ចាប់ខ្លួនឧកញ៉ា ជា សារ៉ន និងបក្ខពួក ៨នាក់ បោកប្រាស់ពលរដ្ឋជាង២ពាន់នាក់ លុយជិត ៤០លានដុល្លារអាមេរិក
ខេត្តកំពត ÷សមត្ថកិច្ចបានចាប់ខ្លួនឧកញ៉ា ជា សារ៉ន និងបក្ខ ពួក ៨នាក់ ក្នុងករណីបោកប្រាស់លុយប្រជាពលរដ្ឋជិត ៤០លានដុល្លារអាមេរិក។ការចាប់ខ្លួននេះ ដោយសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពត។
បើតាមស្នងការដ្ឋាននគរបាលខេត្តកំពតបានឲ្យដឹងថា ប្រជាពលរដ្ឋដែលចាញ់បោកចាប់ខ្លួនឧកញ៉ា ជា សារ៉ន និងបក្ខពួក មានចំនួន ២៤៦១គ្រួសារ សរុបជាទឹកប្រាក់ជិត ៤០លានដុល្លារ។
ស្នងការដ្ឋាននគរបាលខេត្តកំពត បានសរសេរលើហ្វេសប៊ុក ថា “ក្រុមហ៊ុនវិនិយោគលើទឹកភ្នែករាស្ត្រ ឬហៅមួយបែបទៀត ធ្វើនំអត់ម្សៅ ខ្ញុំអាណិតបងប្អូនប្រជាពលរដ្ឋខ្លាំងណាស់ ២ ៤៦១ គ្រួសារសរុបទឹកប្រាក់ជិត ៤0 លានដុល្លា មានទាំងបងប្អូននៅខេត្តផ្សេងៗទៀតក៏ត្រូវចាញ់ការបោកបញ្ឆោតរបស់ក្រុមវិនិយោគដីឡូត៍អស់នេះ សូមបងប្អូនផ្សេងៗទៀតពិចារណាផងមុននិងវិនិយោគជាមួយក្រុមហ៊ុនប្រភេទនេះ “។
សូមជម្រាបថា កាលពីព្រឹកថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២៣
ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានដឹកនាំមន្ត្រីមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ អាជ្ញាធរក្រុងស្រុងទាំង៩ នៅទូទាំងខេត្ត ចុះទៅសម្របសម្រួល និងដោះស្រាយករណីក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូត៍ ជា សារ៉ន ជាមួយនឹងប្រជាពលរដ្ឋរាប់ពាន់គ្រួសារ នៅបរិវេណវត្តអង្គឈូក ឃុំឈូក ស្រុកឈូក។
ក្នុងនោះឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានសម្របសម្រួលបញ្ចប់រឿង ដោយតម្រូវឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូត៍ ជា សារ៉ន ទទួលខុសត្រូវ និងចេញសងរាល់បំណុល ដែលប្រជាពលរដ្ឋទៅខ្ចីធនាគារ ឬអ្នកមាន មកឲ្យក្រុមហ៊ុន។
