើរដោយពន្លឺព្រះអាទិត្យតាមរយៈភាពជាដៃគូររវាងវិស័យសារធារណៈ និងឯកជន និងការបង្កើនល្បឿននៃប្រើប្រាស់បច្ចេកវិទ្យាថ្មីៗដូចជាប្រព័ន្ធស្តុកទុកថាមពល ជាដើម៕

 

អត្ថបទដែលជាប់ទាក់ទង