ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់មនុស្ស៣នាក់ដែលវាយ អ្នក​រត់​តាក់ស៊ី​ស្លាប់​ ក្រោយបង្កគ្រោះថ្នាក់ចរាចរ នៅ​ក្រុង​បា​វិត

243


ខេត្តស្វាយរៀង ៖ បើ​តាម​មន្ត្រី​នគ​បាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​ស្វាយរៀង បានឲ្យដឹងថាអំពើ​ឃាតកម្ម​លើ​អ្នក​រត់​តាក់ស៊ី​ ដែលក្រុមអ្នកផឹកស៊ីត្រួតគ្នាវាយ​រហូត​ដល់​ស្លាប់​ នៅ​ក្រុង​បា​វិត សមត្ថកិច្ចស្រាវជ្រាវចាប់បានជនសង្ស័យ​បាន​៣​នាក់ នៅ​ថ្ងៃ​ទី​១១ តុលា ២០១៨ មក​សាកសួរ​នៅ​ស្នងការ​នគ​បាល​ខេត្ត និងបានបញ្ជូនទៅតុលាការខេត្ត ដើម្បីចាត់ការតាមច្បាប់ ហើយនៅរសៀល ថ្ងៃ​ទី​១២ តុលា ២០១៨​នេះ​ លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្វាយរៀង​ បាន​ធ្វើការ​សាកសួរ​ បន្ត​តាម​នីតិវិធី​មិន​ទាន់​ដឹង​ថា ចោទប្រកាន់​ពី​បទ​អ្វី​នៅឡើយ​ទេ ។

សូមបញ្ជាក់ថា អ្នក​រត់​តាក់ស៊ី​ម្នាក់​ ត្រូវ​បាន​ក្រុមជនបង្កជាច្រើននាក់ព្រួត​វាយ​រហូត​ដល់​ស្លាប់​ ហើយ​អូស​សព​យក​ទៅ​ចោលកណ្តាលព្រៃដើមប្រេងខ្យល់ ដោយសារ​ជន​រង​គ្រោះ​ បើករ​ថយន្ត​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរបុកម៉ូតូមួយគ្រឿង បណ្តាល​ឲ្យ​បុរស​ម្នាក់​រង​របួស​ធ្ងន់ធ្ងរ​បាក់ជើង និង​បែកក្បាល​ធ្ងន់ធ្ងរ​ ។ បុរសរងគ្រោះបាបបើក​ម៉ូតូ​ចេញពី​កន្លែង​ផឹកស៊ី​ឆ្លងផ្លូវ ដោយខ្វះ​ការ​ប្រុង​ប្រយ័ត្ន ។

បើ​តាម​សមត្ថកិច្ច​បាន​បង្ហើប​ឲ្យ​ដឹង​ថា អ្នក​រត់​តាក់ស៊ី​ដែល​ត្រូវ​គេ​ប្រួត​វាយ​សម្លាប់​នោះ​ឈ្មោះ គុ​ជ សំ​អៀ​ត ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​(​អតីត​ជា​គ្រូ​សូត្រ ស្តាំ​វត្ត​ពេជ្រ​មន្ត្រី​២០០២ ដល់​២០០៦)​ មុខរបរ​រត់​តាក់ស៊ី មាន​ទីលំនៅ​ភូមិ​ពោធិ​វង្ស ឃុំ​ប្រសូតិ ស្រុក​ស្វាយ​ទាប ។ កាលពី​ថ្ងៃ​ទី​៨ តុលា ២០១៨ វេលា​ម៉ោង​ប្រមាណ​ជា​១០ និង​៣០​នាទី​យប់ មាន​ករណី​គ្រោះថ្នាក់​ចរាចរកើតឡើង​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ស្ថិត​នៅ​ភូមិក​ម្ពោ​ធលៀប សង្កាត់​ព្រៃ​អ​ង្គុ​ញ ក្រុង​បា​វិត រវាង​រថយន្ត​ម៉ាក​លុ​ច​ស៊ី​ស ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ​ភ្នំពេញ 2C- 3952 បើកបរ​ដោយ​ជន​រង​គ្រោះ​ឈ្មោះ គុ​ជ សំ​អៀ​ត ពី​ទិស​ខាង​លិចទៅ​កើត លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ ក៏​មាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ក្រហម ចេញពី​កន្លែង​ផឹកស៊ី បើក​ឆ្លងផ្លូវ​ពី​ត្បូង​ មក​ជើង​បត់​ឆ្វេង​ក៏​បុក​ពេញទំហឹង​ ចំពាក់​កណ្តាល​ម៉ូតូ បណ្តាល​ឲ្យ​រង​របួស​បាក់ជើង​បែកក្បាល​ធ្ងន់ធ្ងរ​ សន្លប់​នៅ​នឹង​កន្លែង​។