ហើយប្លង់ផ្សេងៗ ដែលប្រជាពលរដ្ឋយកទៅដាក់ខ្ចីលុយនោះ លោក ជា សារ៉ន ត្រូវយកមកឲ្យពលរដ្ឋវិញ។ ហើយចំពោះបងប្អូនដែលទិញដី បង់លុយគ្រប់ចំនួនហើយ តែមិនទាន់បានប្លង់ ឯកឧត្តមអភិបាលខេត្ត នឹងឲ្យជំនាញចុះរៀបចំធ្វើប្លង់ជូន។
ជុំវិញករណីនេះ ក្រោយដោះស្រាយចប់ នៅល្ងាចថ្ងៃដដែល សមត្ថកិច្ចប៉ូលិសខេត្តកំពត បានស្រាវជ្រាវឈានដល់ឃាត់ខ្លួនឧកញ៉ា ជា សារ៉ន រួមនិងបក្ខពួក៨នាក់ទៀត។
ការចាប់ខ្លួន ឧកញ៉ា ជា សារ៉ន និងបក្ខពួកទាំង ៨នាក់ ទទួលបានការសាទរពីមហាជនជាខ្លាំង ក្នុងនោះអ្នកប្រើប្រាស់បណ្តាញសង្គមបានធ្វើការចែកចាយភ្លូកទឹកភ្លូកដីលើការចាប់ខ្លួននេះ ព្រមទាំងបញ្ចេញទស្សនៈគាំទ្រជាច្រើនលើសលប់។
លោកឧកញ៉ា ជា សារ៉ន ធ្វើការវិនិយោគដីឡូតិ៍ ប្រើល្បិចអូសទាញអ្នកខ្វះខាតឱ្យទិញដីឡូតិ៍ ៖
-ទិញដីឡូតិ៍បានប្រាក់ចំនេញ ១ឡូតិ៍៥មx២០ម ប្រើដើមទិញនិងអភិវឌ្ឍន៍មិនអស់៤,០០០ដុល្លារផងលក់ឱ្យពលរដ្ឋ១២,០០០ដុល្លារ រួចសន្យាជួយបង់ធនាគារឱ្យអ្នកទិញ និងផ្តល់ផលលាភ៧០%ទៅ១០០%
-ណែនាំអ្នកទិញដីឡូតិ៍ឱ្យដាក់ទុនវិនិយោគ ដើម្បីដោះបំណុលផ្តាច់ការទទួលខុសត្រូវ ដែលបានសន្យាក្នុងជំហ៊ានទី១ ព្រោះបើតាមច្បាប់វិនិយោគ បើរកស៊ីខាតៗទាំងអស់គ្នា ចំនេញៗទាំងអស់គ្នា អុីចឹងក្រុមហ៊ុនដួលរំលំ អ្នកទិញដីបង់ធនាគារខ្លួនឯង ប្រាក់វិនិយោគក៏អស់
-ក្រុមមហ៊ុនបង្កើតឱ្យមានការរអាក់រអួលយឺតយាវក្នុងបង់ប្រាក់ធនាគារតាមកិច្ចសន្យា រួចហើយបង្ខំឱ្យអ្នកទិញដីឡូតិ៍ និងអ្នកទុនវិនិយោគកាត់កងដីឡូតិ៍ ដើម្បីបញ្ចប់បំណុលក្រុមហ៊ុន ព្រោះមិនហត់ដើរលក់ថែមទាំងទទួលបានចំនេញច្រើនរួចហើយ
-ផ្តាច់ទឹកចុងក្រោយគឺ ក្រុមហ៊ុនប្រកាសក្ស័យធន់ ដើម្បីបញ្ចប់បំណុលទាំងអស់របស់ក្រុមហ៊ុន ព្រោះអ្នកទិញដីឡូតិ៍ និងអ្នកវិនិយោគដែលចូលរួមក៏ត្រូវក្ស័យធនដូចក្រុមហ៊ុនដែរ គ្មានសិទ្ធិទទួលបានអត្ថប្រយោជន៍ ថែមទាំងខាតដើមទៀតផង អុីចឹងគ្មានជម្រើសអ្វីក្រៅពីបង់ធនាគារខ្លួនឯង និងទទួលយកដីទៅតាមទំហ៊ំប្រាក់វិនិយោគរៀងៗខ្លួន
