ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចតេជោ ហ៊ុន សែន ស្វាគមន៍ចំពោះលោកបណ្ឌិត សាម អ៉ីន ដែលមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

48

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសពីការស្វាគមន៍ចំពោះលោកបណ្ឌិត សាម អ៉ីន ដែលមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោនឹងស្នើសុំព្រះមហាក្សត្រ ដើម្បីតែងតាំងលោកជារដ្ឋលេខាធិការក្រសួងបរិស្ថាន។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់នាថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣នេះថា មុននេះបន្តិចខ្ញុំបានទទួលលិខិតពីបណ្ឌិតសាម អុីនស្នើសុំចូលរួមជីវភាពជាមួយ
គណបក្សប្រជាជនកម្ពុជា។
ក្នុងនាមគណបក្សប្រជាជនកម្ពុជាខ្ញុំសូម
ស្វាគមន៍យ៉ាងកក់ក្តៅចំពោះបណ្ឌិត
សាម អុីនដើម្បីចូលរួមជាមួយគណបក្ស
ប្រជាជនកម្ពុជា។
ក្នុងនាមរាជរដ្ឋាភិបាលខ្ញុំនឹងស្នើសុំ
ព្រះរាជ្យក្រិត្យតែងតាំងបណ្ឌិតសាម អុីន
ជារដ្ឋលេខាធិការក្រសួងបរិស្ថានដើម្បី
ឲ្យស្របតាមជំនាញដែលគាត់មាននិងអាចធ្វើបាន។

បណ្ឌិត សាម អ៉ីន ប្រធានគណៈកម្មាធិការនាយកស្ដីទី គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣នេះ បានប្រកាសលាលែងពីតំណែង រួមទាំងសមាជិកភាព របស់គណបក្សនេះហើយ។

បើតាមលិខិតស្នើរបស់ លោកបណ្ឌិត សាម អ៉ីន ដាក់ជូន សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ដោយបានស្វែងយល់អំពីគោលនយោបាយចតុកោណបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចនាយករដ្ឋមន្ត្រី ជាពិសេសគោលនយោបាយទាក់ទងនឹងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបណ្ណ (ចតុកោណទី៤ នៃយុទ្ធសាស្រ្តចតុកោណ) និងការងាររបស់ក្រសួងបរិស្ថានលើការគ្រប់គ្រងតំបន់ ការពារធម្មជាតិទូទាំងប្រទេស រួមទាំងការងារជួយគាំទ្រសហគមន៍តំបន់ការពារធម្មជាតិ ដែលរួមចំណែក យ៉ាងសំខាន់ដល់កិច្ចការពារធនធានធម្មជាតិ និងការកាត់បន្ថយភាពក្រីក្រនៅតំបន់ជនបទដាច់ស្រយាល ធ្វើឱ្យលោកមានទឹកចិត្តចង់ចូលរួមជួយការងារក្រសួងបរិស្ថាន ដោយសារខ្ញុំបាទមានជំនាញ ចំណេះដឹង បទពិសោធន៍ និងភាពពេញចិត្តលើកិច្ចការងារនេះ។

លោកបានបញ្ជាក់បន្ថែមថា៖ «អាស្រ័យហេតុនេះ ខ្ញុំបាទសូមចូលរួមជីវភាពនយោបាយជាមួយ គណបក្សបជាជនកម្ពុជាដើម្បីទទួលបានឱកាសចូលបម្រើការងារជួយរាជរដ្ឋាភិបាល ក្នុងក្រសួងបរិស្ថាន រួមចំណែកលើការងារគាំទ្រ សហគមន៍តំបន់ការពារ ការអភិវឌ្ឍអេកូទេសចរណ៍ និងការគ្រប់គ្រងតំបន់ការពារធម្មជាតិ»។

លោកបណ្ឌិត សាម អ៉ីន បានសម្តែងនូវភាពរីករាយ និងថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចផ្តល់ឱកាសឱ្យរូបលោក បន្ទាប់ពីចាកចេញពីគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក លោក សាម អ៉ីន បានលើកឡើងដូច្នេះថា៖ «ក្រោយពីខ្ញុំបានផ្ញើរលិខិតសូមចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន និងផែនការចង់ចូលរួមជួយក្រសួងបរិស្ថាន សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្វាគមន៍ខ្ញុំយ៉ាងកក់ក្តៅ និងផ្តល់ឱកាសឱ្យខ្ញុំបានបម្រើការងារក្នុងក្រសួងបរិស្ថាន ជារដ្ឋលេខាធិការ ក្រោមការដឹកនាំរបស់ ឯ.ឧ សាយ សំអាល់ ជារដ្ឋមន្រ្តី»។

លោកបានបន្តថា៖ «ខ្ញុំរីករាយចំពោះការទទួលបានឱកាសដ៏ល្អនេះ និងត្រៀមខ្លួនចូលរួមជួយការងារក្រសួង ឱ្យអស់ពីកម្លាំងកាយចិត្ត និងសមត្ថភាពដែលមាន។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចនាយករដ្ឋមន្រ្តី និង ឯ.ឧ រដ្ឋមន្រ្តី ដែលផ្តល់ឱកាស និងការគាំទ្រចំពោះសំណើររបស់ខ្ញុំ។ ខ្ញុំយល់ថា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន លោកមានទឹកចិត្តដូចមហាសមុទ្រ ដែលទឹកអាចហូរចូលពីគ្រប់ច្រកល្ហក ហើយមិនធ្វើឱ្យទឹកសមុទ្រខូចគុណភាពទេ»៕

អត្ថបទដែលជាប់ទាក់ទង