ខណៈនោះ​ អ្នក​រត់​តាក់ស៊ី​ មិន​បាន​បើក​រត់គេច​ទេ ពេល​នោះ​បាន​ឈប់​រថយន្ត ហើយ​ចុះ​ទៅ​គោលបំណង​ជួយ​លើក​ជន​រង​គ្រោះ ។ ស្រប​ពេល​នោះ​ ស្រាប់តែ​មិត្ត​ភ​ក្តិ និង​សាច់ញាតិ​ជន​រង​គ្រោះ នៅ​កន្លែង​ផឹកស៊ី​បាន​ចេញ​មក ហើយ​បាន​ដេញ​ព្រួត​គ្នា​វាយ​អ្នក​បើករថយន្ត​តាក់ស៊ី បណ្តាល​ឲ្យ​ស្លាប់​ រួច​អុស​សព​ជន​រង​គ្រោះ​ ទៅ​ចោល​ក្នុង​ព្រៃ​ដើម​ប្រេងខ្យល់ ចម្ងាយ​ប្រមាណ​១​គីឡូម៉ែត្រ​ពី​កន្លែង​កើតហេតុ ស្ថិត​នៅ​ភូមិ​គ​ម្ពោ​ធ​ជ្រូក សង្កាត់​ព្រៃ​អ​ង្គុ​ញ ក្រុង​បា​វិត ។

ក្រោយមក​ សមត្ថកិច្ច​នគ​បាល​សង្កាត់​ព្រៃ​អ​ង្គុ​ញ​ បាន​មក​ដល់​ឃើញ តែ​រថយន្ត និង​ម៉ូតូ​នៅ​ក​ណ្លា​ល​ថ្នល់ ។ រីឯ​ជន​រង​គ្រោះ​ឈ្មោះ សោម ម៉ា​ញ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​ជួសជុល​ទូរទស្សន៍​ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ត្រូវ​សាច់ញាតិ​ហៅ​រថយន្ត​សា​មុ​យ​ ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ប្រតិបត្តិ​ជី​ភូ ដោយ​ជន​រង​គ្រោះ​របួស​បាក់ជើង និង​បែកក្បាល​ធ្ងន់ធ្ងរ​ ត្រូវ​គ្រូពេទ្យ​បញ្ជូន​ទៅ​មន្ទីរពេទ្យ រាជធានី​ភ្នំពេញ ដើម្បី​សង្គ្រោះ ។

ចំណែក​រថយន្ត និង​ម៉ូតូ​ សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​សង្កាត់​ព្រៃ​អ​ង្គុ​ញ ដើម្បី​ដោះស្រាយ​តាម​ច្បាប់ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា មុន​ដំបូង​សមត្ថកិច្ច​ បាន​សន្និដ្ឋាន​ថា ក្រោយ​ពី​គ្រោះថ្នាក់​ចរាចរ អ្នកបើកបរ​រថយន្ត​រត់គេច​ខ្លួន សមត្ថកិច្ច​ ក៏​ធ្វើការ​ស្រាវជ្រាវ​រក​ម្ចាស់​រថយន្ត​ អ្នក​បង្ក​ឲ្យ​មក​ទទួលខុសត្រូវ ប៉ុន្តែ​នៅ​វេលា​ម៉ោង​២​និង​១៥​នាទី​រសៀល ថ្ងៃ​ទី​៩ តុលា ២០១៨ ប្រជាពលរដ្ឋ​ បាន​រាយការណ៍​ថា មាន​មនុស្ស​ដេក​ស្លាប់​នៅ​ក្នុង​ព្រៃ​ដើម​ប្រេងខ្យល់ នៅ​ភូមិ​គ​ម្ពោ​ធ​ជ្រូក សង្ស័យ​ជា​អំពើ​ឃាតកម្ម​ សមត្ថកិច្ច​ក៏​បាន​រាយការណ៍​ មក​លោកស្នងការ​នគ​បាល​ខេត្ត​ ចាត់​មន្ត្រី​ការិយាល័យ​បច្ចេកទេស ស្នងការដ្ឋាន​នគ​បាល​ខេត្ត​ សហការ​ជាមួយ​មន្ត្រី​សុខាភិបាល​ ចុះ​ទៅ​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច័យ​ធ្វើការ​សន្និដ្ឋាន​ថា ពិតជា​អំពើ​ឃាតកម្ម​ នៅ​កន្លែង​ផ្សេង ហើយ​យក​មក​ផ្លុ​ង​ចោល​នៅ​ទីនោះ គឺ​ជន​រង​គ្រោះ​ត្រូវ​ក្រុម​ជន​ដៃ ដល់​ចាប់​ជ្រមុជ​ក្នុង​ទឹក​ភក់ល្បាប់ បណ្តាល​ឲ្យ​ស្លាប់ ។បន្ទាប់​ពី​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​ ទើប​ដឹង​ថា សព​ជន​រង​គ្រោះជា​អ្នក​បើក​តាក់ស៊ី​ បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរ នៅ​ភូមិ​គ​ម្ពោ​ធលៀប​ ទើប​ធ្វើការ​ស្រាវជ្រាវ​បន្ត ដើម្បី​រក​ក្រុម​ឃាតក​រយក​មក​ផ្តន្ទាទោស​តាម​ច្បាប់​ ។

