បាក់ច្រាំងទន្លេបាសាក់ជាង២០០ម៉ែត្រ ត្រង់ចំណុចមុខផ្សារស្អាងព្រែកតូច ខូចខាតផ្ទះពលរដ្ឋ៤០ខ្នង
កណ្ដាល៖ បាក់ច្រាំងទន្លេបាសាក់ ត្រង់ចំណុចត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាងមុខផ្សារស្អាង ព្រែកតូច ក្នុងស្រុកស្អាង បណ្ដាលឲ្យផ្ទះពលរដ្ឋ៤០ខ្នង រងការខូចខាត ផ្ទះខ្លះបាក់ចូលទន្លេ នៅរសៀលថ្ងៃទី២៤ ខែមេសាឆ្នាំ២០២៣នេះ។
តាមរបាយការណ៍ ផ្ទះទាំង៤០ខ្នងនោះគឺស្មើនឹងចំនួន ២១ គ្រួ សារ (បញ្ជាក់ដោយកំណើនខ្នងផ្ទះច្រើនដោយសារ ក្នុងនោះ ០១គ្រួសារ មានផ្ទះ២ ឬ៣ល្វែង)ដែលជាហេតុធ្វើអោយកើន ឡើងនូវចំនួនខ្នងផ្ទះ។ ក្នុងនោះរួមមាន៖
– ផ្ទះដែលរលំទាំងស្រុងមានចំនួន ២ខ្នងផ្ទះ
– ផ្ទះដែលប៉ះពាល់ធ្ងន់ធ្ងរមានចំនួន ២៨ខ្នងផ្ទះ
– ផ្ទះដែលប៉ះពាល់ស្រាលមានចំនួន ១០ខ្នងផ្ទះ។
ក្រោយមានហេតុការណ៍នេះកើតឡើង ក្រុមការងារ បានចុះណែនាំ ដល់ប្រជាពលរដ្ឋរងគ្រោះ និងទទួលរងផលប៉ះពាល់ គឺត្រូវធ្វើការរើសម្ភារ និងទ្រព្យសម្បត្តិ ដែលមិនទាន់បាត់បង់ចេញពីទីតាំងរងគ្រោះ, ណែនាំឲ្យបងប្អូនប្រជាពលរដ្ឋត្រូវមាន ការប្រុងប្រយ័ត្ន និងចាកចេញពីលំនៅដ្ឋានដែលមិនមានសុវត្ថិភាព និងប៉ះពាល់ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ, រៀប ចំសុវត្ថិភាព និងធ្វើការបញ្ជៀសការកកស្ទះ និងសម្រួលដល់ការចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ និងបានប្រើប្រាស់កងកម្លាំង រួមមាន៖ ប៉ូលីស ២០០នាក់ កងរាជអាវុធហត្ថ ៨១នាក់ និងមានការមកជួយពីខាងក្រុមការងារកងរុករក និងសង្រ្គោះ ចំនួន ៧២នាក់ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រង់ចាំជួយសង្រ្គោះ។
តាមការឱ្យដឹងពីប្រជាពលរដ្ឋ នៅកន្លែងកើតឧប្បត្តិវហេតុខាងលើ ឱ្យដឹងថា រហូតមកទល់វេលាល្ងាចថ្ងៃដដែលនេះ ការរអិលបាក់ស្រុតច្រាំងទន្លេបាសាក់ កើតឡើងចាប់ពីភូមិត្រពាំងឈូក បន្តរហូតដល់ភូមិក្បាលជ្រោយ ឃុំព្រែកគយ មានបណ្តោយជាង៥០០ម៉ែត្រ។ អ្នកភូមិបានមករស់នៅទីនេះ ៣០-៤០ឆ្នាំមកហើយ មិនដែលមានការបាក់ស្រុតដូច្នេះទេ ហើយក៏មិននឹកស្មានថាមានរឿងបែបនេះដែរ ព្រោះកន្ទុយដីរបស់ពួកគាត់ មានប្រវែងជាង២០ម៉ែត្រឯណោះ ចាប់ពីមាត់ទន្លេមកដល់ផ្ទះ។
