តុលាការឃុំខ្លួន អ្នកគួកជេដីម្នាក់ ប្រើល្បិចឆបោកប្រាក់ពីជនរងគ្រោះ ដើម្បីរត់ការចូលក្របខ័ណ្ឌ
រាជធានីភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនបុរសម្នាក់ ដែលជាអ្នករកស៊ីគួកជេដី និងជាអ្នកបើកបររថយន្ត ខណៈគ្រាន់តែបានថតរូបក្បែរឯកឧត្តមមេបញ្ជាការកងទ័ពជើងគោក ក៏ក្លែងបន្លំខ្លួនធ្វើផ្កាយពីរ រួចដើរបោកលុយគេចូលក្របខណ្ឌ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ដោយរង់ចាំបើកសវនាការផ្តន្ទាទោសតាមច្បាប់ជាធរមាន ។
បុរសខាងលើរូបនោះមានឈ្មោះ ផន ច័ន្ទផានិត អាយុ៤២ឆ្នាំ មុខរបរបើកបររថយន្ត និងជាអ្នករកស៊ីគួកជេដី មានទីលំនៅមុនឃាត់ខ្លួន ស្នាក់នៅផ្ទះលេខ៦បេ ផ្លូវបេតុង ស្ថិតក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមដីកាបង្គាប់ឲ្យឃុំខ្លួនរបស់លោកស្រី ទិត ដាលីន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ជននេះត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ.ឆបោ.ក កាន់កា.ប់អាវុធដោយគ្មានការអនុញ្ញាត ក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង ដែលប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២២ រហូតមកដល់បច្ចុប្បន្ន បទល្មើសព្រហ្មទណ្ឌនេះ មានចែងឲ្យផ្តន្ទាទោសតាមបញ្ញាតិមាត្រា៣៧៧ មាត្រា៣៧៨ មាត្រា៦២៩ មាត្រា៦៣០ និងមាត្រា៤៩០ នៃក្រមព្រហ្មទណ្ឌ។
សូមជម្រាបថា កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញបានទទួលពាក្យបណ្តឹងពីជនរងគ្រោះម្នាក់សុំប្តឹងឈ្មោះ ផន ច័ន្ទផានិត ពាក់ព័ន្ធករណីឆបោ.ក និងក្លែងឯកសារសារធារណៈ ដោយជនសង្ស័យរូបនេះអះអាងចំពោះមុខជនរងគ្រោះថា ខ្លួនពាក់ស័ក្តិឧត្តមសេនីយ៍ទោ ជាដៃស្តាំឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក ហើយអាចជួយឲ្យជនរងគ្រោះចូលក្របខ័ណ្ឌបាន តែត្រូវប្រគល់ប្រាក់ចំនួន ១០ ០០០ ដុល្លារអាមេរិក។ ពេលនោះជនសង្ស័យក៏បានបង្ហាញរូបថតដែលខ្លួនថតជាមួយឯកឧត្តម ហ៊ុន ម៉ាណែត និងថតជាមួយថ្នាក់ដឹកនាំផ្សេងទៀតទៅឱ្យជនរងគ្រោះមើល ទើបធ្វើឲ្យជនរងគ្រោះមានការជឿទុកចិត្ត ព្រមប្រគល់ប្រាក់ជាដំណាក់កាលឲ្យទៅជនសង្ស័យ ដើម្បីរត់ការចូលក្របខ័ណ្ឌ។
ហើយជនសង្ស័យបានឲ្យជនរងគ្រោះផ្ញើប្រវត្តិរូបផ្ទាល់ខ្លួន រូបថត និងឯកសារផ្សេងៗ ដើម្បីបំពេញបែបបទបញ្ចូលក្របខ័ណ្ឌ ។ បន្ទាប់មក ជនសង្ស័យក៏ប្រគល់អត្តសញ្ញាណប័ណ្ណកងទ័ព និងលិខិតបញ្ជាបេសកកម្មទៅឱ្យជនរងគ្រោះប្រើប្រាស់ ។ លុះក្រោយមកទៀត ជនរងគ្រោះបានសួររកប្រាក់ខែរដ្ឋ អង្គភាព និងមេកើយ ស្រាប់តែជនសង្ស័យប្រាប់ថា ចាំសួរថ្នាក់លើឲ្យ និងរកលេសដោះសាររហូត ទើបជនរងគ្រោះដឹងថា ខ្លួនត្រូវបានចាញ់បោ.កគេ ក៏ដាក់ពាក្យបណ្តឹងនៅកងរាជអាវុធហត្ថរាជធានីភ្នំពេញតែម្តង។
បន្ទាប់ពីទទួលបណ្តឹងនោះភ្លាម កម្លាំងសមត្ថកិច្ចជំនាញកងរាជអាវុធហត្ថភ្នំពេញ ក៏បើកការ ស្រាវជ្រាវជាបន្ទាន់ និងឈានទៅធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ផន ច័ន្ទផានិត នៅចំណុចមុខផ្សារបុរីពិភពថ្មីកំបូល៣ ស្ថិតក្នុងភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល រួចនាំទៅសាកសួរ។ នៅទីបំផុត ជនសង្ស័យរូបនេះ មានមុខរបរត្រឹមតែជាអ្នកគួកជេដី និងជាតៃកុងឡានតែប៉ុណ្ណោះ ពុំមែនពាក់ផ្កាយពីរដូចការអួតអាងនោះទេ ហើយនៅពេលឃាត់ខ្លួន សមត្ថកិច្ចក៏ចាប់យកអាវុធខ្លីកែច្នៃ១ដើមពុំមានម៉ាក និងឯកសារក្លែងមួយចំនួនផងដែរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើនេះ សារភាពថា « ខ្លួនពិតជាបានទទួលប្រាក់ពីជនរងគ្រោះ ដើម្បីរត់ការចូលក្របខ័ណ្ណពិតប្រាកដមែន ដែលការរត់ការចូលក្របខ័ណ្ឌនោះ គឺខ្លួនបានក្លែងឯកសារទាំងអស់ប្រគល់ឲ្យជនរងគ្រោះ និងទើបទទួលប្រាក់ពីជនរងគ្រោះតែ ៨ ០០០ ដុល្លារអាមេរិកប៉ុណ្ណោះទេ »។
សូមជម្រាបទៀតថា ករណីដែលកើតឡើងខាងលើនេះ គឺដូចគ្នាទៅនឹងប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលធ្លាប់បានចែករំលែកនៅក្នុងផេកផ្ទាល់ខ្លួនរបស់ឯកឧត្តមថា « បញ្ហាមួយដែលបានកើតឡើងជារឿយៗ ជាច្រើនឆ្នាំមកហើយ គឺការឆ្លៀតឱកាសប្រើប្រាស់ឈ្មោះរបស់ឥស្សរជនសំខាន់ៗ (រួមទាំងរូបខ្ញុំផ្ទាល់) ពីសំណាក់បុគ្គលមួយចំនួន ដើម្បីប្រព្រឹត្តនូវអំពើមិនល្អ ដែលពេលខ្លះធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធិ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋដទៃទៀត យើងត្រូវព្យាយាមរួមគ្នាលុបបំបាត់ទង្វើខ្វះភាពសុចរិតបែបនេះ »។
ជាពិសេស ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ធ្លាប់មានប្រសាសន៍ទៀតថា «ឯកឧត្តម ថតសែលហ្វីជាមួយមនុស្សរាប់ពាន់នាក់ រាប់រយនាក់ តែអ្នកខ្លះបានរូបថតជាមួយឯកឧត្តមមួយប៉ុស្តិ៍ ក៏ដើរធ្វើបា.បគេ ប្រព្រឹត្តអំពើខុសឆ្គង ដោយភូតកុហកថា ជាជំនួយការរបស់ឯកឧត្តម ដើរចាប់យកដី ដែលមនុស្សបែបនេះត្រូវតែចាប់ខ្លួនភ្លាមៗ។ ពីណាដែលយកឈ្មោះឯកឧត្តមទៅប្រើ ទោះជាជំនួយការឯកឧត្តម ឬអ្វីក៏ដោយ ឲ្យតែធ្វើខុសច្បាប់ គឺចាប់ទៅ មិនបាច់សួរយោបល់ទេ ហើយបើប្រាប់ឯកឧត្តម គឺឯកឧត្តម ប្តឹងថែមពីលើទៀត»។
ដូច្នេះតាមរយៈសារដ៏មានតម្លៃរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ខាងលើនេះ គឺជាជំនួយស្មារតីក្នុងការដាស់តឿនដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសារធារណជនទូទៅ ត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់ កុំឲ្យចាញ់បោ.កជនទុច្ចរិត ដោយត្រឹមតែឃើញរូបថតដែលថតជាមួយថ្នាក់ដឹកនាំ ឬឥស្សរជនសំខាន់ណាមួយឲ្យសោះ៕