សម្តេចតេជោ ហ៊ុន សែន សម្រេចលុបចោលអនុក្រឹត្យស្តីពីការអភិរក្សសត្វ ដោយអនុញ្ញាតឱ្យរាយមងក្រឡាតូចឡើងវិញ នៅតំបន់ការពារសត្វផ្សោត តែត្រូវគ្រប់គ្រងឱ្យបានមងក្រឡាធំ និងឧបករណ៍ឆក់
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ បានប្រកាសអនុញ្ញាតឲ្យប្រជាពលរដ្ឋ រស់នៅក្នុងតំបន់ការពារសត្វផ្សោតនៃផ្នែកមួយខេត្តក្រចេះ និងខេត្តស្ទឹងត្រែង អាចរាយមងក្រឡាតូច ដើម្បីប្រើដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ខ្លួនបានឡើងវិញ ប៉ុន្តែមិនអនុញ្ញាតឲ្យមានការដាក់មងក្រឡាធំ និងឧបករណ៍ឆក់នោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីអនុវត្តន៍នូវការហាមឃាត់ការនេសាទ ដោយប្រើប្រាស់មងគ្រប់ប្រភេទ ចាប់ពីខែកម្ភៈ រហូតមកដល់ខែមេសានេះ នៅតែមានសត្វផ្សោតងាប់ ជាមួយគ្នានឹងផលប៉ះពាល់អ្នកនេសាទរាប់ពាន់គ្រួសារ ដូច្នេះទើបសម្តេចសម្រេចលុបចោលអនុក្រឹត្យ ស្តីពីការអភិរក្សសត្វ ផ្សោតដែលចេញ កាលពីខែកុម្ភៈ ឆ្នាំ២០២៣។
សម្តេចបានថ្លែងថា ពាក់ព័ន្ធការអភិរក្សសត្វផ្សោតនេះ គឺអនុញ្ញាតឱ្យត្រឡប់ទៅប្រើប្រាស់អនុក្រឹត្យកាលពីឆ្នាំ២០១២វិញ ដោយធ្វើការពង្រឹងការប្រើប្រាស់មងក្រឡាធំ និងឧបករណ៍ឆក់ឲ្យមានប្រសិទ្ធភាពខ្ពស់។
ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបិទ និងបើកវគ្គបណ្តុះបណ្តាលមន្ត្រីរាជការនៅសាលាភូមិន្ទរដ្ឋបាល។ ពិធីបិទ និងបើកវគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «រឿងទាក់ទងនឹងអន្លង់ផ្សោត ដែលគ្រប់ដណ្តប់មួយផ្នែករបស់ខេត្តក្រចេះ និងមួយផ្នែករបស់ខេត្តស្ទឹងត្រែង ដោយសារតែផ្សោតវាបានស្លាប់ជាបន្តបន្ទាប់ ដោយសារការជាប់មង នៅពេលដែលខ្ញុំទៅបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គនៅឯខេត្តក្រចេះ ពេលនោះខ្ញុំក៏បានផ្តល់អនុសាសន៍ឲ្យរៀបចំតំបន់ស្នូល ហើយហាមឃាត់ការធ្វើនេសាទដោយមង ប៉ុន្តែបន្ទាប់ពីការអនុវត្តពីខែកម្ភៈ រហូតមកដល់ខែមេសានេះ ក៏មាននៅតែសត្វផ្សោតងាប់ដដែល ជាមួយគ្នានឹងផលប៉ះពាល់អ្នកនេសាទរាប់ពាន់គ្រួសារ ដូច្នេះយប់មិញនេះត្រូវបានទទួលការសម្រេចជ្រើសយកវិធានការមួយ ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្តល់នូវជម្រើសចំនួន៥ ក្នុងចំណោមជម្រើសទាំង៥នេះ ខ្ញុំបានជ្រើសរើសទី១ គឺលុបចោល អនុក្រឹត្យថ្មី ដែលចេញកាលពីខែកុម្ភៈ ដែលផ្សោតជាប់មង នៅតែជាប់មងដដែល ទទន្ទឹមគ្នាក៏មានផលប៉ះពាល់រាប់ពាន់គ្រួសារ អីចឹងក៏សម្រេចបែបនេះ ប៉ុន្តែអនុវត្តអនុក្រឹត្យថ្មី ត្រូវតែពង្រឹងនូវការគ្រប់គ្រងមងក្រឡាធំ បូកជាមួយនឹងការឆក់ រឿងវានៅកន្លែងនេះ មិនស្ថិតលើមង ឬមិនមងទេ»។
សម្តេចតេជោ ហ៊ុន សែន ចាត់ទុកការសម្រេចចិត្តរបស់សម្តេចនេះ មានចរិតជាការនៃកែទម្រង់ សេចក្តីសម្រេចមិនមែនត្រូវទាំងអស់នោះទេ តែបើឃើញខុសប៉ះពាល់ប្រជាពលរដ្ឋ គឺត្រូវកែឡើងវិញភ្លាមៗ។
សម្តេចតេជោ ហ៊ុន សែន ការយោគយល់ពីប្រជាជននៅខេត្តក្រចេះ និងខេត្តស្ទឹងត្រែង គោលបំណងរបស់រាជរដ្ឋាភិបាល គឺល្អទេ ដើម្បីអភិរក្សសត្វផ្សោតឲ្យបានគង់វង្ស ប៉ុន្តែអ្វីដែលបានអនុវត្តន៍ មិនដូចគោលបំណងដែលចង់បាន ដូច្នេះទើបអនុញ្ញាតឲ្យបងប្អូនវិលត្រឡប់ ទៅអនុវត្តន៍ដូចស្ថានភាពដើម ប៉ុន្តែត្រូវពង្រឹកការគ្រប់គ្រងមិនអនុញ្ញតឲ្យដាក់មងក្រឡាធំ និងប្រើប្រាស់ឧបករណ៍ឆក់នោះទេ។
សូមជម្រាបថា ផ្សោតទឹកសាបជាថនិកសត្វមួយប្រភេទ ដែលមានដោយកម្រនៅលើពិភពលោក ហើយនៅមានព្រះរាជាណាចក្រកម្ពុជា។ ផ្សោតទឹកសាប ត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហម របស់អង្គការសហភាពអន្តរជាតិ ដើម្បីការអភិរក្សធម្មជាតិ IUCN (International Union for Conservation of Nature) ជាប្រភេទសត្វកំពុងរងការគំរាមកំហែង៕