ក្នុងឆ្នាំ២០២២ ទំហំពាណិជ្ជកម្មកម្ពុជា និងចក្រភពអង់គ្លេស បានកើនដល់ជាង ៩៧៧ លានដុល្លារអាម៉េរិក
ភ្នំពេញ៖ បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩ ទំហំពាណិជ្ជកម្មកម្ពុជា និងចក្រភពអង់គ្លេសបានបន្តកើនឡើងជាប់ជាលំដាប់។ ជាក់ស្តែង ក្នុងឆ្នាំ២០២២ កន្លងទៅទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរបានកើនដល់ជាង ៩៧៧ លានដុល្លារអាម៉េរិក ឬកើនឡើងប្រមាណ ២៣.៩% ធៀបនឹងឆ្នាំ២០២១ ហើយទំនិញសំខាន់ៗ ដែលកម្ពុជានាំចេញទៅចក្រភពអង់គ្លេសគឺ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប រីឯទំនិញដែលចក្រភពអង់គ្លេសនាំចូលមកកម្ពុជាគឺរថយន្ត និងកាកសំណល់ឧស្សាហកម្មសម្រាប់ផលិតចំណីសត្វ។
ភាគីកម្ពុជា និងភាគីចក្រភពអង់គ្លេសបានឯកភាពគ្នាពង្រីកកិច្ចសហប្រតិបត្តិលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឱ្យកាន់តែរីកចម្រើនឈានឡើង សម្រាប់ប្រទេស និងប្រជាជនទាំងពីរ។
ការបញ្ជាក់នេះនៅក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយឯកឧត្តម ដូមីនិក វីល្លៀម (Dominic Williams) ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ នៅទីស្ដីក្រសួង។
នាឱកាសនោះ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានឱ្យដឹងថា ការនាំចេញផលិតផលកាត់ដេរទៅកាន់ចក្រភពអង់គ្លេសមានស្ថានភាពល្អ ដែលផ្តល់ការងារដល់ស្រ្តីកម្ពុជាជាច្រើន ខណៈចក្រភពអង់គ្លេសនៅតែបន្តយកចិត្តទុកដាក់លើស្ត្រីនៅកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបន្តថា គម្រោងរោងចក្រកាន់តែប្រសើរ ILO-BFC មានរយៈពេល២០ឆ្នាំមកហើយ ក្នុងការបន្តអនុស្សរណៈនៃការយោគយល់គ្នា ដែលមានយន្តការត្រីភាគី ការគោរពលក្ខខណ្ឌការងារក្នុងការបង្ហាញ ពីតម្លាភាពដល់អង្គការអន្តរជាតិនានា។ ចំពោះការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ កម្ពុជាខិតខំបណ្តុះបណ្តាលឲ្យទាន់តម្រូវការ ដោយឥឡូវនេះកម្ពុជាកំពុងខ្វះខាតកម្លាំងពលកម្មជំនាញ ដូច្នេះហើយរាជរដ្ឋាភិបាលកម្ពុជា មានកម្មវិធីបណ្តុះបណ្តាលពិសេស៤ខែ លើសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ (C1) ដល់យុវជនក្រីក្រចំនួន១.៥លាននាក់ ចាប់អនុវត្តពីឆ្នាំ២០២៣នេះ។ ដូច្នេះការបណ្តុះបណ្តាលនេះ ប្រសិនជាមានការបណ្តុះបណ្តាលភាសាអង់គ្លេសបន្ថែម ក្នុងកម្មវិធីនេះ ចាត់ទុកថាជាការបណ្តុះបណ្តាលជំនាញទន់ (Soft Skills Training)។