លោក​ទី កុសល ប្រធាន​ចំណត​តាក់ស៊ី​ក្រុង​បា​វិត​ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​( គុ​ជ សំ​អៀ​ត )​ បាន​រត់​តាក់ស៊ី​ដឹក​អ្នកដំណើរ​ ជា​ជនជាតិ​ចិន​ ពី​ភ្នំពេញ​ទៅ​កាស៊ីណូ​ នៅ​ក្រុង​បា​វិត លុះ​មក​ដល់​ម្តុំ​សង្កាត់​ព្រៃ​អ​ង្គុ​ញ ក្នុង​ម៉ោង​ប្រមាណ​ជា​១០​ជាង​ក៏​ជួប នឹង​គ្រោះថ្នាក់​ចរាចរ គឺ​ឡាន​របស់​គាត់​ បាន​បើក​ប៉ះ​ម៉ូតូ​ដែល​ចេញពី​កន្លែង​ផឹកស៊ី​មួយ​កន្លែង បណ្តាល​ឲ្យ​ម្ចាស់​ម៉ូតូ​បាក់ជើង​បែកក្បាល​រង​របួសធ្ងន់ ហើយ​ប្រហែលជា​គាត់​ ចុះ​ពី​ឡាន​មក ដើម្បី​ដោះស្រាយ ហើយ​ក៏​ត្រូវ​គ្នីគ្នា​របស់​អ្នក​ជន​រង​គ្រោះ​នោះ​វាយ​ធ្វើបាប​រហូត​បាត់​ខ្លួន​ ទាល់តែ​ដល់​រសៀល​ថ្ងៃ​ទី​៩ តុលា ២០១៨ ទើបបាន​រក​ឃើញ​ដេក​ស្លាប់​ នៅ​ចម្ការ​ប្រេងខ្យល់ ចម្ងាយ​ពី​កន្លែង​គ្រោះថ្នាក់​ប្រមាណ​ជា​១​គីឡូម៉ែត្រ ។ បន្ទាប់​ពី​សមត្ថកិច្ច​ពិនិត្យ​ធ្វើ​កោសល្យ​វិ​ច័យ​រួច​ បាន​ប្រគល់​សព​ឲ្យ​ក្រុម​គ្រួសារ​ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​ក្រុម​គ្រួសារ​សព​ បាន​អំពាវនាវ​សុំ​ឲ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​ ចាប់​ក្រុម​ជន​ដៃដល់​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ។

បើ​តាម​មន្ត្រី​នគ​បាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី​កុយ សុភាព ស្នងការ​រង​ នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​ស្វាយរៀង បាន​បើក​ការ​ស៊ើបអង្កេត​ រហូត​កំណត់​មុខសញ្ញា​ជនសង្ស័យ​បាន​៣​នាក់ នៅ​ថ្ងៃ​ទី​១១ តុលា ២០១៨ មក​សាកសួរ​នៅ​ស្នងការ​នគ​បាល​ខេត្ត ហើយបានបញ្ជូនទៅតុលាការ។

បើ​តាម​ប្រជាពលរដ្ឋ​បាន​បង្ហើប​ឲ្យ​ដឹង​ថា នៅ​កន្លែង​ផឹកស៊ី​មុន​កើតហេតុ​មាន​អ្នក​ផឹកស៊ី​ប្រមាណជា៨​នាក់ ពេល​កើតហេតុ​គ្រោះថ្នាក់​ចរាចរ ក្រុម​អ្នក​ផឹក​នោះ​ បាន​នាំ​គ្នា​ដេញ​តាម​វាយ​ជន​រង​គ្រោះ​រត់​ចូល​ទៅ​ក្នុងភូមិ​ ក៏​បាត់​ដំណឹង​ទៅ ។

រហូត​មក​ដល់​ថ្ងៃ​ទី​១២ តុលា ២០១៨​នេះ​ លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្វាយរៀង​ បាន​ធ្វើការ​សាកសួរ​បន្ត​តាម​នីតិវិធី​៕

អត្ថបទដែលជាប់ទាក់ទង