កម្ពុជាមិនអនុញ្ញាតឲ្យជួញដូរផលិតផលសត្វព្រៃ
អង់គ្លេស៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា កម្ពុជាមិនមែនជាប្រទេសដែលអនុញ្ញាតឲ្យមានការជួញដូរ ផលិតផលសត្វព្រៃ ស្របច្បាប់នោះទេ ហើយក៏មិនមែនជាប្រទេស ដែលមានតម្រូវការផលិតផលសត្វព្រៃ សម្រាប់ការប្រើប្រាស់ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃដែរ។
សម្តេចក្រឡាហោម បានថ្លែងក្នុងសន្និសីទ ស្ដីពីការជួញដូរសត្វព្រៃខុសច្បាប់លើកទី៤ នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះថា ការវិវឌ្ឍ នៃស្ថានភាពសកលលោក នាពេលបច្ចុប្បន្ននេះ ក៏បានរុញច្រានកម្ពុជាទៅជាប្រទេសឆ្លងកាត់សម្រាប់ឧក្រិដ្ឋជន ក្នុងការដឹកជញ្ជូន និងចរាចរណ៍ផលិតផលសត្វព្រៃខុសច្បាប់។ បទល្មើសជួញដូរសត្វព្រៃខុសច្បាប់មិនត្រឹមតែនាំមកនូវមហន្តរាយ ដល់និរន្តរភាពបរិស្ថាន និងធនធានធម្មជាតិនៃភពផែនដីប៉ុណ្ណោះទេ ប៉ុន្តែថវិកាដែលទទួលបានពីការប្រព្រឹត្តបទល្មើសនេះ ក៏បាននាំដល់ការបង្កើតនូវបញ្ហាដ៏ស្មុគស្មាញជាច្រើនក្នុងសង្គម និងសកលលោក ជាពិសេសបទល្មើសពាក់ព័ន្ធដទៃទៀត ដូចជា ការសម្អាតប្រាក់ អំពើភេរវកម្ម ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន ការជួញដូរអាវុធខុសច្បាប់។ល។
ក្នុងស្មារតីរួមចំណែក ដល់សន្និសីទប្រឆាំងការជួញដូរសត្វព្រៃខុសច្បាប់លើកទី៤នេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចក្រឡាហោម ស ខេង បានលើកពីការប្តេជ្ញាចិត្ត បន្តអនុវត្តនូវគោលការណ៍ និងវិធានការសំខាន់ៗមួយចំនួន ដែលរាជរដ្ឋាភិបាលកម្ពុជា និងសន្និសីទលើកទី៣ កន្លងមកបានដាក់ចេញដូចតទៅ៖
ទី១៖ បន្តកែលម្អលិខិតបទដ្ឋានគតិយុត្តដែលមានស្រាប់ តាមរយៈការធ្វើវិសោធនកម្ម និងការបង្កើតលិខិតបទដ្ឋានគតិយុត្តថ្មីៗ បន្ថែមតាមការចាំបាច់ ដើម្បីបម្រើដល់ការរៀបចំគោលនយោបាយគាំពារ និងការគ្រប់គ្រង ថែរក្សា អភិរក្សសត្វព្រៃ ឲ្យកាន់តែទទួលបានប្រសិទ្ធភាពខ្ពស់ សំដៅឆ្លើយតបជាក់ស្តែង ចំពោះស្ថានការណ៍វិវត្តជាសកលនៃការគ្រប់គ្រងធនធានធម្មជាតិ។
ទី២៖ បន្តពង្រឹងការអនុវត្តន៍ច្បាប់ឲ្យកាន់តែតឹងរឹង តាមរយៈការរឹតបន្តឹងការដាក់ទោសទណ្ឌ ឬការផ្តន្ទាទោស ចំពោះសកម្មភាពល្មើសច្បាប់ ពាក់ព័ន្ធនឹងការជួញដូរសត្វព្រៃខុសច្បាប់។
ទី៣៖ សហការកៀរគរការចូលរួមពីគ្រប់សមាសភាពពាក់ព័ន្ធទាំងនៅថ្នាក់ជាតិ និងអន្តរជាតិព្រមទាំង ស្ថាប័នរដ្ឋាភិបាល គ្រឹះស្ថានឯកជន អង្គការសង្គមស៊ីវិល ដៃគូពាក់ព័ន្ធជាតិ-អន្តរជាតិ។ល។ ដើម្បីចូលរួមអនុវត្ត និងប្រមូលផ្តុំការគាំទ្រក្នុងសកម្មភាពប្រយុទ្ធប្រឆាំងការជួញដូរសត្វព្រៃខុសច្បាប់នៅកម្ពុជា ក្នុងតំបន់ និងសកលលោក។