ទន្ទឹមនឹងនោះ ឯកឧត្តមឯកអគ្គរាជទូត បានឱ្យដឹងថា ចក្រភពអង់គ្លេសនឹងបន្តជំរុញឱ្យមានការបណ្តុះបណ្តាល TVET បន្ថែមទៀតនៅកម្ពុជា និងបានផ្ដល់យោបល់ឱ្យភាគីកម្ពុជាអាចបង្កើតបណ្តាញ TVET ក្នុងឱកាសវេទិកាអប់រំពិភពលោកលើកទី១៩ នឹងប្រព្រឹត្តទៅពីថ្ងៃទី៧-១០ ខែឧសភា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលអេលីហ្សាប៊ែតទី២ ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។ ជាមួយនេះ ឯកឧត្តមឯកអគ្គរាជទូត មានបំណងចង់ទាក់ទាញអ្នកជំនាញអង់គ្លេសមកបណ្តុះបណ្តាលនៅកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានឆ្លើយតបវិញថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អាចផ្តល់បណ្ណការងារ និងកូតាសម្រាប់បុគ្គលិកជនជាតិអង់គ្លេស ដែលមកបម្រើការងារនៅក្នុងប្រទេសកម្ពុជា ទន្ទឹមនឹងនេះ ក្រសួងក៏នឹងផ្តល់អាទិភាពសម្របសម្រួលអ្នកជំនាញជាន់ខ្ពស់ជូនភាគីចក្រភពអង់គ្លេសផងដែរ។
ឯកឧត្តម ដូមីនិក វីល្លៀម បានបញ្ជាក់ថា ចក្រភពអង់គ្លេសគ្រោងនឹងរៀបចំដាក់ចេញនូវប្រព័ន្ធអនុគ្រោះពន្ធថ្មី (Developing Countries Trading Scheme – DCTS) ដែលគ្រោងនឹងអនុវត្តនៅខែមេសា ឆ្នាំ២០២៣។ ភាពខុសគ្នារវាងប្រព័ន្ធ GSP និង DCTS នេះនឹងផ្តោតសំខាន់ទៅលើច្បាប់នៃប្រភពដើម។ ឯកឧត្តមឯកអគ្គរាជទូតបន្តថា ទោះបីស្ថានភាពកម្ពុជាចាកចេញពីប្រទេសក្រីក្រ (Least Developed Country) ក៏ចក្រភពអង់គ្លេសនៅតែផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធដល់កម្ពុជាដែរ តាមរយៈប្រព័ន្ធអនុគ្រោះពន្ធថ្មី (Developing Countries Trading Scheme) ហៅកាត់ DCTS។ តាមរយៈការអនុគ្រោះនេះ កម្ពុជាបានទទួលអត្ថប្រយោជន៍ច្រើនក្នុងការនាំចេញទំនិញមួយចំនួនទៅអង់គ្លេស មានដូចជាសម្លៀកបំពាក់ ស្បែកជើង កាបូប កង់ និងផលិតផលកសិកម្មមួយចំនួន ដោយគ្មានរបាំងពន្ធឡើយ ខណៈផលិតផលអង់គ្លេសនាំចូលមកកម្ពុជាមាន៖ រថយន្ត គ្រឿងម៉ាស៊ីន គ្រឿងអគ្គិសនី គ្រឿងអេឡិចត្រូនិកជាដើម។
ឯកឧត្តមឯកអគ្គរាជទូត បានបង្ហើបពីគម្រោងសម្រាប់អភិវឌ្ឍន៍កម្ពុជា ខាងការបណ្តុះបណ្តាលជំនាញអេឡិចត្រូនិកជាន់ខ្ពស់ ព្រោះនៅចក្រភពអង់គ្លេសគឺសម្បូរអ្នកជំនាញផ្នែកនេះ។
លើសពីនេះ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានលើកឡើងបន្ថែមថា ពាក់ព័ន្ធនឹងក្រុមប្រឹក្សាអាជ្ញាកណ្តាល (AC) បានបង្កើតឡើ២៣ឆ្នាំមកហើយ ជាយន្តការមួយដែលជោគជ័យ ឯករាជ្យ។ ប៉ុន្មានឆ្នាំនេះ ទំនាក់ទំនងវិជ្ជាជីវៈ កាន់តែមានភាពចាស់ទុំ គោរពច្បាប់ការងារកាន់តែល្អ ជម្លោះការងារកាន់តែល្អច្រើនជាងមុន។ តាមគោលការណ៍របស់រាជរដ្ឋាភិបាល គឺលើកទឹកចិត្តឱ្យមានការដោះស្រាយក្រៅប្រព័ន្ធតុលាការ។
មិនតែប៉ុណ្ណោះ កម្ពុជា និងចក្រភពអង់គ្លេសគ្រោងនឹងចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីការបង្កើតវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នា នាពេលខាងមុខដើម្បីជម្រុញការដោះដូរទំនិញ និងការវិនិយោគរវាងប្រទេសទាំងពីរ ៕