ជនប្រដាប់អាវុធម្នាក់ បាញ់ប្រហារលើសមត្ថកិច្ច១០គ្រាប់ ត្រូវប្រជាការពារម្នាក់ របួសធ្ងន់ ពេលកំពុងប្រតិបត្តិការ បង្ក្រាបបទល្មើស ត្រូវចាប់ខ្លួន
ភ្នំពេញ៖ សមត្ថកិច្ចឃាត់ខ្លួនជនប្រដាប់អាវុធម្នាក់ ស្លៀកពាក់ស៊ីវិល ប្រដាប់ដោយកាំភ្លើងខ្លី មួយដើម បានបាញ់ប្រហារលើសមត្ថកិច្ច១០គ្រាប់ ទៅលើសមត្ថកិច្ចកំពុងដេញបង្ក្រាប ក្រុមក្មេងទំនើង រត់ចែកជើងគ្នាបាត់អស់ និងបណ្ដាលឲ្យប្រជាការពារម្នាក់ ត្រូវគ្រាប់កាំភ្លើងចំជើងស្តាំ រងរបួសធ្ងន់។ ហេតុការណ៍នេះ កើតឡើង កាលពីម៉ោងជិត១រំលងអធ្រាត្រ ឈានចូលថ្ងៃសុក្រ ទី១២ ខែតុលា ឆ្នាំ២០១៨នេះ នៅត្រង់ចំណុចទល់មុខផ្ទះល្វែងA4 ស្ថិតតាមផ្លូវបេតុង ភូមិគង្គារផុស ស្ថិតក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ ។
សមត្ថកិច្ចឱ្យដឹងថា៖ជនសង្ស័យដែលជាខ្មាន់កាំភ្លើង មានឈ្មោះ ឡាយ អ៊ីងឃីង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ មន្ត្រីអាវុធហត្ថលើផ្ទៃប្រទេស ស្នាក់នៅជិតកន្លែងកើតហេតុ។
តាមប្រភពពីសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី២ បានបញ្ជាក់ថា នៅមុនពេលកើតហេតុ កម្លាំងល្បាតប៉ុស្តិ៍នគរបាលទួលសង្កែទី២ សហការជាមួយកម្លាំងប្រជាការពារសង្កាត់ ឫស្សីកែវ បានចេញល្បាត ពួនស្ទាក់តាមភូមិសាស្ត្រនានា ក្នុងមូលដ្ឋា និងត្រៀមលក្ខណៈអន្តរាគមន៍ បង្ការ បង្ក្រាបបទល្មើស ចោរលួច ឆក់ ប្លន់ ផ្សេងៗ ដើម្បីរក្សាសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ខណៈពេលល្បាតមកដល់ចំណុចជិតរង្វង់មូលកាំខូស៊ីធី ក៏បានប្រទះឃើញក្រុមក្មេងទំនើង កំពុងវាយតប់គ្នា គ្រាន់តែឃើញសមត្ថកិច្ចភ្លាមក្រុមក្មេងទំនើងមួយក្រុមក៏បានឡើងជិះម៉ូតូ(មិនចាំម៉ាក)រត់គេចខ្លួន ភ្លាមនោះកម្លាំងបានជិះម៉ូតូប្រដេញតាម ចូលទៅតាមផ្លូវបេតុង(គ្មានលេខ) មុខផ្ទះល្វែងA4 ដែលជាកន្លែងកើតហេតុ ខាងលើ ស្ថិតក្នុងភូមិគង្គារផុស សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ កម្លាំងក៏បានឃាត់ម៉ូតូជនសង្ស័យបំរុងនិងធ្វើការឃាត់សុំឆែកឆេរ និងសួរនាំ ស្រាប់តែបុរសម្នាក់ស្លៀកពាក់ស៊ីវិល ហើយនៅក្នុងដៃមានកាន់កាំភ្លើងខ្លី១ដើម ម៉ាកឡុក (GLock) ពណ៌ខ្មៅ បានបាញ់ចំនួនមួយគ្រាប់ ក៏ផ្អើលសមត្ថកិច្ចនគរបាល ប្រាប់ឲ្យកម្លាំងពួនក្រាបរកកន្លែងមានសុវត្ថិភាពសិន និង រាយការណ៍តាមវិទ្យុទាក់ទង សុំកម្លាំងជួយអន្តរាគមន៍ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ។ ក្នុងឱកាសនោះសមត្ថកិច្ចកំពុងរកកន្លែងសុវត្ថិភាព ក្រុមក្មេងទំនើងទាំងនោះ បានឡើងជិះម៉ូតូរត់ចែកជើងគ្នាបាត់អស់ ។
ក្រោយមកជនស៊ីវិលរូបនោះ ក៏បានបាញ់បន្តទៀត បណ្ដាលឲ្យប្រជាការពារម្នាក់ ត្រូវគ្រាប់កាំភ្លើង១គ្រាប់ ចំជើងស្តាំរងរបួសធ្ងន់ផងដែរ សរុបចំនួន១០គ្រាប់បន្តបន្ទាប់គ្នា រហូតដល់សលតែមួយគ្រាប់ ទើបសមត្ថកិច្ចនគរបាល ប្រដាប់ដោយកាំភ្លើងAK បានស្ទុះចូលទៅភ្ជង់ជនស៊ីវិលប្រដាប់អាវុធនោះ រួចធ្វើការដកហូតកាំភ្លើងខ្លីមួយដើម យករក្សាទុកធ្វើជាវត្ថុតាង រួចវាយខ្នោះ រងចាំកម្លាំងមកយកទៅសាកសួរបន្ត នៅអធិការនគរបាលខណ្ឌឫស្សីកែវ ។ ចំណែកឯប្រជាការពារ ដែលត្រូវគ្រាប់កាំភ្លើងចំជើងនោះ ត្រូវបានរថយន្តគិលានសង្គ្រោះគ្លីនិកឯកជន រស្មី មកដឹកយកទៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីជួយសង្គ្រោះ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានរកឃើញសម្បកគ្រាប់ ចំនួន១០គ្រាប់។ ចំណែក ជនប្រដាប់អាវុធរួមទាំងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ច ឃាត់ខ្លួនយកទៅសាកសួរ និងឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីបន្តនីតិវិធី នៃច្បាប់នៅពេលក្រោយ៕