ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងឯកអគ្គរដ្ឋទូតអូស្រា្តលីប្រចាំកម្ពុជា ជួបពិភាក្សាការងារ

146

 

ភ្នំពេញ៖ លោក ចាស្ទីន ខេវិន វ៉ាយអេត Justin Kevin Whyatt ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជាបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។

ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី និងលោកឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ប្រកបដោយក្តីសោមនស្សរីករាយចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជានិងអូស្រ្តាលីនាពេលកន្លងទៅលើការគាំទ្រគម្រោងមួយចំនួននៃកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈកម្ពុជា រួមមានជាអាទិ៖ ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីសេវាសាធារណៈ វគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងនវានុវត្តន៍សម្រាប់មន្រ្តីរាជការ។ល។

ក្រៅពីបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការងារមួយចំនួន លោកឯកអគ្គរដ្ឋទូតអូស្រ្តាលី បានចាប់អារម្មណ៍ និងកោតសសើរចំពោះសមទ្ធិផលការងាររបស់ក្រសួងមុខងារសាធារណៈនាពេលថ្មីៗក្នុងក្របខណ្ឌកំណែទម្រង់រដ្ឋបាលសាធារណៈ ដែលមានដូចជា ការលើកកម្ពស់សមត្ថភាពស្ថាប័ន ការកែលម្អការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ការដំឡើងបៀវត្សជូនមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ការបើកផ្តល់បៀវត្សដល់មន្ត្រីរាជការស៊ីវិលជាទៀងទាត់តាមប្រព័ន្ធធនាគារ រួមទាំងការផ្តល់អត្តសញ្ញាណបណ្ណមន្ត្រីរាជការស៊ីវិលប្រភេទថ្មីតាមប្រព័ន្ធឌីជីថលជាដើម។ល។

ជាការឆ្លើយតបចំពោះការលើកឡើងខាងលើ ទាក់ទងនិងសមទ្ធិផលរបស់ក្រសួង លោករដ្ឋមន្រ្តី ព្រុំ សុខា បានគូសបញ្ជាក់ថា ក្រសួងមុខងារសាធារណៈមានផែនការការងារសម្រាប់ជំហានបន្តទៀតរបស់ខ្លួនក្នុងគោលដៅកែទម្រង់រដ្ឋបាលសាធារណៈរួមមាន ការជម្រុញអនុម័តព្រះរាជក្រឹត្យស្តីពីការប្រឡងជ្រើសរើសមន្រ្តីរាជការនៃព្រះរាជណាចក្រកម្ពុជា ការតាក់តែងជាថ្មីនូវច្បាប់សហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល នៃព្រះរាជណាចក្រកម្ពុជា ព្រមទាំងគម្រោងគាំពារសុខមាលភាពមន្រ្តីរាជការ ។ល។

ចុងក្រោយនៃជំនួបនេះទាំងលោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោក ចាស្ទីន ខេវិន វ៉ាយអេត Justin Kevin Whyatt ឯកអគ្គរដ្ឋទូតអូស្រ្តាលី បានសម្តែងនូវជំនឿជឿជាក់យ៉ាងមុតមាំថាកិច្ចសហប្រតិបត្តិការល្អប្រសើរក្នុងកម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ នឹងបន្តរួមចំណែកបន្ថែមទៀតដល់ការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដែលមានប្រយោជន៍ទាំងសងខាងសម្រាប់រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា និងអូស្រ្តាលី៕

អត្ថបទដែលជាប់ទាក់ទង