លោក ធាវ ឈីហានទេសរដ្ឋមន្ដ្រីសិង្ហបុរី កោតសរសើរ សម្តេចតេជោ ចំពោះការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា
ភ្នំពេញ៖ លោក ធាវ ឈីហាន (Teo Chee Hean) ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីសម្របសម្រួលសន្ដិសុខជាតិសិង្ហបុរី បានបង្ហាញការកោតសរសើរ ចំពោះការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា។ លោក ចាត់ទុកការរៀបចំនេះបានល្អប្រសើរ និងអស្ចារ្យបំផុត។
លោក ធាវ ឈីហាន បានថ្លែងកោតសរសើរការរៀបចំព្រឹត្តិការណ៍ប្រកួតស៊ីហ្គេមនេះ ក្នុងឱកាសអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចតេជោ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ ។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ បានបញ្ជាក់បែបនេះ « ឯកឧត្តម ធាវ ឈីហាន បានគោរពសម្ដែងការអបអរសាទរ ចំពោះសម្ដេចតេជោ ដែលបានរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម បានយ៉ាងអស្ចារ្យ និងជោគជ័យ»។
លោក ធាវ ឈីហាន បានបន្តថា កីឡា ករ កីឡាការិនី បានមកចូលរួមប្រកួតនេះ ទទួលបានការរីករាយ ដោយទទួលបានការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ។
ក្នុងជំនួបនេះ លោក ធាវ ឈីហាន បានសំដែងការអបអរចំពោះសម្ដេចតេជោ ចំ ពោះការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ បានជោគជ័យ និងការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធប្រកបដោយជោគជ័យ។
លោក ធាវ ឈីហាន បានជម្រាបសម្ដេចតេជោ អំពីដំណើរទស្សនកិច្ចរបស់លោកមកកាន់កម្ពុជាពេលនេះ គឺដើម្បីជំរុញទំនាក់ទំនងរវាងប្រ ទេសទាំងពីរឱ្យឈានឡើងមួយកម្រិតទៀត។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនសិង្ហបុរី ដែលបានបញ្ជូនកីឡាករកីឡាការិនីមកចូលរួមប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជា ដែលបានធ្វើឱ្យព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជាកាន់តែមានភាពឱឡារិកថែមទៀត។
សម្តេចតេជោ ក៏បានថ្លែងអំណរគុណរដ្ឋាភិបាលសិង្ហបុរី ដែលបានគាំទ្រកម្ពុជា ក្នុង ពេលកម្ពុជាដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។
ពាក់ពន្ធការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យឈានឡើងមួយកម្រិតទៀតនោះ សម្ដេចតេជោ បានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រតិបត្តិ ដែលមានស្រាប់រវាងប្រទេសទាំងពីរ ហើយលើកទឹកចិត្តឱ្យភាគីទាំងពីរ ពិនិត្យមើលការជំរុញការអនុវត្តលើកិច្ចព្រមព្រៀងអនុស្សាណៈ ដែលបានចុះហត្ថលេខារួចហើយ ជាពិសេសលើវិស័យថាមពល និងវិស័យទីផ្សារកំបោនជាមួយគ្នា។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យពិនិត្យលទ្ធភាពលើកិច្ចសហប្រតិបត្តិការក្នុងវិស័យដទៃទៀត ដែលអាចធ្វើទៅបាន៕