សមត្ថកិច្ច តាមប្រមាញ់ ចោរលួចឡាន ជ្រុលចង្កូតទៅបុក របងទីស្នាក់ការកងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹង
ភ្នំពេញ៖ សមត្ថកិច្ចនគរបាល តាមប្រមាញ់ ចោរលួចឡាន
រហូតដល់ចំណុចស្ពាន៧មករា ព្រំប្រទល់ស្រុក កណ្តាលស្ទឹង ខេត្តកណ្តាល ក៏ជ្រុលចង្កូតទៅបុករបងទីស្នាក់ការកងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹង បណ្តាលឲ្យខូចខាត របងស្នាក់ការ ទើបឃាត់ខ្លួនបាន ។
នៅថ្ងៃ ទី ៩ ខែ តុលា ឆ្នាំ ២០១៨ វេលាម៉ោង២០÷៤៥នាទី នៅចំណុចក្នុងផ្ទះលេខ១៦អឺ ផ្លូវលំ ក្រុមទី៤ ភូមិ ទ្រា២ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ ឈៀក ពៅ ភេទ ប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិ ទ្រា២ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ ។
ជនរងគ្រោះឈ្មោះ សេង ស្រស់ ភេទ ប្រុស អាយុ ៥៩ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះលេខ១៦អឺ ផ្លូវលំ ក្រុមទី៤ ភូមិ ទ្រា២ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ យោធាជើងគោក ។ វត្ថុតាងដកហូត ៖ រថយន្ត០១គ្រឿងម៉ាកកាមរី(បាឡែន) ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2Y 8904 (ខូចខាតផ្នែកខាងមុខ) ជារបស់ជនរងគ្រោះឈ្មោះ សេង ស្រស់ ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី ៩ ខែ តុលា ឆ្នាំ ២០១៨ វេលាម៉ោង២០÷៤៥នាទី ជនរងគ្រោះឈ្មោះ សេង ស្រស់ បានយករថយន្ត០១គ្រឿងម៉ាកកាមរី(បាឡែន) ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Y 8904 ចតទុកនៅក្នុងរបងផ្ទះលេខ ១៦អឺ ផ្លូវលំ ក្រុមទី០៤ ភូមិ ទ្រា២ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌ មានជ័យ ។ ហើយបានចូលទៅអង្គុយលេងនៅក្នុងផ្ទះ ដោយបានទុកកូនសោរនៅជាប់រថយន្ត ពេលនោះជនសង្ស័យឈ្មោះ ឈៀក ពៅ បានដើរចូលមកធ្វើ សកម្មភាពលួចយករថយន្តម៉ាកកាមរី(បាឡែន) ពណ៌ស របស់ជនរងគ្រោះឈ្មោះ សេង ស្រស់ បើកគេចខ្លួន ។
ភ្លាមនោះជនរងគ្រោះឈ្មោះ សេង ស្រស់ បានជិះម៉ូតូដេញតាមពីក្រោយ និង បានទូរស័ព្ទរាយការណ៍ ប្រាប់កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ ឲ្យជួយអន្តរាគមន៍ដេញតាមចាប់ជនសង្ស័យ រហូតដល់ចំណុចរង្វង់មូលគួរស្រូវ ក្នុងខណ្ឌដង្កោ ជនសង្ស័យឈ្មោះ ឈៀក ពៅ បាន បើករថយន្តទៅបុកម៉ូតូអ្នកដំណើរ០១គ្រឿងម៉ាកសេ១២៥ ពណ៍ខ្មៅ បណ្តាលឲ្យខូចខាតទាំងស្រុង ហើយជនសង្ស័យឈ្មោះ ឈៀក ពៅ បានបើករថយន្តគេចខ្លួនបន្តរហូតដល់ចំណុចស្ពាន៧មករា ព្រំប្រទល់ស្រុក កណ្តាលស្ទឹង ខេត្តកណ្តាល ក៏ជ្រុលចង្កូតទៅបុករបង ទីស្នាក់ការកងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹង បណ្តាលឲ្យខូចខាត របងស្នាក់ការ និង ខូចខាតរថយន្តផ្នែកខាងមុខបើកបរលែងរួច ក៏ត្រូវកងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹងឃាត់ខ្លួនទុកតែម្តង ។
បច្ចុប្បន្ន រថយន្តរបស់ជនរងគ្រោះឈ្មោះ សេង ស្រស់ និង ជនសង្ស័យឈ្មោះ ឈៀក ពៅ ត្រូវបានកងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹង ឃាត់ទុកនៅក្នុងទីស្នាក់ការ ហើយបានប្រគល់មក អធិិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសុំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ៕