ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់៖ ដឹកនាំគណៈប្រតិភូ ចូលរួមទិវាបុណ្យជាតិអារ៉ាប៊ីសាអូឌីតលើកទី៨៨ នៅក្រុងហាណូយ

92

ទីក្រុងហាណូយ៖ ដោយមានការឯកភាពជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី សំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា លោកឧកញ៉ា អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ដឹកនាំគណៈប្រតិភូ ចូលរួមទិវាបុណ្យជាតិអារ៉ាប៊ីសាអូឌីតលើកទី៨៨ នៅស្ថានទូតអារ៉ាប៊ីសាអូឌីត នៅទីក្រុងហាណូយ ប្រទេសវៀតណាម ដែលបានធ្វើឡើង នៅល្ងាចថ្ងៃ០១កើត ខែអស្សុជ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនិងទី១០ ខែតុលា ឆ្នាំ២០១៨ នៅសណ្ឋាគា Intercontinental ទីក្រុងហាណូយ ប្រទេសវៀតណាម។

គណៈប្រតិភូកម្ពុជា ត្រូវបានទទួលបដិសណ្ឋារកិច្ចស្វាគមន៍ ពីសំណាក់ ម្ចាស់ផ្ទះ លោក Mohammed F. N. Alshaklan ភារធារីស្ថានទូតអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាន នៅទីក្រុងហាណូយ ប្រទេសវៀតណាម ជាមួយបណ្តាអង្គទូត ភារធារី ប្រទេសនានាជាច្រើនទៀតដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ។ ក្នុងឱកាសនេះដែរ លោកភារធារី បានថ្លែងការកោតសរសើរ ចំពោះគណៈប្រតិភូកម្ពុជា ដែលបានផ្តល់កិត្តិយក្នុងការចូលរួមទិវាជាតិនេះ តបតាមការអញ្ជើញរបស់ស្ថានទូត ហើយចាត់ទុកការចូលរួមនេះ គឺជាការបង្ហាញពីទំនាក់ទំនងជិតស្និទ្ធទ្វេរភាគីរវាងប្រទេសទាំង២ កាន់តែប្រសើរថែមទៀត។ លោកភារធារី បានអបអរសាទរដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលទទួលបានជោគជ័យដ៏ធំធេង ក្នុងការបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រនីតិកាលទី៦ ដែលបានធ្វើឡើងកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។

លោកទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បានកោតសរសើរដល់ រាជរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ដែលជារៀងរាល់ឆ្នាំតែង តែបានសម្រួល កិច្ចការប្រារព្ធពិធីបុណ្យធម្មយាត្រាហាជ្ជរៀងរាល់ឆ្នាំ ដល់ប្រជាពលរដ្ឋខ្មែរ និងបានអនុគ្រោះកូតា មិនកំណត់ចំនួន អ្នកទៅបំពេញធម្មយាត្រាហាជ្ជពីព្រះរា ជាណាចក្រកម្ពុជា។ លោកក៏បានថ្លែងអំណរគុណផងដែរ ចំពោះការផ្តល់ អាហារូបករណ៍ដល់និស្សិតកម្ពុជា ជារៀងរាល់ឆ្នាំ និងការផ្តល់ជំនួយផ្សេងៗ ចូលរួមអភិវឌ្ឍន៍ធនធានមនុស្ស និង ការកាត់បន្ថយភាពក្រីក្រ ជាមួយរាជរដ្ឋាភិបាលកម្ពុជា៕
ដោយ៖ សំរិត

អត្ថបទដែលជាប់ទាក់ទង