ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន បានស្នើដល់បងប្អូនប្រជាពលរដ្ឋ ដែលស្នេហាវិស័យកីឡាមេត្តាយោគយល់ និងរក្សានូវភាពថ្លៃថ្នូរ ក្នុងពេលប្រកួតនីមួយៗ នៃការប្រកួតកីឡាស៉ីហ្គេម

58

 

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ បានផ្ញើសារសម្លេងពិសេសជូនជនរួមជាតិ ពាក់ព័ន្ធសណ្តាប់ធ្នាប់ នៃការប្រកួតកីឡាស៉ីហ្គេម ដោយសម្តេចតេជោ បានស្នើដល់បងប្អូនប្រជាពលរដ្ឋ ដែលស្នេហាវិស័យកីឡាមេត្តាយោគយល់ និងរក្សានូវភាពថ្លៃថ្នូរ ក្នុងពេលប្រកួតនីមួយៗ។

បើតាមសាររបស់សម្តេចនាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ , សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការរៀបចំស្លាយសម្រាប់បងប្អូនប្រជាពលរដ្ឋ ទស្សនាការប្រកួតកីឡាបាល់ទាត់ ក្នុងព្រឹត្តិការណ៍ស៉ីហ្គេម គឺជារឿងចាំបាច់ ព្រោះថាកៅអ៉ីពហុកីឡដ្ឋានដែលរៀបចំប្រកួតផ្ទាល់ កំណត់សម្រាប់ចំនួនមនុស្សដែលទៅទស្សនាផ្ទាល់ ដូច្នេះអាជ្ញាធរគ្រប់រាជធានីខេត្ត ត្រូវរៀបចំទីកន្លែងសម្រាប់បងប្អូនប្រជាជពលរដ្ឋទស្សនា និងត្រូវរក្សាឲ្យបាននូវសន្តិសុខ ជូនពួកគាត់ឲ្យបានល្អ។

ជាមួយគ្នានេះ សម្តេចតេជោបានស្នើដល់បងប្អូនប្រជាពលរដ្ឋ ដែលស្នេហាវិស័យកីឡាមេត្តាយោគយល់ និងរក្សានូវភាពថ្លៃថ្នូរ ក្នុងពេលប្រកួតនីមួយៗ ព្រោះជាបទពិសោធន៍ឆ្នាំ២០១៦ នៅពេលក្រុមជម្រើសជាតិកម្ពុជា ប្រកួតជាមួយប្រទេសទីម័រខាងកើត មានបងប្អូនមួយចំនួន បានផ្លោះរបងចូលទស្សនា ដែលធ្វើឲ្យបាត់នូវសណ្តាប់ធ្នាប់។ ពេលនោះ និងពេលនេះ មានស្ថានភាពមិនដូចគ្នាទេ កម្ពុជាទទួលនូវភ្ញៀវរាប់ម៉ឺននាក់ ដែលមកកាន់ទីក្រុងភ្នំពេញ និងទីកន្លែងដទៃទៀត នៅតាមបណ្តាខេត្ត ដូចជាខេត្តសៀមរាប ព្រះសីហនុ ខេត្តកំពត និងខេត្តកែប ជាដើម។

ជាមថ្មីម្តងទៀត សម្តេចបានស្នើសុំចិត្តបងប្អូនប្រជាពលរដ្ឋ មេត្តាយោគយល់ ធ្វើយ៉ាងណាកុំឲ្យបាត់បង់នូវសណ្តាប់ធ្នាប់ តាមរយៈការមិនគោរពវិធានការផ្នែកសន្តិសុខសណ្តាប់ធ្នាប់សង្គម ប្រសិនបើមិនមានសំបុត្រចូលទស្សនាទេ អាចទស្សនាតាមរយៈការបញ្ចាំងស្លាយ ដែលអាជ្ញាធររៀបចំជូននៅតាមរាជធានី-ខេត្ត ព្រោះប្រសិនបងប្អូនមិនមានសំបុត្រហើយ នាំគ្នាសម្រុកចូលមើលការប្រកួតផ្ទាល់​ដែលមានមនុស្សរាប់ម៉ឺននាក់ ប្រសិនបើមានហេតុការណ៍ណាមួយកើតឡើង ដូចជាការរត់ជាន់គ្នា នោះគឺជារឿងដ៏គ្រោះថ្នាក់ ដល់អាយុជីវិតប្រជាជន។

សម្តេចតេជោ ហ៊ុន សែន បានស្នើសុំបងប្អូនប្រជាពលរដ្ឋ ទោះបីគាំទ្រលើក្រុមណាក៏ដោយ សូមប្រកាន់យកនូវឥរិយាបថថ្លៃថ្នូរ ដោយមិនប្រើប្រាស់ការជេរប្រមាថ លើក្រុម ឬកីឡាករដែលខ្លួនមិនពេញចិត្ត បើទោះជេរប្រមាថដោយផ្ទាល់ ឬតាមបណ្តាញសង្គមក្តី សូមរក្សានូវភាពថ្លៃថ្នូរ ដើម្បីធានាថាកម្ពុជាមិនមានអ្វីកើតឡើង ដោយសូមរក្សានូវសាមគ្គីភាពជាមួយកីឡាករ ដែលមកពីប្រទេសផ្សេងៗ ទោះបីចាញ់ ឬឈ្នះក្តី យើងជាម្ចាស់ផ្ទះត្រូវមានឥរិយាបទសមគួរជាមួយភ្ញៀវ។

សម្តេតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ខ្ញុំសង្ឃឹមថា បងប្អូនយើងទាំងអស់ ទទួលយកនូវការអំពាវនាវ នេះជាការធ្វើនូវកិច្ចការដ៏ធំ ដើម្បីកិត្តិយស និងសេចក្តីថ្លៃថ្នូរជាតិ។ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ជាតិ គឺបានមកពីបុគ្គលម្នាក់ៗចូលរួម ប្រសិនបើបុគ្គលម្នាក់ៗចូលរួម វាបង្កើតបានជាសេចក្តីថ្លៃថ្នូររបស់ជាតិយើង ដូច្នេះសង្ឃឹមថាបងប្អូនប្រជាពលរដ្ឋ ​ទទួលយកនូវការអំពាវនាវនេះ ដោយគោរពឲ្យខាងតែបាននូវសណ្តាប់ធ្នាប់ ដែលរៀបចំដោយអាជ្ញាធរពាក់ព័ន្ធ។

សម្តេចតេជោនាយករដ្ឋមន្ត្រី សង្ឃឹមថា បងប្អូនប្រជាពលរដ្ឋ នឹងរក្សាបាននូវសេក្តីថ្លៃថ្នូរ ដែលនឹងក្លាយជាទម្លាប់ដ៏ល្អ សម្រាប់ប្រទេសកម្ពុជា និងទទួលបានការស្រឡាញ់រាប់អានពីកីឡាករ និងភ្ញៀវដែលមកទស្សនាក្នុងប្រទេសកម្ពុជា។ ការៀបចំការប្រកួតកីឡាស៉ីហ្គេមនេះ កម្ពុជាចំណាយប្រមាណ ១២៨លានដុល្លារអាមេរិក ដើម្បីធ្វើជាម្ចាស់ផ្ទះ ដូច្នេះឥរិយាបទម្ចាស់ផ្ទះគឺជារឿងត្រូវយកចិត្តទុកដាក់ និងរៀបចំឲ្យបានល្អ៕

អត្ថបទដែលជាប់ទាក់ទង