ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កងទ័ពកម្ពុជា-ចិន បានឯកភាពគ្នានឹងរៀបចំធ្វើលំហាត់សមយុទ្ធការងារមនុស្សធម៌ ផ្នែកសុខាភិបាលយោធារួមគ្នាទេវតាសន្តិភាពឆ្នាំ ២០២៣ នៅពាក់កណ្ដាលឆ្នាំ២០២៣

76

 

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣នេះ បានអនុញ្ញាតឱ្យប្រតិភូក្រុមការងារបច្ចេកទេសលំហាត់សុខាភិបាលយោធារួមគ្នាទេវតាសន្តិភាព ឆ្នាំ២០២៣ កងទ័ពរំដោះប្រជាជនចិន ដឹកនាំដោយលោកវរសេនីយ៍ឯកពិសេស ប៊ី គ័ងយៀន ( Bi Guangyuen )ប្រធានមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការវេជ្ជសាស្ត្រយោធា អគ្គនាយកដ្ឋានផ្គត់ផ្គង់ ភស្តុភារ នៃគណៈកម្មាធិការយោធាមជ្ឈិមកងទ័ពព្រំដោះប្រជាជនចិន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែលប្រតិភូក្រុមការងារបច្ចេកទេសនេះ អញ្ជើញមកបំពេញការងារនៅកម្ពុជា ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ជំនួសមុខឱ្យថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទបានស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះដំណើរបំពេញការងាររបស់ប្រតិភូក្រុមការងារបច្ចេកទេស រៀបចំលំហាត់សមយុទ្ធសង្គ្រោះគ្រោះមហន្តរាយការងារមនុស្សធម៌ ផ្នែកសុខាភិបាលយោធារួមគ្នាទេវតាសន្តិភាព ឆ្នាំ២០២៣ កម្ពុជា-ចិន ដែលបានសហការគ្នាយ៉ាងល្អ ជាមួយក្រុមការងារបច្ចេកទេសរៀបចំសមយុទ្ធភាគីកងទ័ពកម្ពុជា ក្នុងការរៀបចំកិច្ចដំណើរការលំហាត់សមយុទ្ធនេះ ឱ្យប្រព្រឹត្តទៅដោយភាពរលូននិងជោគជ័យ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា ដូចដែលយើងទាំងអស់គ្នាបានដឹងហើយថា កងទ័ពប្រទេសយើងទាំងពីរ កម្ពុជា-ចិន បានធ្វើសមយុទ្ធរួមគ្នាចំនួន៥ លើករួចមកហើយ ដែលទំហំនៃសមយុទ្ធទាំងនោះកាន់តែមានលក្ខណៈទំនើបទៅៗ និងធំឡើងៗ ជាលំដាប់ ពាក់ព័ន្ធទៅនឹងសកម្មភាពប្រឆាំងភារវកម្ម ការងារសង្គ្រោះគ្រោះមហន្តរាយ ការងារមនុស្សធម៌ ដើម្បីសន្តិសុខក្នុងតំបន់។ជាក់ស្ដែងឆ្នាំនេះយើងទើបតែ នឹងបញ្ចប់សមយុទ្ធរួមគ្នារវាងកងទ័ពទាំងពីរកម្ពុជា-ចិន គឺសមយុទ្ធនាគមាស ២០២៣ ក្រោមប្រធានបទ «ប្រតិបត្តិការការពារសន្តិសុខក្នុងព្រឹត្តិការណ៍ធំៗ និងការជួយសង្គ្រោះមនុស្សធម៌នៃកងទ័ពប្រទេសទាំងពីរកម្ពុជា-ចិន» នៅទីលានបាញ់គ្រាប់ពិតនៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅតំបន់ភ្នំជុំសែនរីករាយ ក្នុងភូមិសាស្ត្រ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានគូសបញ្ជាក់ថា ឆ្លងតាមរយៈនៃការធ្វើសមយុទ្ធនាគមាស ២០២៣នេះដែរ កងទ័ពប្រទេសយើងទាំងពីរ បានឯកភាពគ្នាថានឹងរៀបចាំធ្វើសមយុទ្ធថ្មីមួយទៀតនៅក្នុងអំឡុងពាក់កណ្ដាលឆ្នាំ២០២៣ ខាងមុខ
ដែលគ្រោងនឹងដាក់ឈ្មោះថា «លំហាត់សមយុទ្ធការងារមនុស្សធម៌ ផ្នែកសុខាភិបាលយោធារួមគ្នាទេវតាសន្តិភាពឆ្នាំ២០២៣ កម្ពុជា-ចិន»។
លោកវរសេនីយ៍ឯកពិសេស ប៊ី គ័ងយៀន (Bi Guangyuen) បានសម្ដែងនៅអំណរគុណយ៉ាងជ្រាល
ជ្រៅចំពោះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរងនាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងថ្នាក់ដឹកនាំកងយោធពខេមរភូមិន្ទ រួមនិងក្រុមការងារបច្ចេកទេសរៀបចំលំហាត់សុខាភិបាលយោធារួមគ្នាទេវតាសន្តិភាពឆ្នាំ២០២៣ ភាគីកងទ័ពកម្ពុជាដែលបានទទួលស្វាគមន៍យ៉ាងរាក់ទាក់ស្និទ្ធស្នាលបំផុតដល់ប្រតិភូភាគីកងទ័ពរំដោះប្រជាជនចិនក្នុងដំណើរបំពេញការងារនៅកម្ពុជាលើកនេះ។

