ជប៉ុនត្រៀមខ្លួនក្នុងការបាញ់ទម្លាក់ ផ្កាយរណបកូរ៉េខាងជើង ប្រសិនបើផ្កាយរណបធ្លាក់ក្នុងទឹកដីជប៉ុន
ជប៉ុន៖ កាលពីថ្ងៃសៅរ៍ រដ្ឋមន្ត្រីការពារជាតិជប៉ុនលោក Yasukazu Hamada បានបញ្ជាឲ្យយោធាត្រៀមខ្លួនក្នុងការបាញ់ទម្លាក់ផ្កាយរណបចារកម្មកូរ៉េខាងជើង ប្រសិនបើផ្កាយរណបនោះធ្លាក់ក្នុងទឹកដីជប៉ុន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការពារជាតិបាននិយាយថា លោក Hamada បានបញ្ជាឲ្យកងកម្លាំងស្វ័យការពារត្រៀមលក្ខណៈចាំបាច់ ខណៈដែលលោកអាច “បញ្ជាឲ្យមានការបាញ់បំផ្លាញគ្រាប់មីស៊ីល”។
ការត្រៀមរៀបចំរួមមាន ការរៀបចំដាក់ពង្រាយកងទ័ពទៅកាន់ខេត្តភាគខាងត្បូងនៃកោះ Okinawa ដើម្បី “កាត់បន្ថយការខូចខាត ប្រសិនបើមីស៊ីលផ្លោងធ្លាក់ចំ”។
កាលពីថ្ងៃពុធសប្តាហ៍មុន ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា ការត្រៀមរៀបចំសម្រាប់ការបាញ់បង្ហោះផ្កាយរណបចារកម្មដំបូងរបស់ប្រទេសនេះ គួរតែដំណើរការដើម្បីទប់ទល់នឹងការគំរាមកំហែងដែលគេយល់បានបង្កឡើងដោយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង៕