ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូនេស៊ី

43

សាធារណរដ្ឋឥណ្ឌូនេស៊ី៖ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន បានជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូលលើកទី៤២ នៅក្រុងលំហែរកាយមាត់សមុទ្ទ ឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូណេស៊ី ពេញរយៈពេល២ថ្ងៃ ក្នុងនោះមេដឹកនាំនៃប្រទេសអាស៊ាន បានឈានទៅចេញសេចក្តីថ្លែងការណ៍របស់ប្រធាន នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ ដោយបានបញ្ជាក់នូវការគាំទ្រចំពោះភាពជាប្រធានអាស៊ានរបស់ឥណ្ឌូនេស៊ី ក្រោមមូលបទ “សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន និងវឌ្ឍនភាពក្នុងការសម្រេចបាន នូវអាទិភាពរបស់អាស៊ានឆ្នាំ២០២៣ ដែលមានគោលដៅពង្រឹងអាស៊ាន ជាអង្គការមួយដែលមានភាពរឹងមាំ និងសកម្ម ប្រកបជាមួយនឹងសមត្ថភាព ដែលត្រូវបានពង្រឹងនិងប្រសិទ្ធភាពស្ថាប័ន។ នៅក្នុងកិច្ចប្រជុំរយៈពេល២ថ្ងៃនោះ មេដឹកនាំអាស៊ានបានស្វាគមន៍ចំពោះការចូលរួមជាលើកដំបូង របស់នាយករដ្ឋមន្ត្រីទីម័រឡេស្តេ ក្នុងកិច្ចប្រជុំកម្រិតប្រមុខដឹកនាំអាស៊ាន នាឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២នេះ ដែលជាគោលការណ៍ក្នុងនាមជាសមាជិកទី១១ របស់អាស៊ាន។

មេដឹកនាំអាស៊ានបានធ្វើការអះអាងជាថ្មី នូវការប្តេជ្ញាបន្តពង្រឹងសហគមន៍អាស៊ាន មជ្ឈភាព និងការឯកភាពអាស៊ាន ព្រមទាំងទំនាក់ទំនងខាងក្រៅរបស់អាស៊ាន។ លើការកសាងសហគមន៍អាស៊ាន – មេដឹកនាំអាស៊ាន បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងដ៏មោះមុត ដើម្បីរក្សាសន្ទុះនៃការកសាងសហគមន៍អាស៊ាន និងធានា នូវការអនុវត្តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព។ មេដឹកនាំអាស៊ាន បានគាំទ្រការសម្រេចលើក្របខ័ណ្ឌពេលវេលារយៈពេល២០ឆ្នាំ សម្រាប់ចក្ខុវិស័យសហគមន៍អាស៊ាន ក្រោយឆ្នាំ២០២៥ និងលើកទឹកចិត្តឱ្យក្រុមការងារជាន់ខ្ពស់ចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ បន្ត រៀបចំចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ ដែលប្រកបដោយទស្សនវិស័យ ការបំផុសគំនិត ភាពរឹងមាំ គ្រប់ជ្រុងជ្រោយ មានបរិយាបន្ន និងការសម្លឹងឆ្ពោះទៅមុខ។ នៅក្នុងកិច្ចប្រជុំកំពូលនោះដែរ មេដឹកនាំអាស៊ានបាន អនុម័ត លើសេចក្តីប្រកាសថ្នាក់ដឹកនាំអាស៊ាន ស្តីពីការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ដែលបង្កដោយការរំលោភបច្ចេកវិទ្យា។ សេចក្តីថ្លែងការណ៍អាស៊ាន ស្ដីពីការគាំពាពលករចំណាកស្រុក និងសមាជិកគ្រួសារស្ថិតក្នុងស្ថានភាព។ សេចក្តីថ្លែងការណ៍អាស៊ាន ស្ដីពីគំនិតផ្តួចផ្តើមសុខភាពតែមួយ។ សេចក្តីប្រកាសព័ត៌មានរួមគ្នារបស់មេដឹកនាំអាស៊ាន ស្ដីពីការបង្កើតបណ្តាញភូមិ អាស៊ាន។ សេចក្តីថ្លែងការណ៍រអាស៊ាន ស្ដីពីការបញ្ជូននិងការគាំពាអ្នកនេសាទចំណាកស្រុក។ សេចក្តីប្រកាសថ្នាក់ដឹកនាំអាស៊ាន ស្តីពីការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីយានយន្តអគ្គិសនីតំបន់។ សេចក្តីប្រកាសថ្នាក់ដឹកនាំអាស៊ាន ស្តីពីការពន្លឿនការតភ្ជាប់ទូរទាត់តំបន់ និងការលើកកម្ពស់ការផ្ទេររូបីយវត្ថុក្នុងស្រុក។ផែនទីចង្អុលផ្លូវសម្រាប់សមាជិកភាពអាស៊ានពេញសិទ្ធិរបស់ទីម័រឡេស្ត។ សេចក្តីថ្លែងការណ៍ថ្នាក់ដឹកនាំអាស៊ាន ស្តីពីការពង្រឹងសមត្ថភាពអាស៊ាន និងប្រសិទ្ធភាពស្ថាប័ន។ សេចក្តីថ្លែងការណ៍ថ្នាក់ដឹកនាំអាស៊ានស្តីពីការរៀបចំចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ ទស្សនវិស័យស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក សសើរការងារដែលកំពុងបន្តដោយកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ក្នុងការរៀបចំឯកសារទស្សនទាន ស្តីពីការអនុវត្តទស្សនវិស័យស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក ខាងទិដ្ឋភាពការពារប្រទេស ដោយមានគោលដៅ លើកកម្ពស់តួនាទីស្នូលនិងយុទ្ធសាស្ត្ររបស់អាស៊ាន ក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខរួម ក្នុងតំបន់ ក៏ដូចជា ពង្រឹងការភ្ជាប់ទំនាក់ទំនងជាមួយដៃគូខាងក្រៅ ដើម្បីជំរុញវិធានការកសាងជំនឿទុកចិត្តគ្នា។ លើសហគមន៍នយោបាយ-សន្តិសុខអាស៊ាន មេដឹកនាំអាស៊ាន បានបញ្ជាក់សារជាថ្មី អំពីសារៈសំខាន់នៃសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍(TAC) ដែលជាក្រមប្រតិបត្តិដ៏សំខាន់ ក្នុងការគ្រប់គ្រងទំនាក់ទំនងអន្តររដ្ឋក្នុងតំបន់ និងជាមូលដ្ឋានគ្រឹះសម្រាប់រក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងបានកត់សម្គាល់នូវការយល់ព្រមលើសំណើរបស់អារ៉ាប៊ីសាអូឌីត និងប៉ាណាម៉ា ចូលជាភាគីនៃ TAC។