លោក ប៊ី គ័ងយៀន បានបញ្ជាក់ថា ក្រុមការងាររបស់លោកមកកាន់កម្ពុជាលើកនេះ គឺចំថ្ងៃនៃខួបលើកទី៦៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ កងទ័ពទាំងពីរ ប្រជាជនប្រទេសទាំងពីរចិន-កម្ពុជា។
លោក ប៊ី គ័ងយៀន បញ្ជាក់ថា៖ «ការរៀបចំធ្វើលំហាត់សមយុទ្ធសុខាភិបាលយោធារួមគ្នា ទេវតាសន្តិភាព-ឆ្នាំ២០២៣ លើកនេះ នឹងបង្ហាញដល់ពិភពលោកឱ្យឃើញកាន់តែច្បាស់ថា មិត្តដែកថែបមិនអាចបំបែកបំបាក់ចិន-កម្ពុជា បានពួនជ្រុំយ៉ាងយកចិត្តទុកដាក់ដោយថ្នាក់
ដឹកនាំជំនាន់មុន នៃប្រទេសទាំងពីរ និងបន្តរីកចម្រើនកាន់តែខ្លាំងក្លាក្នុងរយៈពេល៦៥ឆ្នាំ ក្រោយពីការបង្កើតការទូតដែលបង្ហាញពី ទំនាក់ទំនងអន្តរជាតិបែបថ្មី»។

លោក ប៊ី គ័ងយៀន បានបន្តថា លំហាត់សមយុទ្ធនេះ ពិតជាមានសារសំខាន់ជាយុទ្ធសាស្ត នៃទំនាក់ទំនងចិន-កម្ពុជា កាន់តែមានភាពចាំបាច់ថែមទៀត នៅក្នុងបរិបទនៃការផ្លាស់ប្ដូរ និងបញ្ហាប្រឈមនានាយ៉ាងខ្លាំងក្លានៅក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ និងស្របតាមការប្តេជ្ញាចិត្តខ្ពស់របស់រដ្ឋាភិបាល កងទ័ពប្រទេសទាំងពីរ មិនថាស្ថានភាពអន្តរជាតិមានការផ្លាស់ប្ដូរយ៉ាងណាក៏ដោយ ក៏ប្រទេសយើងទាំងពីរនឹងធ្វើឱ្យកាន់តែស៉ីជម្រៅឥតងាករេនូវ «មិត្តភាពដែកថែប យ៉ាងជិតស្និទ្ធ និងអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការជាក់ស្ដែង ឈ្នះឈ្នះដើម្បីផលប្រយោជន៍ទៅវិញទៅមកសំដៅ ជំរុញកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ»។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានផ្ដល់អនុសាសន៍ដល់ក្រុមការងារបច្ចេកទេសរៀបចំលំហាត់សមយុទ្ធសុខាភិបាលយោធារួមគ្នាទេវតាសន្តិភាព ឆ្នាំ២០២៣ កម្ពុជា-ចិន តាមរយៈនៃការអញ្ជើញមកបំពេញការងារនៅកម្ពុជា របស់ប្រតិភូក្រុមការងារបច្ចេកទេសរបស់ភាគីចិន៕

អត្ថបទដែលជាប់ទាក់ទង