ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោនាយកយករដ្ឋមន្ត្រី នៅតែបន្តអំពាវនាវឲ្យចូលរួមថែរក្សាសន្តិភាព ឲ្យបានគង់វង់បន្តទៀត មានសន្តិភាព ទើបមានការអភិវឌ្ឍ

115

 

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយគណៈចលនាសាសនិកឥស្លាមគ្រប់ថ្នាក់ របស់គណបក្សប្រជាជនកម្ពុជា សរុបប្រមាណ ៣,៥៤០នាក់ ដែលធ្វើឡើងនៅវិមាន៧មករា ស្នាក់ការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា។
តាមរបាយការណ៍របស់ ឯកឧត្តម អូស្មាន ហាហ្សាន់ ប្រធានគណៈចលនាសាសនិកឥស្លាម របស់គណបក្សប្រជាជនកម្ពុជា បានលើកឡើងពីប្រវត្តិនៃការបង្កើតគណកម្មការ គណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា ដោយក្នុងឆ្នាំ១៩៩៨ គណៈចលនានេះត្រូវបានបង្កើតឡើងដោយ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី។

ឯកឧត្តមបានបន្តថា គណៈចលនាសាសនិកឥស្លាមបានអនុវត្តបានយ៉ាងខ្ជាប់ខ្ជួន នូវអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោប្រធានគណបក្ស ហើយជាលទ្ធផលនៅគ្រប់អាណត្តិនៃការបោះឆ្នោត ទាំងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ កត់សម្គាល់ឃើញថា បងប្អូនខ្មែរឥស្លាមបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា មានភាគរយខ្ពស់។

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី បានបង្ហាញនូវក្តីរីករាយ ក្នុងជំនួបជាមួយបងប្អូនខ្មែរ-ឥស្លាម ជាង៣ពាន់នាក់នាថ្ងៃនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានមានប្រសាសន៍អបអរសាទរចំពោះការបញ្ចប់ដោយជោគជ័យនៃខែរ៉ាម៉ាដន របស់បងប្អូនខ្មែ-ឥស្លាម កន្លងទៅថ្មីៗនេះ។ សម្តេចតេជោបានថ្លែងនូវការកោតសរសើរចំពោះការចូលរួមរបស់បងប្អូនខ្មែរ-ឥស្លាម ក្នុងការអភិវឌ្ឍរបស់ប្រទេសជាតិជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា។ សម្តេចតេជោក៏បានអរគុណដល់បងប្អូនខ្មែរ-ឥស្លាម ដែលកន្លងមកបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានភាគរយច្រើនលើលប់ ហើយការបោះឆ្នោតអោយគណបក្សប្រជាជនកម្ពុជា នេះ គឺជាការចូលរួមរក្សាបាននូវសេចក្តីសុខ និងសុខសន្តិភាពរបស់ជាតិយើងទាំងមូល។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថ្លែងដោយក្តីមោទនភាពចំពោះភាពជោគជ័យនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ របស់ប្រទេសកម្ពុជាយើង។ សម្តេចបន្តថា វិធានការណ៍នៃការចាក់ស្រោចវ៉ាក់សាំង គឺជាកត្តាសំខាន់បំផុតក្នុងការទប់ស្កាត់ ប្រយុទ្ធប្រឆាំងកូវីដ១៩ រួមជាមួយនឹងការចូលរួមសហការរបស់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសសម្តេចក៏បានអរគុណដល់ប្រទេសដៃគូរទាំងអស់ដែលបានផ្តល់វ៉ាក់សាំងមកកម្ពុជា ជាពិសេសប្រទេសចិនដែលផ្តល់ច្រើនជាងគេ ទាំងការផ្តល់ជំនួយនិងការបញ្ជារទិញរបស់កម្ពុជា។ សម្តេចតេជោបានមានប្រសាសន៍បន្តទៀតថា ការយកឈ្នះលើកូវីដ១៩ គឺបានផ្តល់ឱកាសអោយយើងគ្រប់គ្នាបានជួបជុំគ្នាឡើងវិញ ជាពិសេសក្នុងពិធីស្រាយបួសកន្លងទៅនេះ យើងបានជួបជុំគ្នារហូតដល់ជាង៦ពាន់នាក់ ហើយក៏អនុញ្ញាតអោយយើងបើកដំណើរការប្រទេសជាតិជាប្រក្រតីភាពឡើងវិញផងដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ពីការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជាក្រោយវិបត្តិកូវីដ១៩ ក្នុងនោះទាំងវិស័យទេសចរណ៍ សេវាកម្ម ជាដើមចាប់ផ្តើមងើបឡើងវិញហើយ។

