ប្រជាពលរដ្ឋដែលទទួល រងផលប៉ះពាល់ពីការ បាក់ស្រុតច្រាំងទន្លេបាសាក់ ត្រូវតែថែរក្សាអាយុជីវិតជាចំបង ដោយមិនគួរបន្តស្នាក់នៅផ្ទះ ដែលបាននិងកំពុងរងផលប៉ះពាល់នោះទេ
កណ្តាល ៖ ក្នុងនាមជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកស្អាង ខេត្តកណ្តាល កាលពីព្រឹកមិញ ឯកឧត្តមឧបរដ្ឋមន្ត្រីប្រាក់សុខុន បានចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ ចំនួន ២១ គ្រួសារ ដែលទទួលរងផលប៉ះពាល់ពីការបាក់ស្រុតច្រាំងទន្លេបាសាក់ ប្រមាណ២០០ម៉ែត្រ សរុបជាផ្ទះចំនួន ៤០ខ្នង កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ នៅចំណុចភូមិត្រពាំងឈូក និងភូមិក្បាលជ្រោយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។
ឯកឧត្តមឧបរដ្ឋមន្ត្រីប្រាក់សុខុន ក៏បានផ្តែផ្តាំបងប្អូនកូនក្មួយ និងអាជ្ញាធរបន្ថែមថា៖
ទី១) គឺត្រូវតែថែរក្សាអាយុជីវិតជាចំបង ដោយមិនគួរបន្តស្នាក់នៅផ្ទះដែលបាននិងកំពុងរងផលប៉ះពាល់នោះទេ។ ទី២) កងកម្លាំង និងអាជ្ញាធរត្រូវបន្តយកចិត្តទុកដាក់ធានាសុវត្ថិភាព និងការពារទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។ ទី៣) សូមបងប្អូនប្រជាពលរដ្ឋស្វែងរកទីកន្លែងស្នាក់នៅបណ្តោះអាសន្ន ខណៈដែលអង្គភាពជំនាញធ្វើការស្វែងរកមូលហេតុដែលបណ្តាលអោយមានគ្រោះមួយនេះ។