ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រី ខៀវ កាញ្ញារិទ្ធ បញ្ជាក់ពីបច្ចុប្បន្នភាពនៃរឿងក្ដីម្សៅទឹកដោះគោ Nutrilatt ខណៈមេធាវីការពារក្ដីចុងចោទ បានដាក់លិខិតសុំពន្យារសវនាការ ម្ដងទៀត

126

 

ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្ត្រី ខៀវ កាញ្ញារិទ្ធ បានថ្លែងសារនៅលើផេក facebook ផ្លូវការនាថ្ងៃនេះថា កាលពីរសៀលថ្ងៃទី១៩ នាវេលាម៉ោង១៤ ក្រុមមាតាបិតានៃដើមបណ្ដឹងរដ្ឋប្បវេណី ត្រូវបានសាលាឧទ្ធរណ៍កោះហៅឲ្យទៅចូលរួមអង្គជំនុំជម្រះលើកទី២ ក្រោយពីមានការលើកសវនាការមួយលើករួចមក។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានបានបន្ថែមទៀតថា ដូចសព្វមួយដងដែរ ទាំងចុងចោទនិងមេធាវីការពារក្ដី ពុំបានបង្ហាញវត្តមាន នៅក្នុងអង្គសវនាការឡើយ។ មិនតែប៉ុណ្ណោះមេធាវីការពារក្ដីចុងចោទបានដាក់លិខិតសុំពន្យារសវនាការម្ដងទៀត ក្រោមហេតុផលថាកូនក្ដីរបស់ខ្លួនកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យក្នុងប្រទេសវៀតណាម។

យ៉ាងណាមិញ ដោយសារតែមានវត្តមាននៃដើមបណ្ដឹងមានចំនួនច្រើន (សរុប១៩គ្រួសារ ក្នុងចំណោម២១គ្រួសារ) បានទៅចូលរួម លោកចៅក្រមក៏សម្រេចបន្តដំណើនីតិវិធីតុលាការ។ នៅក្នុងអង្គសវនាការនេះ ពុំមានអ្វីថ្មីឬអ្វីដែលត្រូវដេញដោលឡើយ ដោយហេតុថា ដើមបណ្ដឹងពុំបានប្ដឹងទាស់ ទៅនឹងសាលក្រមដែលបានចែងពីខាងសាលាដំបូងរាជធានីភ្នំពេញទេ។

ផ្ទុយទៅវិញ គឺភាគីចុងចោទទេជាអ្នកប្ដឹងទាស់ ហើយតែងតែអវត្តមានរាល់ពេលដែលសាលាឧទ្ធរណ៍បើកអង្គសវនាការ។ ជាលទ្ធផល លោកចៅក្រមក៏បានសម្រេចថ្ងៃក្នុងការប្រកាសសាលក្រមលើកទី២ដែលនឹងចេញពីខាងសាលាឧទ្ធរណ៍ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង៨ព្រឹកផងដែរ។

អាណា​ព្យាបាលទារក​ដែល​​ប្ដឹង​​ម្ចាស់​​ក្រុម​​ហ៊ុន​​ម្សៅទឹក​ដោះគោ «នូទ្រីលេត​ (Nutrilatt)» ស្នើតុលាការពន្លឿនចេញ​សាលក្រម​ជាលាយលក្ខ​ណ៍អក្សរ​​​ផ្លូវ​ការ​​ជូន​ពួក​គេ​ឱ្យ​បាន​ឆាប់ ដើម្បីបញ្ចប់សំណុំរឿងនេះ និង​​ផ្ដល់យុត្តិ​ធម៌​ដល់​កូនៗ​របស់ពួក​គាត់ ។

កាលពីរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ នៅសាលប្រជុំនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ មានរៀបចំ កិច្ចប្រជុំស្តីពីការបង្ហាញលទ្ធផលវិភាគម្សៅទឹកដោះគោម៉ាក Nutrilatt លើលេខ Batch ចំនួន ៦ (B/N: 487, 488, 536, 537, 538, 539) ដែលធ្វើការវិភាគដោយមន្ទីរពិសោធន៍ឯករាជ្យនិងមានការទទួលស្គាល់ជាអន្តរជាតិ (Independent and Internationally Accredited Laboratory) ឈ្មោះ Eurofins Food Testing Singapore PTE LTD. នៅប្រទេសសឹង្ហបុរី ក្រោមកិច្ចសម្របសម្រួលរបស់ ឯកឧត្តម ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.»។

គ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីប្រកាសព័ត៌មានមួយថា៖ ការវិភាគលើសំណាកគំរូម្សៅទឹកដោះគោម៉ាក Nutrilatt ដែលមានលេខកូដ 487, 488, 536, 537, 538, 539 ដោយមន្ទីរពិសោធន៍ឯករាជ្យនិងមានការទទួលស្គាល់ជាអន្តរជាតិមួយបានបង្ហាញថា ជាតិដែកមានកម្រិតទាបស្ថិតក្នុងស្ថានភាពដ៏គ្រោះថ្នាក់ខ្លាំងដល់សុខភាពទារក៕

 

អត្ថបទដែលជាប់ទាក់ទង