លទ្ធផលទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សហប្រធាននៃកិច្ចប្រជុំលើកទី២០ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
ភ្នំពេញ – តាមការអញ្ជើញរបស់ឯកឧត្តម ប៊ូយ ថាញ់សឺន រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងធ្វើជាសហប្រធានកិច្ចប្រជុំលើកទី២០ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ពីថ្ងៃទី២០-២២ ខែមីនា ឆ្នាំ២០២៣ នៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានចូលជួបសម្តែងការគួរសមដាច់ដោយឡែក និងបានពាំនាំការផ្ដាំផ្ញើការសួរសុខទុក្ខរបស់ថ្នាក់ដឹកនាំកម្ពុជាជូនចំពោះឯកឧត្តម វ៉ វ៉ាន់ធឿង ប្រធានរដ្ឋ និងឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ដែលបានរីកលូតលាស់កាន់តែរឹងមាំលើគ្រប់វិស័យ និងគ្រប់កម្រិត បើទោះបីជាមានបញ្ហាប្រឈមជាច្រើនដែលមិនធ្លាប់កើតឡើងពីមុនមក នៅក្នុងតំបន់ និងពិភពលោក។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានរំលឹកអំពីការប្រារព្ធឆ្នាំមិត្តភាព ស្របពេលដែលប្រទេសទាំងពីរអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥៥ នៃទំនាក់ទំនងការទូតកាលពីឆ្នាំមុន។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានគូសបញ្ជាក់ដែរថា ការផ្លាស់ប្ដូរទស្សនកិច្ច និងការប្រាស្រ័យទាក់ទងគ្នាជាញឹកញាប់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី ការជឿជាក់ទៅវិញទៅមក កិច្ចសហប្រតិបត្តិការគ្រប់វិស័យ និងស្ថិរភាពយូរអង្វែង។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរបក្សកុម្មុយនីស្ត រដ្ឋាភិបាល និងប្រជាជនវៀតណាម ចំពោះសមិទ្ធិផលដែលគួរឱ្យកត់សម្គាល់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩ ជាមួយនឹងកំណើនផលិតផលក្នុងស្រុកសរុបចំនួន ៨,០២% ដែលជាសន្ទុះដ៏លឿនបំផុតចាប់តាំងពីឆ្នាំ ១៩៩៧។
ថ្នាក់ដឹកនាំវៀតណាម បានកោតសរសើរចំពោះសមិទ្ធិផលសំខាន់ៗជាច្រើនដែលរដ្ឋាភិបាល និងប្រជាជនកម្ពុជាសម្រេចបានក្នុងរជ្ជកាលប្រកបដោយព្រះបញ្ញាញាណរបស់ព្រះមហាក្សត្រកម្ពុជា និងការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការអភិវឌ្ឍជាតិ និងស្តារឡើងវិញនូវសេដ្ឋកិច្ច-សង្គមក្រោយការរាតត្បាតនៃកូវីដ-១៩ ក៏ដូចជាភាពជោគជ័យដ៏ធំធេងក្នុងការធ្វើជាប្រធានអាស៊ានឆ្នាំ២០២២។ ថ្នាក់ដឹកនាំវៀតណាមក៏បានជូនពរកម្ពុជាឱ្យទទួលបានជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២។
ឯកឧត្តម ប្រាក់ សុខុន ក៏បានជួបប្រជុំទ្វេភាគីជាមួយឯកឧត្តម ប៊ូយ ថាញ់សឺន ដែលក្នុងឱកាសនោះ រដ្ឋមន្ត្រីការបរទេសទាំងពីរបានពិភាក្សាគ្នាលើទិដ្ឋភាពជាច្រើននៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងបានផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាប្រយោជន៍ និងក្ដីកង្វល់រួម។
