ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម្ចាស់ពានទម្ងន់៦០គីឡូក្រាម តើ លន បញ្ញា ឬ លាប រដ្ឋា?

152

​ភ្នំពេញ: ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cement ទម្ងន់៦០គីឡូក្រាម ដែលបានចាប់ផ្ដើម ពីថ្ងៃទី៩មិថុនាមកនោះ ត្រូវប្រកួតផ្ដាច់ព្រ័ត្រ នៅថ្ងៃទី១៣តុលា ឆ្នាំ២០១៨នេះហើយ ។

​អ្នកប្រដាល់ប្រភេទទម្ងន់៦០គីឡូក្រាម ​ចំនួន៣២រូប មកពីសមាគម-ក្លិបចំនួន៣២ ទូទាំងប្រទេស ដែលបានឆ្លងកាត់ ការប្រកួតជម្រុះចំនួន៤វគ្គ ពេលនេះនៅសល់តែ៤រូបប៉ុណ្ណោះ ដែលក្នុងនោះ២រូប ប្រជែងគ្នាដណ្ដើមចំណាត់ថ្នាក់លេខ ៣ និង ២រូបទៀត ប្រជែងគ្នា ដណ្ដើមយកថានៈ ជាជើងឯក ។

​ឡុង រ៉ាមី ក្លិបខ្លារខិនមានរិទ្ធ ត្រូវប្រជែងគ្នាជាមួយលិញ ភារម្យក្លិបភារម្យគុនខ្មែរ ដណ្ដើមចំណាត់ថ្នាក់លេខ ៣ដែលលេខ៣បាន ១.០០០ដុល្លា ឯ អ្នកចាញ់បាន៥០០ដុល្លារ ។ ពួកគេសុទ្ធតែជាអ្នកចាញ់ នៅវគ្គបាក់កណ្ដាលផ្ដាច់ព្រ័ត្រដូចគ្នា ។ សម្រាប់រ៉ាមីនៅជុំទី១គេឈ្នះលី តឿនក្លិបម្កុដរាជសីហ៍ដោយពិន្ទុ នៅជុំទី២ឈ្នះឈាន រស្មីក្លិបខេត្តរតនគីរីដោយពិន្ទុ ជុំទីឈ្នះវុត្ថា លាន់លីញក្លិបអង្គរធំគុនខ្មែរដោយពិន្ទុ តែនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ គេចាញ់ពិន្ទុលាប រដ្ឋាមកពីក្លិបដីឡូតិ៍មានរិទ្ធ ខេត្តបន្ទាយមានជ័យ ។

ចំពោះ លីញ ភារម្យ ដែលគេជឿថា នឹងមានកៅអីនៅវគ្គផ្ដាច់ព្រ័ត្រនោះ នៅក្នុងការប្រកួតជម្រុះជុំទី១ឈ្នះ ប៉ូ វណ្ណសក្តិ ក្លិបអាណាចក្រប្រយុទ្ធខេត្តសៀមរាប នៅទឹកទី២ ជុំទី២ ឈ្នះកូយ ឡាយក្លិបទ័ពឆ័ត្រយោង៩១១ ដោយពិន្ទុជុំទី៣ ឈ្នះពុទ្ធ សំបូរក្លិបពុទ្ធ សេរីវង្សដោយពិន្ទុតែនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រគេចាញ់លន បញ្ញាសមាគមប្រដាល់ ក្រសួងការពារជាតិនៅទឹកទី៣ ។

​រវាងជើងខ្លាំងទាំង២នេះ មិនដឹងថា នរណាដណ្ដើមបាន ចំណាត់ថ្នាក់លេខ ៣ នោះទេ តែសម្រាប់អ្នកទស្សនា គេមានជំនឿចិត្តខ្លាំងលើលីញ ភារម្យ ។ ចំពោះគូប្រកួត ដណ្ដើមពានជើងឯកនោះ គឺជាការជួបគ្នារវាងលាប រដ្ឋាក្លិបដីឡូតិ៍មានរិទ្ធ ខេត្តបន្ទាយមានជ័យ ជាមួយជើងខ្លាំងលន បញ្ញាសមាគមប្រដាល់ ក្រសួងការពារជាតិ ។

​រដ្ឋាកាលប្រកួតជម្រុះជុំទី១ឈ្នះចាន់ រក្សាក្លិបអេភូថងកីឡាដោយពិន្ទុ ។ ជុំទី២ ប្រកួតឈ្នះម៉ន ព្រំម៉ាញក្លិបការិយាល័យទី៥ កងទ័ពជើងគោកដោយពិន្ទុ ជុំទី៣ឈ្នះកំពែង ខ្មៅសមាគមប្រដាល់ ក្រសួងកសិកម្មដោយពិន្ទុ និងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ឈ្នះឡុង រ៉ាមី ដោយពិន្ទុ ។

​ចំពោះបញ្ញាវិញកាលប្រកួតជម្រុះនៅជុំទី១ ឈ្នះនួន រ៉ាថេបក្លិបតាឯកដំបង ដែកមានរិទ្ធដោយពិន្ទុ ។ ជុំទី២ឈ្នះសេន កុសលក្លិបមោងឬស្សី មរតកគុនខ្មែរ​ ដោយពិន្ទុជុំទី៣ ឈ្នះម៉ឺន មេឃាក្លិបកងចក្រភ្នំតូច ដោយពិន្ទុ និង នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ឈ្នះលីញ ភារម្យ មុនស្នូរជួងបញ្ចប់ទឹកទី៣ ។

​អ្នកមិនទាន់ស្គាល់ចាញ់លន បញ្ញា និង លាប រដ្ឋា នរណាជាម្ចាស់ពាន ដែលមានរង្វាន់អម​ ចំនួន៤.០០០ដុល្លារនេះ ? សម្រាប់ជើងឯករងមានរង្វាន់២.០០០ដុល្លារ៕

អត្ថបទដែលជាប់ទាក់ទង