សម្តេចតេជោ ហ៊ុន សែន៖ អគ្គមេបញ្ជាការរង ត្រូវមានផ្កាយ៤, លោកបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវដំឡើងផ្កាយ៤ តាំងពីឆ្នាំ២០១៨មកម្ល៉េះ តែលោកសុំមិនឱ្យដំឡើង
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ បានថ្លែងថា ឋានានុក្រមរបស់កងទ័ព ឋានៈអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទទាំងអស់ ត្រូវមានផ្កាយ៤ (នាយឧត្តមសេនីយ៍)។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិតវិទ្យាស្ថាន វ៉ាន់ដា សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា តាមគោលការណ៍ លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ត្រូវដំឡើងផ្កាយ៤ តាំងពីឆ្នាំ២០១៨មកម្ល៉េះ តែលោកសុំមិនឱ្យដំឡើង។
សូមជម្រាបថា ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិថ្នាក់ នាយឧត្តមសេនីយ៍ ដល់លោកបណ្ឌិត ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣៕