សម្តេចនាយករដ្ឋមន្រ្តី ប្រកាសស្វាគមន៍ប្រសិនបើមានបុរសនារី ដែលបានស្គាល់គ្នាតាមរថយន្តក្រុងពេលនោះ អញ្ជើញសម្តេច នៅពេលរៀបការ
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា មានពលរដ្ឋខ្មែរ៥ម៉ឺននាក់ បានជិះរថយន្តក្រុងសាធារណៈរបស់ សាលារាជធានីភ្នំពេញដោយ មិនគិតថ្លៃ ឱកាសបុណ្យចូលឆ្នាំថ្មី ហើយបានកសាងអនុស្សាវរីយ៍ជាមួយគ្នា ហើយសម្តេចស្វាគមន៍ប្រសិនបើមានបុរសនារី ដែលបានស្គាល់គ្នាតាមរថយន្តក្រុងពេលនោះ អញ្ជើញសម្តេច នៅពេលរៀបការ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ធ្វើជាមេដឹកនាំគេ ខ្ញុំមិនមែនចាត់ទុកប្រជាជនជាកូនជាចៅខ្ញុំនោះទេ ខ្ញុំការពារថែរក្សាពួកគេដូចជាឪពុកម្តាយរបស់ខ្ញុំ។
នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នៅក្នុងពិធីសម្ពោធអគារសម្ភព មន្ទីរពេទ្យកុមារជាតិ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណ ដល់អាជ្ញាធរខេត្ត ក្រុង គ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងតាមទីកន្លែងផ្សេងៗ ក៏ដូចជាទីអារាមនានា ដែលបានយកចិត្តទុកដាក់ ការពាររក្សាសន្តិសុខសណ្ដាប់ធ្នាប់បានយ៉ាងល្អ ជូនដល់ប្រជាពលរដ្ឋ បានសប្បាយរីករាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងយ៉ាងដូច្នេះថា “ខ្ញុំនិយាយថាប្រជាជនប្រម៉ាណ៥ម៉ឺននាក់បានជិះរថយន្តក្រុង ដែលរៀបចំដោយសាលារាជធានីភ្នំពេញ ក្នុងពេលចូលឆ្នាំកន្លងមក។ (និយាយព្រឹកម៉ិញក្នុងពិធីសម្ពោធអាគារសម្ភពនៃមន្ទីរ
ពេទ្យកុមារជាតិ 20/4/2023)។ ពេលនោះ ខ្ញុំបានលើកឡើងថា ប្រជាជនបានស្គាល់គ្នាលើឡានក្រុង និងដែលអាចមានកម្លោះ ក្រមុំស្គាល់គ្នាផងដែរ និងប្រសិនបើរៀបការសូមប្រាប់ខ្ញុំផង។ ដើម្បីជាចំណងដៃសម្រាប់ក្រមុំកម្លោះទាំងឡាយដែលស្គាល់គ្នាលើឡានក្រុង សូមស្តាប់បទ (ចន្ទរះលើរថយន្តក្រុង)។ ចំហាយសប្បាយនៅសល់ពីចូលឆ្នាំជាមួយសមិទ្ធិផលថ្មីក្នុងឆ្នាំថ្មី៕