នៅក្នុងអំឡុងពេលកិច្ចប្រជុំលើកទី២០ របស់គណៈកម្មាការចម្រុះកម្ពុជា-វៀតណាម ភាគីទាំងពីរបានពិនិត្យឡើងវិញនូវវឌ្ឍនភាពនៃការអនុវត្តកំណត់ហេតុកិច្ចប្រជុំលើកទី១៩ របស់គណៈកម្មាការចម្រុះ ដែលបានប្រព្រឹត្តទៅកាលពីខែធ្នូ ឆ្នាំ២០២១។ ភាគីទាំងពីរបានឯកភាពជំរុញឱ្យមានការផ្លាស់ប្តូរទស្សនកិច្ច និងកិច្ចប្រជុំរវាងថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ន និងអាជ្ញាធរមូលដ្ឋាននៃប្រទេសទាំងពីរ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រួមមានការអប់រំ និងការអភិវឌ្ឍធនធានមនុស្ស កសិកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ពាណិជ្ជកម្ម និងវិនិយោគ ដឹកជញ្ជូន ប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ វប្បធម៌ កីឡា និងទេសចរណ៍ បញ្ហាព្រំដែន ការពារជាតិ និងសន្តិសុខ ជាដើម។
ដោយវៀតណាមស្ថិតក្នុងចំណោមដៃគូពាណិជ្ជកម្មដ៏ធំបំផុតមួយរបស់កម្ពុជានៅក្នុងតំបន់ ភាគីទាំងពីរបានឯកភាពថាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគឺជាវិស័យអាទិភាពមួយនៅក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីរបស់ប្រទេសទាំងពីរ។ ទោះបីជាមានបញ្ហាប្រឈមដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ-១៩ក៏ដោយ ទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងគួរឲ្យកត់សម្គាល់រហូតដល់ ១០,៥៧ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២២ ដែលជាការកើនឡើង ១០,៨៨% បើធៀបនឹងឆ្នាំ ២០២១។
ដើម្បីរក្សានូវសន្ទុះកើនឡើងនេះ ភាគីទាំងពីរ បានឯកភាពធ្វើកិច្ចសហប្រតិបត្តិការ និងពន្លឿនការបញ្ចប់ផែនការមេ ស្តីពីការតភ្ជាប់សេដ្ឋកិច្ចកម្ពុជា-វៀតណាម ឆ្នាំ២០៣០ នៅក្នុងឆ្នាំនេះ។ ភាគីទាំងពីរបានឯកភាពអនុវត្តឲ្យមានប្រសិទ្ធភាពនូវអនុស្សរណៈនៃការយោគយល់គ្នា និងកិច្ចព្រមព្រៀងនានាដែលបានចុះហត្ថលេខារួច រួមទាំងកិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូនទំនិញឆ្លងកាត់រវាងកម្ពុជា និងវៀតណាម ព្រមទាំងបន្តធ្វើការសម្របសម្រួលដល់ទំនិញឆ្លងកាត់ក្រោមបទប្បញ្ញត្តិនៃកិច្ចព្រមព្រៀងទ្វេភាគី តំបន់ និងអន្តរជាតិ ដែលភាគីទាំងពីរជាភាគីនៃកិច្ចព្រមព្រៀងទាំងនោះ ជាពិសេសកិច្ចព្រមព្រៀងស្ដីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។
ចំពោះកិច្ចសហប្រតិបត្តិការវិនិយោគ ភាគីទាំងពីរបានលើកទឹកចិត្តឱ្យធុរជននានានៃប្រទេសទាំងពីរស្វែងរកកាលានុវត្តភាពបន្ថែមសម្រាប់ការអភិវឌ្ឍរួមនៅតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-វៀតណាមនៅក្នុងទឹកដីកម្ពុជាតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម។
