ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចតេជោ អំពាវនាវដល់គ្រូពេទ្យបន្តខិតខំពង្រឹងក្រមសីលធម៌ វិជ្ជាជីវៈគ្រូពេទ្យ រួមនឹងការខិតខំពង្រឹងសមត្ថភាពខាងផ្នែកបច្ចេកទេស

40

 

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ក្រុមគ្រូពេទ្យកម្ពុជា នឹងខិតខំជួយធ្វើឱ្យវិស័យសុខាភិបាលរបស់យើង កាន់តែល្អប្រសើរ។ នៅព្រឹក ថ្ងៃព្រហស្បតិ៍​ ទី២០ ខែមេសា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារសម្ភព ស្ថិតនៅក្នុងបរិវេណនៃមន្ទីរពេទ្យកុមារជាតិ។

សម្ដេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញមកសម្ពោធដាក់ឲ្យប្រើប្រាស់អាគារសម្ភពនៃមន្ទីរពេទ្យកុមារជាតិ នាថ្ងៃនេះ។
សម្តេចតេជោបានមានប្រសាសន៍ថា ទោះកម្ពុជា ក្នុងឆ្នាំ២០២០-២០២១ កំពុងរងគ្រោះដោយវិបត្តិកូវីដ-១៩យ៉ាងធ្ងន់ធ្ងរម្តេចក្តី តែកម្ពុជាមិនបញ្ឈប់ដំណើរការ នៃការអភិវឌ្ឍហេដ្ឋានរចនាសម្ព័ន្ធនោះទេ ក្នុងនោះរួមមាន៖ ផ្លូវជាច្រើនខ្សែនៅព្រះសីហនុ, ខេត្តសៀមរាប និងអគារមន្ទីរពេទ្យ រួមទាំងហេដ្ឋារចនាសម្ព័ន្ធជាច្រើន។

នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអបអរសាទរ ដែលកម្ពុជាបានដំណើរការ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ប្រកបដោយជោគជ័យ និងសប្បាយរីករាយ ព្រមទាំងជូនពរដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសប្រកបសុខភាពល្អ និងរីកចម្រើន។សម្ដេចតេជោបានមានប្រសាសន៍រំលឹកថា កាលពី៤៨ ឆ្នាំមុន ប្រជាពលរដ្ឋកំពុងតែឃ្លាតចាកឆ្ងាយចេញពីគ្រួសារពីរាជធានីភ្នំពេញ ដោយសារតែសង្រ្គាម ប៉ុន្ដែ៤៨ឆ្នាំក្រោយនេះ ប្រជាពលរដ្ឋកំពុងតែរីករាយជាមួយសន្ដិភាព សប្បាយរីករាយក្នុងឱកាសចូលឆ្នាំថ្មី រហូតដល់ជាង ១៣លាននាក់នៅទូទាំងប្រទេស។
សម្តេចតេជោក៏បានរំលឹកពីគ្រាដ៏លំបាក ដែលកម្ពុជារងគ្រោះដោយវិបត្តិកូវីដ-១៩ ដែលកាលណោះវិធានការជាច្រើនត្រូវបានដាក់ចេញ ក្នុងនោះក៏មានត្រៀមក្តារមឈូស, មេន ផងដែរ ដែលកាលណោះមានការរិះគន់ វាយប្រហារ ពីក្រុមអគតិមួយក្តាប់តូចនៅក្រៅប្រទេស។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់ថា ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅស្រុកកំណើត នាពេលចូលឆ្នាំខ្មែរ និងដើម្បីកុំឱ្យក្រុមរថយន្តក្រុងមួយចំនួនរកស៊ី ឆ្លៀតឱកាសកេងចំណេញពីប្រជាពលរដ្ឋ សម្ដេចអនុញ្ញាតដាក់ឱ្យមានការផ្ដល់រថយន្តក្រុងដឹកពលរដ្ឋទៅស្រុកកំណើតក្នុងឱកាសពិធីនេះ។
សម្ដេចតេជោក៏បានថ្លែងអំណរគុណដល់អភិបាលរាជធានីភ្នំពេញ ដែលបានផ្ដល់រថយន្តក្រុងដឹកពលរដ្ឋជាង៥ម៉ឺននាក់ ទៅស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលបានថ្លែងកោតសរសើរទៅកាន់អាជ្ញាធររាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ អាជ្ញាធរមូលដ្ឋាន កងកម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ក៏ដូចជាទីវត្តអារាម និងកន្លែងនានាដែលបានចាត់ចែងរៀបចំកម្មវិធីកម្សាន្តជូនប្រជាពលរដ្ឋ កាលពីពេលចូលឆ្នាំថ្មីប្រពៃណីជាតិកន្លងទៅ។ ពួកគេបានឈរជើងការពារប្រជាពលរដ្ឋ ដើម្បីឱ្យប្រជាពលរដ្ឋបានសប្បាយរីករាយ។

