ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរដល់ ទិវាអឺរ៉ុប

109

 

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារទៅលោកស្រី អើសូឡា វ៉ាន់ឌើលេន ប្រធានគណៈកម្មការអឺរ៉ុប ដើម្បីអបអរសាទរ ទិវាអឺរ៉ុប។

តាមសារលិខិត នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ បានលើកឡើងថា លោកជំទាវ នាឱកាសនៃ ទិវាអឺរ៉ុប តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំមានកិត្តិយស និង សេចក្តីសោមនស្សរីករាយក្រៃលែង សូមសម្តែងនូវអំណរសាទរយ៉ាងកក់ក្តៅបំផុតជូនលោកជំទាវ ព្រមទាំងប្រជាជនទាំងអស់នៃរដ្ឋជាសមាជិកសហភាពអឺរ៉ុប សូមបានប្រកបនូវសុខភាពល្អ បរិបូណ៌ សុភមង្គល និងវិបុលភាព។

សម្តេចតេជោ បន្តថា នៅពេលសម្តេចគិតអំពីទ្វីបអឺរ៉ុប សម្តេចមិនត្រឹមតែមើលឃើញអំពីសហគមន៍នៃប្រទេសរដ្ឋសមាជិក ប៉ុណ្ណោះទេ ប៉ុន្តែជាការប្រមូលផ្តុំនៃប្រទេសជាច្រើនទៀតដែលជាមិត្ត និងដៃគូរបស់សហភាពអឺរ៉ុប ផងដែរ។ ស្ថិតក្នុងស្មារតីនេះ ពួកយើងគួរតែចងចាំផងដែរថា ឆ្នាំក្រោយគឺជាខួបគម្រប់៣០ឆ្នាំ នៃការ បង្កើតទំនាក់ទំនងកម្ពុជា-សហភាពអឺរ៉ុប។ មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរបស់យើង ពិតជាធន់នឹងការសាកល្បងនៃពេលវេលា ក្នុងអំឡុងរយៈពេលបីទសវត្សកន្លងទៅ។

សម្តេចតេជោ សូមឆ្លៀតយក ឱកាសនេះ សម្តែងនូវអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះគណៈកម្មការអឺរ៉ុប រួមជាមួយបណ្តារដ្ឋសមាជិក ទាំងអស់នៃសហភាពអឺរ៉ុប ចំពោះការប្តេជ្ញាចិត្តដ៏យូរអង្វែង ក្នុងការនាំមកនូវសន្តិភាព ការបង្រួប បង្រួមជាតិ និង ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប្រកបដោយចីរភាពដល់ប្រទេសកម្ពុជា។

សម្តេចតេជោ បន្តទៀតថា ទោះស្ថិតក្នុងកាលៈទេសៈនៃការស្តារឡើងវិញក្រោយជំងឺកូវីដ-១៩ និងសង្រ្គាមដែលកំពុង បន្តមាននៅអ៊ុយក្រែនក៏ដោយ ប្រទេសកម្ពុជា និងសហភាពអឺរ៉ុបបានធ្វើឱ្យប្រសើរឡើងភាពជាដៃគូ តាមរយៈការប្រើប្រាស់កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើង ក្នុងការពង្រឹងពហុភាគីនិយមក៏ដូចជា សម្រេចបាននូវលទ្ធផលជាក់ស្តែងសម្រាប់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលកម្ពុជាមាន មោទនភាពបានរៀបចំកាលពីឆ្នាំ២០២១។ ភាពជោគជ័យដ៏ធំធេងនៃភាពជាប្រធានអាស៊ានរបស់ កម្ពុជាកាលពីឆ្នាំកន្លងទៅ គឺជាសក្ខីភាពដ៏រឹងមាំផងដែរនៃកិច្ចសហការនេះ ដើម្បីដោះស្រាយបញ្ហា តំបន់ និង សកល ក្នុង គោលបំណងថែររក្សានូវសន្តិភាព និងស្ថិរភាព សម្រាប់តំបន់ទាំងពីរ។

នៅចុងឆ្នាំនេះ កម្ពុជាទន្ទឹងរង់ចំាដល់ការរៀបចំ កិច្ចប្រជុំ គណៈកម្មាធិការចម្រុះកម្ពុជា-អឺរ៉ុប លើកទី១២ ហើយសម្តេចតេជោ ជឿជាក់យ៉ាងមុតមាំថាភាគីទាំងពីរនឹងនៅតែបន្តប្តេជ្ញាចិត្ត ដើម្បីពង្រឹងបន្ថែមទៀត នូវទំនាក់ទំនងល្អរបស់យើង ដើម្បីជា ប្រយោជន៍ទៅវិញទៅមករបស់ប្រជាជន និង ប្រជាជាតិយើង។

ជាថ្មីម្តងទៀត សម្តេចតេជោសូមប្រសិទ្ធពរបវរមហាប្រសើរ ជូនចំពោះ លោកជំទាវ ក្នុងការដឹកនាំ សហភាពអឺរ៉ុប ឆ្ពោះទៅកាន់វិបុលភាពកាន់តែប្រសើរឡើង៕

អត្ថបទដែលជាប់ទាក់ទង