សម្តេចបន្តថា កម្ពុជានឹងក្លាយអធិរាជស្វាយចន្ទីនាពេលខាងមុខ ហើយរាជរដ្ឋាភិបាលកំពុងជំរុញក្នុងការនាំចេញស្វាយចន្ទីអោយបានច្រើននាពេលខាងមុខផងដែរ។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងដោយក្តីមោទនភាព នៃភាពជោគជ័យ នៃកិច្ចប្រជុំអាស៊ាន ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះកន្លងទៅថ្មីៗនេះ ក្នុងនោះ ឯកសារជាង១០០ឯកសារត្រូវបានចេញសេចក្តីប្រកាស ដោយមិនមានឯកសារណាមួយរាំងស្ទះឡើយ។ ទាក់ទងនឹងព្រឹត្តិការណ៍ស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងពេលដ៏ខ្លីខាងមុខនេះ​ សម្តេចតេជោនាយករដ្ឋមន្ត្រីសុំយកឱកាសនេះ រំលឹកបន្ថែមសារជាថ្មី ដល់បណ្តារាជធានីខេត្តនានា គឺត្រូវរៀបចំស្លាយវីដេអូផ្សាយបន្តផ្ទាល់អោយបានច្រើនកន្លែង ទាំងក្រុង និងខេត្ត ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋក៏ដូចជាអ្នកស្នេហាវិស័យកីឡាបានតាមដានទស្សនា នៅនឹងទីតាំងសំខាន់ៗទាំងអស់នោះជៀសវាងការសម្រុកមកទស្សនានៅពហុកីឡដ្ឋានជាតិ ដែលមានមនុស្សច្រើនកុះករនោះ។ សម្តេចតេជោ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលទៅមើលផ្ទាល់សូមរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ ជៀសវាងការប្រជ្រៀតគ្នា ដែលបង្កឲ្យបាត់សណ្ដាប់ធ្នាប់ និងប្រឈមនូវហានិភ័យផ្សេងៗ។

សម្តេចតេជោនាយកយករដ្ឋមន្ត្រីនៅតែបន្តអំពាវនាវឲ្យចូលរួមថែរក្សាសន្តិភាពឲ្យបានគង់វង់ បន្តទៀត មានសន្តិភាព ទើបមានការអភិវឌ្ឍ។ ជាមួយគ្នានោះ សម្តេចតេជោក៏សុំឲ្យចូលរួមរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងត្រូវចូលរួមទប់ស្កាត់អតិផណាអោយបាន។ គ្រប់ស្ថាប័នទាំងអស់ត្រូវចេះសន្សំសំចៃក្នុងការចំណាយផ្សេងៗ និងត្រូវចូលរួមលុបបំបាត់ការរកស៊ីគេចពន្ធ ព្រមទាំងត្រូវខិតខំរកចំណូលសម្រាប់ជាតិឲ្យបានច្រើន។ សម្តេចតេជោក៏អំពាវនាវអោយមានការចូលរួមរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម បន្តការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពអោយបានខ្ចាប់ខ្ជួន ដូចជាទប់ស្កាត់ការការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ទប់ស្កាត់ល្បែងស៊ីសងគ្រប់ប្រភេទ និងរួមគ្នាទប់ស្កាត់បញ្ហាគ្រោះថ្នាក់ចរាចរណ៍ទាំងអស់គ្នា។
សម្តេចតេជោបន្តថា បន្ទាប់ពីព្រឹត្តិការណ៍ស៊ីហ្គេមរួចហើយនោះ ព្រឹត្តិការណ៍នៃការបោះឆ្នោតជាតិ នឹងត្រូវចូលមកដល់ ដូច្នេះសម្ដេចតេជោសូមអោយធ្វើយ៉ាងណា ឲ្យការបោះឆ្នោតជាតិនៅពេលខាងមុខនេះ បានប្រព្រឹត្តទៅដោយរលូន មិនមានការគាបសង្កត់ ដោយសេរី និងយុត្តិធម៌ ពោលគឺត្រូវស្ថិតក្នុងបរិយាកាសល្អបំផុត៕

អត្ថបទដែលជាប់ទាក់ទង