ឃុំខ្លួនជនសង្ស័យម្នាក់ ករណីរំលោភលើសេចក្ដីទុកចិត្ត(ឆបោក) និងក្លែងបន្លំឯកសារសារធារណៈ(ក្លែងបន្លំ ឋានៈ តួនាទី) នៅពន្ធនាគារខេត្តពោធិ៍សាត់
ខេត្តពោធិ៍សាត់ ៖ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់នៅថ្ងៃទី ១០ ខែឧសភាឆ្នាំ ២០២៣ នេះបានចេញរបាយការណ៍ឲ្យដឹងថា នៅថ្ងៃអាទិត្យ ទី០៧ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១៣:០២នាទី កំលាំងផ្នែកជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកវាលវែង បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ខឹម សុភ័ណ្ឌ ភេទប្រុស អាយុ៥៩ឆ្នាំ រស់នៅភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ពាក់ព័ន្ធនឹងករណី រំលោភលើសេចក្ដីទុកចិត្ត(ឆបោក) និងក្លែងបន្លំឯកសារសារធារណៈ(ក្លែងបន្លំ ឋានៈ តួនាទី)ដើម្បីមកសួរនាំ និងបន្តនីតិវិធី។រហូតដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំដដែល។
ជនខាងលើត្រូវលោកចៅក្រមស៊ើបសួរ យ៉ែម តុលា ជាចៅក្រមស៊ើបសួរសាលាដំបូងខេត្តពោធិ៍សាត់ បានសម្រេចឱ្យនាំយកជនខាងលើ ទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារខេត្តពោធិ៍សាត់។
លោកធាង ឡេង អធិការនគរបាលស្រុកវាលវែង ប្រាប់ឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ខឹម សុភ័ណ្ឌ អាយុ ៥៩ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិចំការជ្រៃខាងជើង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។
លោកបញ្ជាក់ថា ជនសង្ស័យខាងលើបានដើរធ្វើសកម្មភាពឆបោកបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុក វាលវែង ជាច្រើននាក់ ដោយម្នាក់ៗអស់ប្រាក់ ចាប់ពី 4000 ដុល្លារឡើងទៅនិងលុយខ្មែរអ្នកខ្លះអស់មួយលានរៀល 24 លានរៀល ជាថ្នូរនិងការរត់ការចូលជាអតីតយុទ្ធជនដើម្បីទទួលបានប្រាក់បៀវត្ស។ នេះគ្រាន់តែប្រជាពលរដ្ឋដាក់ពាក្យបណ្ដឹង ដល់សមត្ថកិច្ចហើយនឹងមានប្រជាពលរដ្ឋជាច្រើននាក់ផ្សេងទៀត ក៏រងគ្រោះដោយសារជនខាងលើឆបោកតាមរយៈការបញ្ចុះបញ្ចូលឱ្យចូលជាអតីតយុទ្ធជន ដោយសំអាងលើឯកសារមួយសន្លឹក ដែលមានខ្លឹមសារជាសមាគមសម្ព័ន្ធប្រជាជនដើម្បីសន្តិភាព ដែលតែងតាំងជននេះ ជាប្រធានប្រតិបត្តិអនុសាខាសមាគមផងនិងតាមរយៈសកម្មភាពការងារជាមួយអាជ្ញាធរ ក្រុមការងារ នៅក្នុងមូលដ្ឋានផងដើម្បីបង្ហាញឱ្យពលរដ្ឋឃើញមានទំនុកចិត្តដាក់ទុនជាមួយតែម្ដង៕