ចំពោះវិស័យអប់រំ និងការអភិវឌ្ឍធនធានមនុស្ស ភាគីទាំងពីរបានឯកភាពអនុវត្តឲ្យមានប្រសិទ្ធភាពនូវអនុស្សរណៈនៃការព្រមព្រៀងគ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំសម្រាប់ឆ្នាំ ២០២១-២០២៥។ ភាគីវៀតណាមនឹងបន្តផ្ដល់អាហារូបករណ៍បន្ថែមដល់និស្សិតកម្ពុជាលើជំនាញ STI រួមមានវិស្វកម្មឧស្សាហកម្ម ព័ត៌មាន និងបច្ចេកវិទ្យាគមនាគមន៍ និង មេកាត្រូនិច ការអភិវឌ្ឍកម្មវិធី វិស្វកម្ម អេឡិចត្រូនិច រូបវិទ្យា វិទ្យាសាស្ត្រទិន្នន័យ គណិតវិទ្យា និងការអប់រំ STEM។
ចំពោះវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ភាគីទាំងពីរបានឯកភាពពង្រឹងកិច្ចសហ- ប្រតិបត្តិការលើវិធានការពង្រឹងអនាម័យ និងភូតគាមអនាម័យ ដើម្បីការពារការរីករាលដាលឆ្លងដែន នៃសត្វល្អិត និងជម្ងឺឆ្លង។ ភាគីទាំងពីរក៏បានឯកភាពអនុវត្តឲ្យមានប្រសិទ្ធភាពនូវអនុស្សរណៈនៃ ការយោគយល់គ្នារវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម លើកិច្ចសហប្រតិបត្តិ-ការវិស័យកសិកម្មដែលត្រូវបានចុះ ហត្ថលេខា នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២។
ចំពោះវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ កម្ពុជា និងវៀតណាមបានឯកភាពបង្កើតនូវយន្តការកិច្ចសហប្រតិបត្តិការទ្វេភាគីពាក់ព័ន្ធនឹងវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។
ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យសាធារណការ ភាគីវៀតណាមបានបញ្ជាក់ពីឆន្ទៈក្នុងការធ្វើការសិក្សាជាមួយកម្ពុជាអំពីលទ្ធភាពនៃការបង្កើតខ្សែររថភ្លើងភ្នំពេញ-បាវិត-ម៉ុកបាយ-ហូជីមិញ។ ភាគីវៀតណាមក៏បានឯកភាពធ្វើការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ដើម្បីកំណត់នូវចំណុចតភ្ជាប់នៃផ្លូវល្បឿនលឿនភ្នំពេញ-បាវិត-ម៉ុកបាយ-ហូជីមិញ។
ចំពោះកិច្ចសហប្រតិបត្តិការព័ត៌មាន និងបច្ចេកវិទ្យាគមនាគមន៍ ភាគីទាំងពីរឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទូរគមនាគមន៍ និងព័ត៌មាន និងបច្ចេកវិទ្យាគមនាគមន៍ រួមមាន អភិបាលកិច្ចតាមប្រព័ន្ធអ៊ីនធឺណែត សន្តិសុខព័ត៌មាន ហេដ្ឋារចនាសម្ព័ន្ធឌីជីថល បរិវត្តកម្មឌីជីថលឆ្ពោះទៅរដ្ឋាភិបាលឌីជីថល និងសេដ្ឋកិច្ចឌីជីថល។
ចំពោះកិច្ចសហប្រតិបត្តិការទេសចរណ៍ ប្រទេសទាំងពីរបានឯកភាពបន្តពង្រឹងការជំរុញទេសចរណ៍រួម និងសកម្មភាពទីផ្សារនានា និងជំរុញកញ្ចប់ទេសចរណ៍ខារ៉ាវ៉ាន និងកញ្ចប់ទេសចរណ៍បើកបរដោយខ្លួនឯង ជាមួយនឹងនីតិវិធីឆ្លងដែនមានភាពងាយស្រួល។
ចំពោះកិច្ចសហប្រតិបត្តិការការពារជាតិ ភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការ និងពង្រឹងទំនាក់ទំនងរវាងកងទ័ពកម្ពុជា និងវៀតណាម តាមរយៈការអនុវត្តពិធីសារ ស្ដីពីកិច្ចសហ-ប្រតិបត្តិការការពារជាតិទ្វេភាគីសម្រាប់ឆ្នាំ២០២០-២០២៤ ការផ្លាស់ប្ដូរទស្សនកិច្ចគ្រប់កម្រិត និងអាហារូបករណ៍ប្រចាំឆ្នាំ ដែលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងសន្តិសុខនៅក្នុងតំបន់ និងពិភពលោក។
