ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គិភ័យសណ្ឋាគារកាំបូឌីយ៉ាណា​ មួយកន្លែង​ បណ្តាលឲ្យរងការខូចខាតសម្ភារៈមួយចំនួន​

91

 

ភ្នំពេញ៖ ករណីអគ្គិភ័យដែលបានឆាបឆេះសណ្ឋាគារកាំបូឌីយ៉ា​ មួយកន្លែង​ និងសម្ភារៈក្នុងឃ្លាំងអស់មួយចំនួន​ កើតឡើងនៅតាមបណ្តោយផ្លូវព្រះស៉ីសុវត្ថិ​ ភូមិ១ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ នាវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី២៤​ ខែមេសា​ ឆ្នាំ២០២៣នេះ​ និងប្រើប្រាស់ឡានទឹកជាង​ ១០គ្រឿង។ បើតាមសមត្ថកិច្ច ករណីអគ្គិភ័យខាងលើនេះ​ គឺបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី។

លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានករណីអគ្គិភ័យនេះ លោកបានបញ្ជាកម្លាំងសមត្ថកិច្ចជំនាញ​ ធ្វើការចេញរថយន្តពន្លត់អគ្គិភ័យភ្លាមៗ​ ដើម្បីជួយអន្តរាគមន៍ឲ្យបានទាន់ពេលវេលា។ ដោយនៅក្នុងរង្វង់ប្រតិបត្តិការខាងលើនេះ​ កម្លាំងសមត្ថកិច្ចជំនាញរបស់យើងបានធ្វើការជួយសង្គ្រោះនារីម្នាក់ចេញមកខាងក្រៅ​ ក្រោយពីទទួលបានដំណឹងមានមនុស្សជាប់ខាងក្នុង។

ចំពោះករណីនេះដែរ​ គឺមិនបានបណ្តាលឲ្យមានមនុស្សស្លាប់ ឬរងរបួសមនុស្សណាម្នាក់នោះទេ។ ដោយក្នុងនោះបានបណ្តាលឲ្យខូចខាតសម្ភារៈក្នុងឃ្លាំងរួមមាន​ តុ​ កៅអី​ឈើ​ សាឡុង​ ព្រមទាំងសម្ភារៈមួយចំនួន​ នឹងពុំបណ្តាលឲ្យឆេះរាលដាលដល់អ្នកក្បែរខាងឡើយ។ នេះបើតាមការបញ្ជាក់បន្ថែម របស់លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ។

លោកវរសេនីយ៍ឯក ព្រហ្ម​ យ៉ន បានបន្តទៀតថា ករណីអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចបានបាញ់ទឹកពន្លត់ នៅវេលា​ម៉ោង ១០និង០០នាទីព្រឹក ក្នុងនោះសមត្ថកិច្ចបានប្រើរថយន្តការិយាល័យអគ្គិភ័យ ចំនួន ៧គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៥ឡាន ដោយក្នុងនោះ រថយន្តជំនួយមានរថយន្តរបស់ក្រសួងមហាផ្ទៃចំនួន​ ០១គ្រឿង​ ពុំបានប្រើប្រាស់ទឹក,​ រថយន្ត​ OCIC ទីក្រុងកោះពេជ្រចំនួន​ ០២គ្រឿង ពុំបានប្រើប្រាស់ទឹក,​ រថយន្តទីក្រុង​ កោះនរាចំនួន​ ០១គ្រឿង​ ពុំបានប្រើប្រាស់ទឹក៕

អត្ថបទដែលជាប់ទាក់ទង