ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ហ៊ុន ម៉ានី អំពាវនាវអ្នកគាំទ្រកម្ពុជា ថែរក្សាភាពថ្លៃថ្នូរ និងរួមគ្នាកសាងអនុស្សាវរីយ៍វិជ្ជមានល្អៗ ឲ្យបានច្រើនសម្រាប់មិត្តបរទេសដែលមកចូលរួមស៉ីហ្គេម ឆ្នាំ២០២៣

35

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញមកអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជា ពិសេសអ្នកដែលគាំទ្រវិស័យកីឡា ពេលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៉ីហ្គេម លើកទី៣២ ចៀសវាងទង្វើមិនគួរគប្បី ក៏ដូចជាការបញ្ចេញមតិយោបល់លើបណ្ដាញសង្គម ដែលធ្វើឲ្យប៉ះពាល់ដល់ប្រតិភូកីឡាបរទេស គ្រូបង្វឹក ឬអ្នកគាំទ្ររបស់ប្រទេសណាមួយ។

តាមរយៈ Facebook លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា ក្នុងនាមម្ចាស់ផ្ទះ យើងគប្បីធ្វើបដិសណ្ឋារកិច្ច និងយកចិត្តទុកដាក់ទទួលមិត្តភក្តិបរទេសដែលអញ្ញើញមកកម្ពុជាមិនថាជាកីឡាករ គ្រូបង្វឹក ឬអ្នកគាំទ្រណានោះទេ ធ្វើយ៉ាងណាផ្តល់នូវភាពការស្វាគមន៍ប្រកបដោយភាពកក់ក្តៅ ភាតរភាព និងទទួលបានអនុស្សាវរីយ៍ល្អៗ។

ការចេញមកអំពាវនាវរបស់លោក ហ៊ុន ម៉ានី បានធ្វើឡើងបន្ទាប់ពីមានបាតុភាពមួយកើតឡើង រវាងអ្នកគាំទ្រកីឡាករបាល់ទះកម្ពុជា ទៅកាន់ប្រតិភូកីឡាករបាល់ទះរបស់ប្រទេសថៃ ក្រោយប្រកួតចាញ់កម្ពុជា នៅយប់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ នាពហុកីឡដ្ឋានជាតិអូឡាំពិក។

លោក ហ៊ុន ម៉ានី បានថ្លែងយ៉ាងដូច្នេះថា «ទង្វើដែលមិនគួរឲ្យកើតមាន!!!

ឈ្នះ ឬ ចាញ់ក្នុងស្មារតីកីឡាជារឿងធម្មតា តែក្នុងនាមយើងជាម្ចាស់ផ្ទះ យើងគប្បីធ្វើបដិសណ្ឋារកិច្ច និងយកចិត្តទុកដាក់ទទួលមិត្តភក្តិបរទេសដែលអញ្ញើញមកកម្ពុជាមិនថាជាកីឡាករ គ្រូបង្វឹក ឬអ្នកគាំទ្រណានោះទេ ធ្វើយ៉ាងណាផ្តល់នូវភាពការស្វាគមន៍ប្រកបដោយភាពកក់ក្តៅ ភាតរភាព និងទទួលបានអនុស្សាវរីយ៍ល្អៗខណៈពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

រឿងរ៉ាវដែលនាំឲ្យមានការប៉ះពាល់ដល់សតិអារម្មណ៍ ឬការមិនពេញចិត្តណាមួយមកលើកម្ពុជារបស់យើង បែបនេះ ជាអ្វីដែលយើងគួរតែជៀសវាងឲ្យបានជាដាច់ខាត មិនថាការចូលរួមធ្វើដោយផ្ទាល់ ឬការបញ្ចេញមតិយោបល់លើបណ្តាញសង្គមនោះទេ។

យើងសង្ឃឹម ហើយជឿជាក់ថា រឿងហេតុបែបនេះនឹងមិនមានកើតឡើងជាបន្តទៀតនោះទេ ខណៈពេលដែលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះ ទាំងព្រឹត្តិការណ៍កីឡាស៊ីហ្គេមចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ទាំងអាស៊ានប៉ារ៉ាហ្គេម នៅថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣។

កម្ពុជាយើងបានខិតខំប្រឹងប្រែងច្រើនណាស់ទាំងប្រមុខរាជរដ្ឋាភិបាល ទាំងគណៈកម្មការរៀបចំ ទាំងសហព័ន្ធកីឡានានា ទាំងកីឡាករ កីឡាការិនី និងអ្នកចូលរួមទាំងអស់។

ដូច្នេះយើងម្នាក់ដែលជាប្រជាពលរដ្ឋខ្មែរត្រូវខ្នះខ្នែងប្រឹងប្រែង ចូលរួមដោយសប្បាយរីករាយ ក៏ដូចជាកសាងបាននូវអនុស្សាវរីយ៍ឲ្យបានច្រើនសម្រាប់ខ្លួនយើងផង និងមិត្តភក្តិបរទេសរបស់យើងផង»

អត្ថបទដែលជាប់ទាក់ទង