មេដឹកនាំអាស៊ាន បានស្វាគមន៍ចំពោះវឌ្ឍនភាពដ៏ធំនៃដំណើរការចរចាលើសន្ធិសញ្ញាបត្យាប័នអាស៊ាន និងរំពឹងដល់ការបញ្ចប់ របស់ខ្លួន ដែលនឹងរួមចំណែកដល់សន្ធិសញ្ញាស្ដីពីជំនួយផ្នែកច្បាប់ទៅវិញទៅមកក្នុងបញ្ហាឧក្រិដ្ឋកម្ម។ លើសហគមន៍សេដ្ឋកិច្ចអាស៊ាន មេដឹកនាំអាស៊ានបានស្វាគមន៍សមិទ្ធផលសេដ្ឋកិច្ចជាអាទិភាពរបស់ឥណ្ឌូនេស៊ី និងគំនិតផ្តួចផ្តើមក្រោមភាពជាប្រធានអាស៊ានរបស់ខ្លួន រួមមាន១ ការស្តារនិងការកសាងឡើងវិញ២ សេដ្ឋកិច្ចឌីជីថល និង ៣ចីរភាព ដើម្បី ដោះស្រាយការប្រឈមបន្ទាន់នានា ក្នុងការធានានូវការស្តារនិងការកសាងឡើងវិញរបស់តំបន់ និងជំរុញសន្ទុះបន្ថែមទៀតសម្រាប់អាស៊ានដែលជាស្នូលនៃកំណើន តាមរយៈសមាហរណកម្មសេដ្ឋកិច្ចឌីជីថលដែលប្រកបដោយបរិយាប័ន្ន កំណើនសេដ្ឋកិច្ចប្រកបដោយចិរភាព ស្ថិរភាពហិរញ្ញវត្ថុ ថាមពល និងសន្តិសុខស្បៀងអាហារ ព្រមទាំងពន្លឿនការអនុវត្តទស្សនវិស័យស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក។ មេដឹកនាំអាស៊ាន ក៏បានអះអាងជាថ្មី នូវការប្តេជ្ញាចំពោះការអនុវត្តដោយពេញលេញនិងប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសឹប) ក្នុងគ្រប់ទិដ្ឋភាព ព្រមទាំងការបង្កើតលេខាធិការដ្ឋានអាសឹប បណ្តោះអាសន្នជាអង្គភាពគាំទ្រ នៅលេខាធិការដ្ឋានអាស៊ាន ដែលនឹងអាចប្រែក្លាយជាលេខាធិការដ្ឋានអាសឹបដាច់ដោយឡែក ដើម្បីពង្រឹងចង្វាក់ផ្គត់ផ្គង់តំបន់ និងរួមចំណែកដល់របៀបវារៈសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន ក៏ដូចជារក្សានូវមជ្ឈភាពអាស៊ាន នៅក្នុងអាក្លឹប។ សហគមន៍សង្គម-វប្បធម៌អាស៊ាន ប្តេជ្ញាធ្វើឱ្យអាស៊ានក្លាយជាចំណុចស្នូលនៃកំណើន តាមរយៈការបង្កើនការវិនិយោគក្នុងការអភិវឌ្ឍ ធន ធានមនុស្ស ឱ្យកាន់តែមានភាពប្រកួតប្រជែងនិងមុតស្រួច ឆ្ពោះទៅរកអនាគតនៃការងារ និងត្រៀមខ្លួនរួចជាស្រេចចំពោះការវិវឌ្ឍឌីជីថលដ៏លឿនរហ័ស។ មេដឹកនាំអាស៊ាន ក៏បានបញ្ជាក់ជាថ្មីនូវការបន្តគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មីយ៉ាន់ម៉ា ក្នុងការនាំមកនូវសន្តិភាពនិងភាពសុខដុមរមនា ក្នុងចំណោមសហគមន៍នានាដែលពាក់ព័ន្ធ និងដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងនិរន្តរភាពក្នុងរដ្ឋរ៉ាឃីន។ ចំពោះទំនាក់ទំនងខាងក្រៅតំបន់ មេដឹកនាំអាស៊ាន បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃមជ្ឈភាពនិងឯកភាពអាស៊ាន ក្នុងភ្ជាប់ទំនងទំនងជាមួយដៃគូខាងក តាមរយៈយន្តការអាស៊ានបូកមួយ អាស៊ានបូកបី កិច្ចប្រជុំកំពូលអាស៊ីបូព៌ា វេទិកាតំបន់អាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក។ ជាមួយគ្នានេះ មេដឹកនាំអាស៊ានបានទន្ទឹងរង់ការរៀបចំកិច្ចប្រជុំកំពូលរំលឹកខួបអាស៊ាន-ជប៉ុនសម្រាប់ ៥០ឆ្នាំនៃសហប្រតិបត្តិការនិងមិត្តភាពអាស៊ាន-ជប៉ុន ថ្ងៃទី១៦-១៨ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ, ជាមួយគ្នានេះ មេដឹកនាំអាស៊ាន បានស្វាគមន៍សំណើអូស្ត្រាលី ក្នុងការរៀបចំកិច្ចប្រជុំកំពូលពិសេស ដើម្បីប្រារព្ធខួប ៥០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្ត្រាលី នៅប្រទេសអូស្ត្រាលី ក្នុងខែមីនា ឆ្នាំ២០២៤ និងរង់ចាំការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ នៅពាក់កណ្ដាលឆ្នាំនេះ នៅទីក្រុងរីយ៉ាត ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។ មេដឹកនាំអាស៊ានក៏បានពិភាក្សាយ៉ាងយកចិត្តទុកដាក់ លើបញ្ហាតំបន់និងអន្តរជាតិ រួមមានបញ្ហាសមុទ្រចិនខាងត្បូង ឧបទ្វីបកូរ៉េ តំបន់មជ្ឈិមបូព៌ា បញ្ហាមីយ៉ាន់ម៉ា និងសង្គ្រាមនៅអ៊ុយក្រែនផងដែរ។