«ក្រុមហ៊ុនវិនិយោគលើទឹកភ្នែករាស្ត្រ ឬហៅមួយបែបទៀតធ្វើនំអត់ម្សៅ បងប្អូនប្រជាពលរដ្ឋចំនួន ២,៤៦១គ្រួសារ សរុបទឹកប្រាក់ជិត ៤០លានដុល្លា មានទាំងបងប្អូននៅខេត្តផ្សេងៗទៀតក៏ត្រូវចាញ់ការបោកបញ្ឆោតរបស់ក្រុមវិនិយោគដីឡូតិ៍របស់លោកឧកញ៉ា ជា សារ៉ន»។
សូមអបអរសាទរជូនចំពោះពុកម៉ែបងប្អូនទាំងអស់សម្រាប់ដំណោះស្រាយរបស់ ឯកឧត្តមអភិបាលខេត្ តជាមួយក្រុមហ៊ុន ជា សារ៉នគ្រុប នាព្រឹកមិញនេះ ៖
១. ក្រុមហ៊ុន ជា សារ៉នគ្រុបត្រូវទទួលយកនូវបន្ទុកបំណុលដែលពុកម៉ែបងប្អូនយើង ទៅខ្ចីពីអ្នកមានលុយ យកទៅឲ្យក្រុមហ៊ុន ដូចនេះក្រុមហ៊ុន ជា សារ៉នគ្រុប ត្រូវធានារ៉ាប់រងបង់ការប្រាក់ជំនួសពុកម៉ែបងប្អូនយើង។
២. អចលនៈទ្រព្យរបស់ពុកម៉ែបងប្អូនទាំងអស់ ដែលយកទៅតម្កល់ជាមួយអ្នកមានលុយ ហើយខ្ចីនោះ ក្រុមហ៊ុន ជា សារ៉នគ្រុបត្រូវយកទ្រព្យសម្បត្តិរបស់គាត់ ទៅតម្កល់ជំនួសអចលនៈទ្រព្យរបស់ពុកម៉ែ ហើយត្រូវបង្វិលអចលនៈទ្រព្យរបស់ពុកម៉ែ ជូនពុកម៉ែយើងវិញ។
៣. អ្នកដែលវិនិយោគជាមួយក្រុមហ៊ុន ជា សារ៉នគ្រុប ដែលមិនមានកម្ចីលុយពីនរណានោះ ក្រុមហ៊ុន ជា សារ៉នគ្រុបសុំពេលមួយ (០១)ខែ ដើម្បីធ្វើបច្ចុប្បន្នភាពស្រាវជ្រាវ ថាតើមានប៉ុន្មាននាក់ លើទំហំទឹកប្រាក់ចំនួនប៉ុន្មាន ដើម្បីឲ្យគាត់ពិនិត្យមើលលទ្ធភាពប្រមូលអចលនៈទ្រព្យ និងថវិការបស់គាត់ ក្នុងការត្រៀមដោះស្រាយជូនពុកម៉ែបងប្អូនយើងវិញ។
៤. ពុកម៉ែបងប្អូនកូនក្មួយយើង ដែលបានបង់ផ្តាច់ហើយ ជាមួយការទិញលក់ដីឡូត៏នេះ មិនទាន់បានប្លង់កម្មសិទ្ធិ ត្រូវទៅប្រាប់ក្រុមហ៊ុន ជា សារ៉នគ្រុបដើម្បីចេញប្លង់ជូន (ហើយខាងជំនាញរៀបចំជូន)។
៥. ឯកឧត្តមអភិបាលខេត្ត បានឲ្យមេធាវីខេត្ត តំណាងឲ្យពុកម៉ែបងប្អូនយើង ដើម្បីដាក់ពាក្យស្នើទៅម្ចាស់លុយទាំងអស់ សុំពន្យាក្នុងការទារប្រាក់គ្រប់យ៉ាងនេះ ដើម្បីបង្វិលបន្ទុកនេះ ទៅឲ្យក្រុមហ៊ុន ជា សារ៉នគ្រុបជាអ្នកទទួលខុសត្រូវ ហើយមិនឲ្យមកទារពុកម៉ែបងប្អូនយើងតាមខ្នងផ្ទះទេ ព្រោះបន្ទុកនេះក្រុមហ៊ុន ជា សារ៉នគ្រុប ជាអ្នកទទួលខុសត្រូវចំពោះមុខថ្នាក់ដឹកនាំទាំងអស់នៅទីនេះ៕