ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រីក្រសួងអប់រំ ៖ កិច្ចប្រជុំស្តីពីការអនុវត្តកម្មវិធី បំណិនជីវិតតាមមូលដ្ឋាននៅកម្រិតបឋមសិក្សា និងមធ្យមសិក្សា

60

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកិច្ចប្រជុំស្តីពី ការអនុវត្តកម្មវិធីបំណិនជីវិតតាមមូលដ្ឋាន នៅកម្រិតបឋមសិក្សា និងមធ្យមសិក្សា ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាគណៈកម្មការគ្រប់គ្រង និងគណៈកម្មការបច្ចេកទេស ព្រមទាំងតំណាងអង្គការដៃគូ អភិវឌ្ឍពាក់ព័ន្ធ។

កិច្ចប្រជុំនេះបានពិភាក្សាទៅលើការអនុវត្តកម្មវិធីបំណិនជីវិតនៅតាមមូលដ្ឋាន នៅកម្រិតបឋមសិក្សា មធ្យមសិក្សា និងមានការធ្វើបទបង្ហាញពីការអនុវត្តកម្មវិធីបំណិនជីវិត សម្រាប់សិស្សស្រីពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២ ដែលបង្រៀនដោយ បុគ្គលិកអង្គការរួមធូរីដ ក្នុងភាពជាដៃគូជាមួយសាលារៀន រួមមាន៖ ជំនាញជឿជាក់លើខ្លួនឯង ជំនាញការគ្រប់គ្រងអារម្មណ៍ ជំនាញការដោះស្រាយបញ្ហា និងជំនាញទំនាក់ទំនង។

ក្រសួងអប់រំ យុវជន និងកីឡា បានបង្កើតគណៈកម្មការគ្រប់គ្រង ដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី និងគណៈកម្មការបច្ចេកទេសដឹកនាំដោយឯកឧត្តម អគ្គនាយក នៃអគ្គនាយកដ្ឋានអប់រំ សម្របសម្រួលដោយនាយកដ្ឋានបឋមសិក្សា ដើម្បីរៀបចំសេចក្ដីណែនាំអនុវត្តកម្មវិធី ដោយពិនិត្យមើលឯកសារដែលមានស្រាប់ គំរូ និងបទពិសោធន៍ការអនុវត្តរបស់ដៃគូផ្សេងៗ ធ្វើសង្គត់ភាពនឹងប្រព័ន្ធដែលមានស្រាប់។

ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ថា ត្រូវស្រង់គំនិតសំខាន់ៗ នៅក្នុងសៀវភៅរួមមួយ ដែលជាសៀវភៅណែនាំ ឬក៏ជាវិធីសាស្រ្តបង្រៀន ផ្ដោតទៅលើបញ្ហាក្នុងការលើកកម្ពស់បំណិនជីវិត សតវត្សរ៍ទី២១ ហើយជ្រើសរើសជាប្រធានបទក្នុងការយកទៅអនុវត្តបំណិនជីវិតនៅតាមមូលដ្ឋានឲ្យបានសមស្រប៕

អត្ថបទដែលជាប់ទាក់ទង