នៅក្នុងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ ភាគីទាំងពីរបានឯកភាពពន្លឿនការសម្របសម្រួលក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឧក្រិដ្ឋកម្មនានា ឧក្រិដ្ឋកម្មគ្រឿងញៀន ការឆបោកពាណិជ្ជកម្ម ការលាងលុយកខ្វក់ ការជួញដូរមនុស្ស ការឆ្លងដែនខុសច្បាប់ ឧក្រិដ្ឋកម្មបច្ចេកវិទ្យា ការកាប់ព្រៃឈើ និងដឹកជញ្ជូនឈើខុសច្បាប់ ឧក្រិដ្ឋកម្មធនធានធម្មជាតិ ការនេសាទខុសច្បាប់ ការធ្វើពាណិជ្ជកម្មសត្វព្រៃខុសច្បាប់ ការជួញដូរគ្រឿងញៀន និងសារធាតុគីមី ការជួញដូរ និងការរត់ពន្ធអាវុធ និងគ្រឿងផ្ទុះ ព្រមទាំងឧក្រិដ្ឋកម្មឆ្លងដែននានា។
ភាគីទាំងពីរក៏បានពិភាក្សាយ៉ាងទូលំទូលាយអំពីកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនទៀតដូចជា បរិស្ថាន ធនធានទឹក និងធារាសាស្ត្រ រៀបចំដែនដី និងនគរូបនីយកម្ម និងសំណង់ ពន្ធគយ ឧស្សាហកម្ម និងសហគ្រាសធនតូចនិងមធ្យម ការបោះពុម្ភផ្សាយ សារព័ត៌មាន និងការផ្សព្វផ្សាយតាមវិទ្យុ និងទូរទស្សន៍ ហិរញ្ញវត្ថុ និងធនាគារ វប្បធម៌ និងកីឡា ការងារ និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ សង្គមកិច្ច និងការអភិវឌ្ឍ បញ្ហាព្រំដែន កំណត់ត្រា និងបណ្ណាសារ កិច្ចការជនជាតិ និងសាសនា ការពារជាតិ កិច្ចការច្បាប់ និងយុត្តិធម៌ អធិការកិច្ច កិច្ចការកុងស៊ុល និងប្រជាជននៅក្រៅប្រទេស កិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរមូលដ្ឋាន និងតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា-ឡាវ-វៀតណាម។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអញ្ជើញ ឯកឧត្តមរដ្ឋមន្រ្តីការបរទេស ប៊ូយ ថាញ់សឺន ធ្វើជាសហប្រធានកិច្ចប្រជំលើកទី២១ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម ដែលនឹងត្រូវវៀបចំនៅកម្ពុជា នៅឆ្នាំក្រោយ។
ទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងកិច្ចប្រជុំលើកទី២០ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម បានបញ្ចប់ទៅក្នុងបរិយាកាសស្និទ្ធស្នាល និងបានរួមចំណែកបន្តពង្រឹងទំនាក់ទំនងដ៏យូរអង្វែង ចំណងមិត្តភាព សាមគ្គីភាព ភាពជាអ្នកជិតខាងល្អ ការគោរពគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដើម្បីជាប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេសទាំងពីរ។
តាងនាមគណៈប្រតិភូកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋសង្គមនិយមវៀតណាមសម្រាប់ការស្វាគមន៍ យ៉ាងកក់ក្ដៅ និងការរៀបចំដ៏ល្អប្រសើរសម្រាប់ដំណើរទស្សនកិច្ចផ្លូវការ និងកិច្ចប្រជុំលើកទី២០ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម ។
នៅចុងបញ្ជប់នៃកិច្ចប្រជុំ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងឯកឧត្តម ប៊ូយ ថាញ់សឺន បានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំលើកទី២០ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា៕