ក្រុមហ៊ុន Google នៅតែបន្តជំរុញការអភិវឌ្ឍធនធានមនុស្ស ការធ្វើបរិវត្តកម្មឌីជីថល និងការស្វែងរកសក្តានុពលថ្មីៗ ក្នុងវិស័យឌីជីថល នៅកម្ពុជា
ភ្នំពេញ៖ នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ឯកឧត្តម ជាប សត្ថារតន៍ រដ្ឋលេខាធិការប្រចាំការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានទទួលជួបពិភាក្សាការងារជាមួយ លោក Yves Gonzalez តំណាងក្រុមហ៊ុន Google ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
លោក Yves Gonzalez មានសេចក្តីសោមនស្សរីករាយ ដែលបានមកបំពេញទស្សនៈកិច្ចនៅកម្ពុជា ដើម្បីស្វែងយល់អំពីបរិវត្តកម្មឌីជីថល និងឱកាសដែលក្រុមហ៊ុន Google អាចចូលរួមលើកកម្ពស់កិច្ចអភិវឌ្ឍន៍វិស័យឌីជីថលនៅកម្ពុជា។ លោកក៏បានបង្ហាញនូវឆន្ទៈខ្ពស់ក្នុងការគាំទ្រដល់ចក្ខុវិស័យ គោលនយោបាយ និងសកម្មភាពអាទិភាពរបស់ក្រសួង ដើម្បីជំរុញការអភិវឌ្ឍប្រទេសក្នុងយុគសម័យឌីជីថលនេះ។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ លោក Yves Gonzalez ដែលបានបង្ហាញនូវស្មារតីចូលរួមចំណែកដល់ការអភិវឌ្ឍវិស័យឌីជីថលនៅកម្ពុជា។ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ក៏បានស្នើដល់ក្រុមហ៊ុន Google ពិនិត្យលទ្ធភាពដូចជា៖ (១) បន្តកិច្ចសហការរៀបចំបណ្តុះបណ្តាល Be Professional Youtubers វគ្គទី២ (2) រៀបចំវគ្គបណ្តុះបណ្តាលសម្រាប់មន្ត្រីរាជការ ក.ប.ទ. សិស្ស និស្សិត និងប្រជាពលរដ្ឋស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថល (៣) ជួយរៀបចំគោលនយោបាយ Cloud First Policy (៤) ជួយលើកស្ទួយធុរកិច្ចថ្មីឌីជីថល (Digital Startups) នៅកម្ពុជា និង (៥)ពង្រឹងសមត្ថភាព Google Translate ជាភាសាខ្មែរ, ផ្តល់មុខងារ បន្ថែមនៅលើ Google Map និងផ្តល់ព័ត៌មានបន្ថែមពី Google Cloud Products របស់ក្រុមហ៊ុនផងដែរ។
ជាការឆ្លើយតបលោក Yves Gonzalez បានបង្ហាញគោលជំហរជួយគាំទ្រយ៉ាងមុតមាំ និងធ្វេីការបន្តជាមួយក្រុមការងារបច្ចេកទេសទទួលបន្ទុករបស់ Google ដើម្បីជួយគាំទ្រលើសំណើដែលបានលើកឡើង។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុន Google ដែលបានជួយគាំទ្រដល់ ក.ប.ទ. លើការពិនិត្យផ្តល់យោបល់លើបទប្បញ្ញត្តិ ការរៀបចំវគ្គបណ្តុះបណ្តាលនាពេលកន្លងទៅ ហើយឯកឧត្តមបានបង្ហាញសុទិដ្ឋិនិយមខ្ពស់ថា ក្រុមហ៊ុន Google នឹងនៅតែបន្តជំរុញការអភិវឌ្ឍធនធានមនុស្ស ការធ្វើបរិវត្តកម្មឌីជីថល និងការស្វែងរកសក្តានុពលថ្មីៗក្នុងវិស័យឌីជីថលនៅកម្ពុជា៕