ពលរដ្ឋសង្ស័យថា ការបាក់ច្រាំងទន្លេនេះ អាចបណ្តាលមកពីករណីទូកបូមខ្សាច់ ព្រោះមុនថ្ងៃចូលឆ្នាំកន្លងទៅថ្មីៗនេះ ពួកគាត់បានឃើញក្រុមទូកបូមខ្សាច់ បានមកបូមខ្សាច់នៅខាងក្រោយផ្ទះរបស់ពួកគាត់ ប៉ុន្តែអំឡុងពេលបូមនោះមិនទាន់មានករណីរអិលបាក់ច្រាំង ចូលទន្លេនោះទេ ទើបតែពេលនេះផ្ទះអាជីវករនៅទល់មុខផ្សារតូច ជាប់មាត់ទន្លេចាប់ផ្តើមបាក់ស្រុតជាបន្តបន្ទាប់។
លោក សេង វុធ អភិបាលស្តីទីស្រុកស្អាង បានបញ្ជាក់ថា គិតមកដល់រសៀលថ្ងៃទី២៤ មេសា នេះ លំនៅដ្ឋានពលរដ្ឋចំនួន៣៧ខ្នង បានរងគ្រោះ ក្នុងនោះបានបាក់និងខូចខាតប្រមាណពី២០ទៅ៣០ភាគរយ ប៉ុន្តែមិនមានមនុស្សណាម្នាក់រងរបួសនោះទេ។ ហើយក្រោយមានការរអិលបាក់ស្រុតម្ចាស់ផ្ទះបាននាំគ្នា រើឥវ៉ាន់ចាកចេញពីបន្តបន្ទាប់ ហើយលោកអភិបាលស្រុក និងឯកឧត្តមអភិបាលខេត្ត ក៏ដូចជាគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ក៍បានបញ្ជាកម្លាំងមកកន្លែងកើតហេតុ ដើម្បីជួយអន្តរាគមន៍ប្រជាពលរដ្ឋភ្លាមៗផងដែរ ដែលមកដល់ពេលនេះ ក៏ពុំទាន់មានលំនៅដ្ឋានណាមួយ រលំបាក់ទាំងស្រុងនោះដែរ ពោលគឺខូចខាតពី២០ទៅ៣០ភាគរយ។
លោកអភិបាលស្រុកស្តីទី ក៏ថ្លែងទទួលស្គាល់ជាបឋមថា ករណីនេះអាចបណ្តាលមកពីទូកបូមខ្សាច់ ហើយលោកបានបញ្ជាឱ្យកម្លាំង កំពុងស្រាវជ្រាវរកទូកបូមខ្សាច់នេះ ដោយសារតែលោកពុំដែលទទួលបានឃើញច្បាប់អនុញ្ញាតបូមខ្សាច់កន្លែងនេះឡើយ។
ផ្ទះថ្មទល់មុខផ្សារស្អាងនោះជាប្រភេទផ្ទះអាជីវកម្ម ដែលក្រុមអាជីវករលក់ដូរទំនិញគ្រប់ប្រភេទ រាប់តាំងលក់មាស ពេជ្រ ផ្លាទីន គ្រឿងអលង្ការ លក់គ្រឿងសំណង់ សម្ភារៈអគ្គិសនី កង់ សម្ភារៈប្រើប្រាស់ផ្សេងៗគ្រប់ប្រភេទទៀត។
គួរជម្រាបថា ម្ដុំនេះជាតំបន់ខ្សែទឹកកោង ដែលចំមុខទឹកហូរបុកមកជារៀងរាល់ថ្ងៃ ខណ:ដែលប៉ុន្មានឆ្នាំមុន មានករណីដាក់សាឡុងបូមខ្សាច់នៅទីនេះ ហើយពលរដ្ឋតវ៉ាជាញឹកញាប់ទម្រាំតែគេដកចេញ ហើយករណីបាក់ស្រុតផ្ទះក៏នៅបន្តលងបន្លាចពលរដ្ឋមកដល់បច្ចុប្បន្ន៕