កម្ពុជានិងសិង្ហបុរី ជំរុញការអនុវត្តតាមកិច្ចព្រមព្រៀង និងអនុស្សាណៈដែលបានចុះហត្ថលេខាហើយ លើវិស័យថាមពល និងវិស័យទីផ្សារកាបោន
ភ្នំពេញ ៖ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម ធាវ ឈីហាន ( Teo Chee Hean ) ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីសម្របសម្រួលសន្ដិសុខជាតិសិង្ហបុរី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
នៅក្នុងជំនួបនេះឯកឧត្តម ធាវ ឈីហ៊ាន បានគោរពសម្ដែងនូវការ អបអរសាទរជូនដល់សម្ដេចតេជោ ដែលបានរៀបចំនូវព្រឹត្តិការណ៍ស៊ីហ្គេមបានយ៉ាងរលូន បានយ៉ាងអស្ចារ្យ និងជោគជ័យ។
ឯកឧត្តម បានប្រសាសន៍ថា កីឡាករ កីឡាការិនី និងអ្នកដែលមកចូលរួមបានទទួលនូវការរីករាយ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ។
ឯកឧត្តមក៏បានគោរពសម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោផងដែរ នៅក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ បានជោគជ័យ និង ការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធបានយ៉ាងជោគជ័យ។
ឯកឧត្តម ធាវ ឈីហ៊ាន ក៏បានគោរពជម្រាបខ្លួនសម្ដេចតេជោថា ក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះ ដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យឈានឡើងមួយជំហ៊ានទៀត។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាល និងប្រជាជនសិង្ហបុរី ដែលបានបញ្ជូនកីឡាករ កីឡាការិនីមកចូលរួមប្រកួតស៊ីហ្គេមនៅកម្ពុជាដែលញ៉ាំងឱ្យព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា កាន់តែមានភាពអធិកអធម។
សម្ដេចតេជោ ក៏បានថ្លែងអំណរគុណផងដែរ ជូនដល់រដ្ឋាភិបាលសិង្ហបុរី ដែលបានគាំទ្រកម្ពុជាក្នុងឱកាសដែលកម្ពុជារៀបចំនិងដឹកនាំកិច្ចប្រជុំកំពូលនិងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅព្រះរាជាណាចក្រកម្ពុជាហើយពាក់ព័ន្ធនឹងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ដើម្បីឈានឡើងមួយជំហានថែមទៀតនោះ។
សម្ដេចតេជោ បានវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការ ដែល មានស្រាប់រវាងប្រទេសទាំងពីរ ទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយក៏បានលើកទឹកចិត្តឲ្យភាគីទាំងពីរពិនិត្យមើលការជំរុញការអនុវត្តតាមកិច្ចព្រមព្រៀង និងអនុស្សាណៈដែលបានចុះហត្ថលេខាហើយ ជាពិសេសលើវិស័យថាមពល និងវិស័យទីផ្សារកាបោន។
ជាមួយគ្នានោះដែរសម្ដេចតេជោ ក៏បានលើកទឹកចិត្តឱ្យមានការពិនិត្យមើលលទ្ធភាពក្នុងការធ្វើកិច្ច សហប្រតិបត្តិការលើវិស័យ ដទៃទៅទៀត ដែលអាចធ្វើទៅបាន៕