ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នា​យក​រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ក្រោមប្រធានបទ «នេះជាពេលដែលគ្រុនចាញ់ត្រូវសូន្យ តាមរយៈការវិនិយោគ កែច្នៃ និងអនុវត្ត»

72

ភ្នំពេញ ៖ បើយោងតាមសារលិខិតសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ក្រោមប្រធានបទ «នេះជាពេលដែលគ្រុនចាញ់ត្រូវសូន្យ តាមរយៈការវិនិយោគ កែច្នៃ និងអនុវត្ត»។

សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការអបអរសាទរជាមួយប្រជាជាតិ និងពិភពលោកទាំងមូលចំពោះការប្រារព្ធទិវាគ្រុនចាញ់ពិភពលោក និងទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ដែលនឹងព្រឹត្តទៅនាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ក្រោមប្រធានបទ “នេះជាពេលដែលគ្រុនចាញ់ត្រូវសូន្យ តាមរយៈការវិនិយោគ កែច្នៃ និងអនុវត្ត” ក្នុងគោលបំណងបង្ហាញឱ្យឃើញអំពីពេលវេលាដែលត្រូវធ្វើឱ្យគ្រុនចាញ់សូន្យពីពេលនេះ តាមរយៈការលើកកម្ពស់ ប្រសិទ្ធភាពនៃការអនុវត្តសកម្មភាពពីគ្រប់មជ្ឈដ្ឋានជាចាំបាច់ សម្រាប់ឈានឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់ បានទាំងស្រុងក្នុងប្រទេសកម្ពុជានៅឆ្នាំ២០២៥ និងក្នុងពិភពលោកនៅឆ្នាំ២០៣០។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ពិតណាស់ ជំងឺគ្រុនចាញ់បានកើតឡើងដោយសារតែសត្វមូសដែកគោលជាភ្នាក់ងារខាំបឺតឈាមចម្លង មេរោគទៅមនុស្សបង្កជាបញ្ហាព្រួយបារម្ភចម្បងសម្រាប់សុខភាពសាធារណៈ និងសង្គម តាមរយៈកត្តាប៉ះពាល់ យ៉ាងខ្លាំងលើសុខភាព ខាតបង់ការងារ ខាតបង់ផលិតភាព ខាតបង់ថវិកា សេដ្ឋកិច្ចសង្គមធ្ងន់ធ្ងរ និងយាយីដល់ អាយុជីវិតគ្រប់ពេល។ ជំងឺគ្រុនចាញ់ក្នុងប្រទេសកម្ពុជា ត្រូវបានរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា អនុម័ត ដាក់ចេញជាផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ឆ្នាំ២០១១-២០២៥ ដែលជាត្រីវិស័យនៃជ្រុងមួយ ក្នុងក្របខ័ណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០១៦-២០៣០ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការស្តារនិងអភិវឌ្ឍប្រទេសកម្ពុជា ក្រោមដំបូលនៃសន្តិភាព និងស្ថិរភាពនយោបាយពេញផ្ទៃប្រទេស ដែលបាន ប្រសូត្រចេញពីថ្ងៃរំដោះជាតិ ៧ មករា ១៩៧៩ និងមាគ៌ានយោបាយឈ្នះឈ្នះ។ ការប្រតិបត្តិការវិនិយោគ កែច្នៃ និងអនុវត្តផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងប្រទេសកម្ពុជាកំពុងសម្រេចបានជោគជ័យនូវ វឌ្ឍនភាពសមិទ្ធផលផ្លែផ្កាជាបន្តបន្ទាប់ដោយឆ្នាំ២០១៦ ត្រូវបានបញ្ឈប់លែងឱ្យមានភាពស៊ាំថ្នាំសម្លាប់មេរោគ គ្រុនចាញ់ និងឆ្នាំ២០១៨ មកដល់បច្ចុប្បន្នគ្មានមនុស្សស្លាប់ដោយសារជំងឺគ្រុនចាញ់ ឯករណីឈឺដោយជំងឺ គ្រុនចាញ់ត្រូវបានកាត់បន្ថយជាលំដាប់ពីជាង ១១ម៉ឺនករណីឈឺ និងស្លាប់ជាង៥០០នាក់ ជាមធ្យមប្រចាំឆ្នាំ ក្នុងអំឡុងទសវត្សរ៍មុនឆ្នាំ២០១១ មកសល់ ៤ ០៤១ករណីឈឺ នៅឆ្នាំ២០២២។

ឆ្លៀតក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន សូមសំដែងនូវការអបអរសាទរ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះគ្រប់សកម្មភាពទាំងអស់ដែលបាននិងកំពុងវិនិយោគ កែច្នៃបង្កើនប្រសិទ្ធភាពនិងអនុវត្តយ៉ាងសកម្ម នាពេលកន្លងមករហូតទទួលបានសមិទ្ធផលវិជ្ជមានជាផ្លែផ្កាលើការងារប្រយុទ្ធនឹងជំងឺគ្រុនចាញ់ តាមគន្លងផែនការ យុទ្ធសាស្ត្រជាតិ។ ទន្ទឹមគ្នានឹងវឌ្ឍនភាពសមិទ្ធផលជោគជ័យទាំងនេះ ក៏យើងនៅមិនត្រូវភ្លេចខ្លួនទេ ព្រោះយើង មិនទាន់សម្រេចគោលដៅផែនការលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុងនៅឡើយនោះទេ រីឯករណីជំងឺគ្រុនចាញ់ ប្រភេទហ្វាល់ស៊ីប៉ារ៉ូម (ឬហៅថា គ្រុនចាញ់សព្វំ) នៅមានវត្តមាននៅឡើយក្នុងការគំរាមកំហែងដល់អាយុជីវិត សាធារណជនគ្រប់ពេល ពិសេសប្រជាជនដែលចូលទៅតំបន់ព្រៃភ្នំទាញយកអនុផលព្រៃភ្នំ អេកូទេសចរណ៍ធម្មជាតិ ឬរស់នៅក្នុងភូមិសាស្ត្រប្រឈមការចម្លងជំងឺគ្រុនចាញ់ ក្រោមវត្តមានភ្នាក់ងារចម្លងសត្វមូសដែកគោល។ សកម្មភាពលើកកម្ពស់ការយល់ដឹងសាធារណជនឱ្យផ្លាស់ប្តូរផ្នត់គំនិត មកជាសកម្មភាពចូលរួមអនុវត្តពេញលេញ រៀងៗខ្លួន ដើម្បីទទួលបាននូវសុខភាពបរិបូណ៌គ្រប់រូប សហគមន៍មានអនាម័យល្អ បរិស្ថានស្អាត និងសេដ្ឋកិច្ចសង្គម គ្រួសារគាប់ប្រសើរ រួមទាំងវិធានការបង្ការជំងឺ គ្រប់គ្រងស្ថានភាពករណីជំងឺ និងស្វែងរកសេវាថែទាំសុខភាព ត្រឹមត្រូវ គឺជាកត្តាត្រូវការចាំបាច់របស់ប្រជាជនគ្រប់រូប និងសង្គមជាតិ ពិសេសតាមរយៈការផ្តល់អាទិភាព យកចិត្តទុកដាក់ខ្ពស់ដល់សហគមន៍ទីជនបទ ឬតំបន់ឆ្ងាយដាច់ស្រយាលប្រឈមងាយរងគ្រោះ ដូចជាប្រជាជន ក្រីក្រ ស្ត្រីមានផ្ទៃពោះ កុមារតូចៗ ជនជាតិដើមភាគតិច ជនចំណាកស្រុកជាដើម៕

អត្ថបទដែលជាប់ទាក់ទង