ទី៤៖ បន្តផ្សព្វផ្សាយបង្កើនការយល់ដឹង តាមរយៈការអប់រំណែនាំសាធារណជនទូទៅឲ្យយល់ដឹងអំពី តម្លៃ និងសារៈសំខាន់នៃធនធានធម្មជាតិ និងសត្វព្រៃ ដែលជាសមាសធាតុដ៏ចាំបាច់នៃប្រព័ន្ធអេកូឡូស៊ី សំដៅរួមគ្នាចូលរួមកាត់បន្ថយឲ្យបានជាអតិបរមានូវតម្រូវការទីផ្សារសត្វព្រៃ ដូចជា ការបរិភោគ ការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ និងការធ្វើពាណិជ្ជកម្មជាដើម។
និងទី៥៖ បន្តផ្សាភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ជាមួយស្ថាប័នអនុវត្តច្បាប់ ក្នុងការចែករំលែកបទពិសោធន៍ និងព័ត៌មាន ក្នុងកិច្ចប្រតិបត្តិការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជួញដូរសត្វព្រៃឆ្លងដែនគ្រប់ទម្រង់ ព្រមទាំងគាំទ្រគ្នាទៅវិញទៅមក លើការពង្រឹងសមត្ថភាពកងកម្លាំងអនុវត្តច្បាប់ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
តបតាមការអញ្ជើញរបស់រាជរដ្ឋាភិបាលចក្រភពអង់គ្លេស សម្តេចក្រឡាហោម ស ខេង បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អន្តរក្រសួងនៃរាជរដ្ឋាភិបាលកម្ពុជា ចូលរួមសន្និសិទលើកទី៤ ស្ដីពីពាណិជ្ជកម្មសត្វព្រៃខុសច្បាប់ ដែលនឹងប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី ១១-១២ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ដែលចូលរួម ពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល វិស័យឯកជន និងអង្គការ អន្តរជាតិ មកពីបណ្ដាតំបន់ នានាលើសកលលោក ។
សន្និសិទស្ដីពីការជួញដូរសត្វព្រៃខុសច្បាប់ ត្រូវបានប្រារព្ធធ្វើឡើង លើកដំបូងក្រោមគំនិតផ្ដួចផ្ដើមរបស់អង្គម្ចាស់ Charles នៃចក្រអង់គ្លេសកាលពីឆ្នាំ២០១៣ នៅទីក្រុងឡុងដ៍ ក្នុងគោលបំណងកៀរគរការចូលរួម ថែរក្សា និងអភិរក្សធនធានធម្មជាតិ ព្រមទាំងពង្រឹងការអនុវត្តន៍ ច្បាប់សំដៅការពារ និងទប់ស្កាត់ការធ្វើពាណិជ្ជកម្ម ខុសច្បាប់នូវសត្វព្រៃកម្រ និងផលិតផលសត្វព្រៃ ដូចជា ភ្លុកដំរី ស្នែង រមាស ជាដើម ។
ប្រធានបទសំខាន់មួយក្នុងប្រធានបទសំខាន់ដែលនឹងត្រូវលើកយកមកពិភាក្សា នៅក្នុងសន្និសីទ លើកទី៤ គឺពាក់ព័ន្ធទៅនឹងឥទ្ធិពលវិសាលភាពនៃ បទល្មើសជួញដូរ សត្វព្រៃខុសច្បាប់ ដោយថវិកាដែលបានមកពីកាជួញដូរខុសច្បាប់ ក៏បាននាំទៅដល់ការប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរមានអង្គការ ចាត់តាំងដទៃទៀត ដូចជាការសម្អាតប្រាក់អំពើភេវរកម្ម ការជួញដូរមនុស្ស ការជួញដូរអាវុធខុសច្បាប់ ។ល។
ក្នុងន័យនេះ សន្និសីទលើកទី៤ ស្ដីពីការជួញដូរសត្វព្រៃខុសច្បាប់ មិនត្រឹមតែ ជាវេទិកាគាំពារ ដល់និរន្តភាព បរិស្ថាន និងធនធានធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែគឺជាឱកាសក្នុងការបង្កើតសម្ព័ន្ធភាព ជិតស្និទ ដើម្បីរួមគ្នាការពាររឹងមាំ នូវសន្តិសុខនៅក្នុងប្រទេស តំបន់ និងសកលលោក ដែលសន្តិសុខ និងសន្តិភាព គឺជាមូលដ្ឋាន គ្រឹះដ៏ចាំបាច់បម្រើដល់ការអភិវឌ្ឍន៍សង្គមប្រកបដោយចីរភាព៕