ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេច​តេ​ជោ ចារប៊ិកក្រហម លើ​លិខិត​អភិបាលខេត្ត​កណ្តាល​៖ អស់លោក​ លោភលន់​ពេក​

226

ភ្នំពេញ​៖ រឿងស្នើតែងតាំងអភិបាលខេត្ត​ថ្មីៈ សម្តេចតេជោនាយករដ្ឋមន្ត្រី ចារប៊ិចក្រហមស្តីបន្ទោសលោក អភិបាលខេត្តកណ្តាល “ប្រ​ញ៉ាប់ងាប់​ទៅណា​ បើ​ខេត្ត​មិនទាន់​បំបែក​ផង”។

បែកធ្លាយលិខិតលោក ម៉ៅ ភិ​រុណ អភិបាល​ខេត្ត​កណ្តាល ស្នើសុំតែងតាំងអភិបាលខេត្ត​ថ្មី បំបែក​ចេញពី​ខេត្ត​កណ្តាល​ តែត្រូវបានសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ចារសរសេរប៊ិចក្រហម។

លោក ម៉ៅ ភិ​រុណ បានធ្វើលិខិតស្នើទៅសម្តេចនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨។ ហើយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន បានសរសេរប៊ិចក្រហមចារលើលិខិតស្នើថា ” ប្រ​ញ៉ាប់ ងាប់​ទៅណា​ បើ​ខេត្ត​មិនទាន់​បំបែក​ផង បើ​នេះ បំបែក ក៏​មិន​ឲ្យ​ដែរ ពីព្រោះ​អស់លោក​លោភលន់​ពេក​”​។​

​នៅក្នុងលិខិតដាក់ជូនសម្តេចតឹជោ ហ៊ុន សែន គឺលោក ម៉ៅ ភិ​រុណ បានស្នើដាក់លោក នៃ ចារី ​អភិបាលរង​ខេត្តកណ្តាល ជាបេក្ខភាពអភិបាលខេត្តថ្មី ដែលបំបែកចេញពីខេត្តកណ្តាល។

សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន៖ លើ​ចំណារ​នោះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​សរសេរ​ផ្ទាល់ដៃ កាលពី​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៨ ថា “​ប្រ​ញ៉ាប់ ងាប់​ទៅណា​ -​បើ​ខេត្ត​មិនទាន់​បំបែក​ផង បើ​នេះ បំបែក ក៏​មិន​ឲ្យ​ដែរ ពីព្រោះ​អស់លោក​លោភលន់​ពេក​”​។​

កាលពីពេលថ្មីៗនេះ សម្តេចតេជោ បានបញ្ជាក់ថា ចាប់ពីពេលនេះតទៅគ្មានការបំបែកខេត្តកណ្តាល និងខេត្តមណ្ឌលគិរីទេ។

​ក្នុង​លិខិត​ចុះ​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៨ លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្តាល បាន​គោរព​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន ដោយ​អនុញ្ញាត​ស្នើសុំ លោក នៃ ចារី បច្ចុប្បន្ន​ជា​អភិបាលរង​ខេត្តកណ្តាល ជា​បេក្ខជន​អភិបាលខេត្ត​ថ្មី ដែល​បំបែក​ចេញពី​ខេត្តកណ្តាល​។

​តាម​លិខិត លោក នៃ ចារី សព្វថ្ងៃ ជា​អភិបាលរង​ខេត្តកណ្តាល និង​ជា​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​១ ក្របខណ្ឌ​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ ដែល​បាន​បម្រើ​ការងារ​អស់​រយៈពេល ៣០​ឆ្នាំ ជា​មន្ត្រី​នគរបាលជាតិ ស្នងការរង​នគរបាល​ខេត្តកណ្តាល ជា​អភិបាលរង​ខេត្តកណ្តាល ជា​អនុប្រធាននាយកដ្ឋាន​ក​ណ្តា​ល នគរបាល​យុត្តិធម៌ និង​ជា​អភិបាលរង​ខេត្តកណ្តាល​។​

