ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាសមាជិកក្រុមប្រឹក្សាឃុំស្ទឹងកាច់ ពីបទឆរបោកប្រាក់ចំនួន៨៩៥០០ដុល្លារ រឿងរត់ការចូលក្របខ័ណ្ឌជាមន្ត្រីនគរបាលជាតិ
ខេត្តប៉ៃលិន៖ សមាជិកក្រុមប្រឹក្សាឃុំម្នាក់ ត្រូវកម្លាំងសមត្ថកិច្ចនគរបាលឃាត់ខ្លួន ពាក់ព័ន្ធករណីឆបោកប្រាក់យកទៅរត់ការចូលក្របខ័ណ្ឌជាមន្ត្រីនគរបាលជាតិ ហើយបញ្ជូនជនសង្ស័យ ទៅអយ្យការអមសាលាដំបូងខេត្តប៉ៃលិន ដេីម្បីចាត់ការទៅតាមនិតិវិធីច្បាប់។
កាលពីវេលាម៉ោង៨:៣០នាទី ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ ការិរិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានទទួលជនសង្ស័យចំនួន១នាក់ ពីអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ មានឈ្មោះ អេង ឡុង ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ សមាជិកក្រុមប្រឹក្សាឃុំស្ទឹងកាច់ រស់នៅភូមិអូរបេង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ជនរងគ្រោះឈ្មោះ គង់ ស្រី ភេទស្រី អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេភូមិអូររអិល រស់នៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ក្រោយពីការសួរនាំជនសង្ស័យបានទទួលស្គាល់និងសារភាពថា ខ្លួនបានទទួលប្រាក់ពីឈ្មោះ គង់ ស្រីចំនួន ៨៩.៥០០$ (ប្រាំបីម៉ឺនប្រាំបួនពាន់ប្រាំរយដុល្លារសហរដ្ឋអាមេរិចគត់) ស្មើចំនួនៈ៤៩នាក់ដើម្បីរត់ការចូលក្របខ័ណ្ឌនគរបាលខេត្តប៉ៃលិន។ ចំពោះប្រាក់ទាំងនោះជនសង្ស័យបានយកទៅលេងល្បែង និងផឹកស៊ីអស់ហើយ។
បច្ចុប្បន្នជនសង្ស័យកំពុងធ្វើការឃាត់ខ្លួន នៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដើម្បីកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យ ទៅអយ្យការអមសាលាដំបូងខេត្តប៉ៃលិន ដេីម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