សម្ដេចតេជោបានបន្តថា ក្រុមគ្រូពេទ្យដែលយើងហៅថាកងទ័ពអាវសនោះ ពួកគាត់ក៏អត់បានទៅលេងស្រុកកំណើត ជួបជុំគ្រួសារ ប្ដីប្រពន្ធកូន ទទួលទេវតាឆ្នាំដូចប្រជាពលរដ្ឋទូទៅនោះដែរ ពោលគឺត្រូវនៅប្រចាំការថែទាំអ្នកជំងឺ ឬប្រចាំការនៅមន្ទីរពេទ្យ ខណៈដែលប្រជាពលរដ្ឋទូទាំងប្រទេសកំពុងសប្បាយរីករាយនឹងការជួបជុំគ្រួសារ លេងកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងយ៉ាងដូច្នេះថា «កងកម្លាំងសមត្ថកិច្ច កងរាជអាវុធហត្ថ ពួកគាត់នោះអត់បានជួបប្ដីប្រពន្ធកូនដូចយើងទេ ត្រូវនៅការពារសន្តិសុខសម្រាប់ការសប្បាយរបស់យើង (ប្រជាពលរដ្ឋ)។ ឯមួយទៀត គ្រូពេទ្យអាវសនេះ មួយចំនួនអត់បានទៅទទួលទេវតាទេ ព្រោះនៅថែទាំអ្នកជំងឺ ត្រូវឃើញវីរភាពកន្លែងហ្នឹង កុំឃើញចំណុចខ្វះចន្លោះមួយចំនួន រួចហើយនាំគ្នាវាយប្រហារ»។

សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះការលះបង់ទាំងកម្លាំងកាយចិត្ត និងពេលវេលារបស់ក្រុមគ្រូពេទ្យ អាជ្ញាធរដែនដី កម្លាំងនគរបាល កងរាជអាវុធហត្ថ និងអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីបុព្វហេតុថែទាំសុខមាលភាព រក្សាការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋទូទាំងប្រទេស។

ជាថ្មីម្តងទៀត សម្ដេចតេជោបានមានប្រសាសន៍បញ្ជាក់បន្ថែមថា កាតព្វកិច្ចសម្រាប់ពាក់ម៉ាស់ និងធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ត្រូវបានដកចេញកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ក៏ប៉ុន្ដែបើប្រជាពលរដ្ឋយល់ថា មិនស្រួលខ្លួនអាចប៉ះពាល់ដល់អ្នកដទៃ គឺអាចពាក់ម៉ាស់បានជាធម្មតា។ សម្ដេចតេជោបានមានប្រសាន៍សារជាថ្មីថា ប្រសិនបើប្រជាពលរដ្ឋ និងសាធារណជនចង់ទទួលបានព័ត៌មានបានលឿន រហ័ស គឺចុចចូល Channel តេឡេក្រាមរបស់សម្ដេចផ្ទាល់ ដែលបច្ចុប្បន្ននេះមានអ្នកចុចចូលក្នុងChannelសម្ដេចមានជិត ៧០ម៉ឺននាក់រួចទៅហើយ។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកពីវីរភាពរបស់កងទ័ពការពារបូរណភាពទឹកដី និងក្រុមគ្រូពេទ្យការពារ និងសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ ដែលបានលះបង់កម្លាំងកាយចិត្ត ដើម្បីជាតិ និងប្រជាជន និងអំពាវនាវសូមកុំឱ្យមានការរិះគន់ វាយប្រហារចំពោះកំហុសតិចតួចរបស់គ្រូពេទ្យ។ សម្តេចតេជោ បានមានប្រសាសន៍ថា ការពង្រឹងសមត្ថភាពវិស័យសុខាភិបាល គឺជាកត្តាចាំបាច់ខ្លាំងណាស់ ដើម្បីកសាង និងធ្វើម៉េចឱ្យប្រជាពលរដ្ឋទទួលសេវាសុខភាព ក្នុងនោះមានការបង្កើនការព្យាបាលស្រ្ដី និងកុមារ។

សម្តេចតេជោបានរំលឹកប្រវត្តិជូរចត់ ស្រក់ទឹកភ្នែក នៃការទទួលមរណភាពកូនច្បងរបស់សម្តេចក្នុងរបបប៉ុលពត ដោយគ្រូពេទ្យមានការធ្វេសប្រហែសបានធ្វើឱ្យធ្លាក់កូនរបស់សម្ដេចទើបសម្រាលពីដៃ។ សម្ដេចតេជោ បានអំពាវនាវដល់គ្រូពេទ្យបន្តខិតខំពង្រឹងក្រមសីលធម៌ វិជ្ជាជីវៈគ្រូពេទ្យ រួមនឹងការខិតខំពង្រឹងសមត្ថភាពខាងផ្នែកបច្ចេកទេស ដើម្បីឱ្យសមនឹងប្រសិទ្ធនាមថា «គ្រូពេទ្យ ជាកងទ័ពអាវ ស»។

នៅថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានដាក់ចេញវិធានការឱ្យមានការពង្រឹងអក្ខរកម្មបច្ចេកវិទ្យាដល់មន្រ្ដីរាជការ ដោយសម្តេចបញ្ជាក់ថា បើមន្រ្ដីមិនចេះប្រើស្មាតហ្វូន មិនចេះប្រើសារតាមបណ្ដាញសង្គមផ្សេងៗ គឺមិនត្រូវបានតែងតាំងឡើយ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ដល់អាជ្ញាធរខេត្ត ក្រុង គ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានយកចិត្តទុកដាក់ ការពាររក្សាសន្តិសុខសណ្ដាប់ធ្នាប់បានយ៉ាងល្អ ជូនដល់ប្រជាពលរដ្ឋ បានសប្បាយរីករាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ សម្ដេចតេជោក៏បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមឱ្យបានគ្រប់គ្នា ខណៈនៅសល់តែ១៥ ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ។ សម្តេចតេជោ ក៏បានបន្តអំពាវនាវសារជាថ្មីដល់ប្រជាពលរដ្ឋ ដែលប្រើប្រាស់ដងផ្លូវធ្វើដំណើរទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងត្រូវគោរពច្បាប់ចរាចរណ៍៕

អត្ថបទដែលជាប់ទាក់ទង