កាលពីថ្ងៃទី៥តុលា ក្នុងពិធីប្រារព្ធទិវាគ្រូបង្រៀន សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានប្រកាសឈប់ចោលទាំងស្រុងនូវ​គម្រោង បង្កើត​ខេត្តថ្មី​ចំនួន២ ដែលគ្រោងកាត់ចេញពីខេត្តកណ្តាល និងខេត្តមណ្ឌលគិរី-រតនគិរី។ សម្តេចតេជោ ហ៊ុន សែន បា​នបញ្ជាក់ ថា ការប្រកាសឲ្យបញ្ឈប់ការសិក្សាបង្កើតខេត្តថ្មីនេះ ដោយសារ តែ ដំណឹង​សិក្សានេះត្រូវបា​នបែកធ្លាយ ខុសពីសិក្សាបង្កើតខេត្តត្បូងឃ្មុំកាល ពីអាណត្តិទី៥កន្លងទៅ។ ម្យ៉ាងទៀតការប្រកាសឈ​ប់ចោល គម្រោង​នៃការបង្កើតខេត្តថ្មីទាំង២នេះ ក៏ដោយសារតែមានមន្ត្រីមួយចំនួន បានរត់ការដើម្បីសុំតំណែងសម្រាប់ខេត្តថ្មី ដែល មិនទាន់បាន បង្កើតផង។

​សម្ដេចតេជោហ៊ុន សែន បានថ្លែងថា ”ខ្ញុំស្មានថាគេយកទៅសិក្សាស្ងាត់ៗ ដូចបង្កើតខេត្តត្បូងឃ្មុំ យ​កទៅបញ្ចេញទៅតែម្ដង ប្រហែលជា​ដូចមិនដល់២៤ម៉ោងផង បានវាកើតរឿង​ឥឡូវចប់ហើយ។ វាបានក្លាយទៅជាសាច់ជ្រូកបីជាន់ សម្រាប់មន្រ្តីខិលខូចទៅទៀត ហើយបើ​ខេត្តកណ្ដាល ទៅមួយគណបក្សតែម្ដង វាដោយឬទាំងអាគីមទៅទៀត។ សុំឲ្យលោកនេះទៅ កាន់ជាចៅហ្វាយខេត្ត អីចឹងទេខ្ញុំចារតែម្ដង ប្រញាប់ងាប់ទៅណា វាទៅជាឆ្កួតទាំងអស់អីចឹងទៅណា។ រពិសមែនតែម្ដងរហូត ដល់អ្នកខ្លះថាបង្កើតដល់៥ខេត្តឯណោះ”។

រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៥ ខែតុលាដដែលនេះ ក៏បានចេញ ស.ជ.ណ សម្រេចបញ្ឈប់កា​រ​សិក្សាស្រាវជ្រាវបង្កើត ខេត្តថ្មី ដែ​ល​គ្រោងបំបែកចេញពីខេត្តកណ្តាល និងខេត្តមណ្ឌលគិរី-រតនគិរី។ ស.ជ.ណ របស់រាជរដ្ឋាភិបាល​ ផ្ញើជូនសម្តេច ក្រឡា​ហោ​ម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា”ទីស្តីការគណៈរដ្ឋមន្ត្រី សូមជម្រាបជូន សម្តេចក្រឡាហោម ឧបនា​យក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជ្រាប ចំពោះករណីស្នើសុំបង្កើតថ្មីចំនួន២ ចេញពីខេត្តកណ្តាល ខេត្តមណ្ឌលគិរី និង ខេត្តរតនគិរី រាជ​រដ្ឋាភិបាលសម្រេច បញ្ឈប់ការសិក្សាស្រាវជ្រាវចាប់ពីពេលនេះតទៅ”៕

អត្ថបទដែលជាប់ទាក់ទង