សូមបញ្ជាក់ដែរថា មេដឹកនាំអាស៊ានក៏បានធ្វើជំនួបពិភាក្សាជាមួយតំណាងអន្តរសភាអាស៊ាន តំណាងយុវជនអាស៊ាន តំណាងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន ក្រុមការងារជាន់ខ្ពស់ ស្តីពីចក្ខុវិស័យសហគមន៍អាស៊ាន ក្រោយឆ្នាំ២០២៥។ ក្នុងជំនួបជាមួយនិងតំណាងទាំងអស់ បានជជែកពិភាក្សាអំពីបញ្ហាប្រឈមនានាដែលវិស័យរបស់តំណាងអន្តរសភា តំណាងយុវជន និងផ្នែកឯកជនទូទាំងតំបន់អាស៊ាន ដែលកំពុងជួបប្រទះ។ ជាមួយគ្នានេះតំណាងក្រុមប្រឹក្សាពិគ្រោះយោបល់ទាំងអស់ រួមទាំងផ្នែកធុរកិច្ចអាស៊ាន បានដាក់ជូននូវរបាយការណ៍អនុសាសន៍ និងវឌ្ឍនភាពការងារជូនប្រមុខដឹកនាំអាស៊ានទាំង១០ប្រទេស ជាពិសេសការជំរុញសមាហរណកម្មសេដ្ឋកិច្ចតំបន់ឲ្យខ្លាំងក្លាជាងមុន។ ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០១ ដោយប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាលអាស៊ាន។ ក្រុមប្រឹក្សានេះ មានកាត្វកិច្ចផ្តល់នូវធាតុចូល និងរបាយការណ៍អនុសាសន៍របស់វិស័យឯកជន ដើម្បីជួយជំរុញដល់កិច្ចប្រឹងប្រែងរបស់អាស៊ានឆ្ពោះទៅកាន់សមាហរណកម្មសេដ្ឋកិច្ច។ ក្រៅពីនេះ ក្រុមប្រឹក្សាក៏ផ្តល់ជាមតិយោបល់ផងដែរអំពីការអនុវត្តកិច្ចសហប្រតិបត្តិសេដ្ឋកិច្ចអាស៊ាន និងដាក់ស្នើនូវវិស័យអាទិភាពជូនថ្នាក់ដឹកនាំពិចារណា។ សកម្ម ភាពជាចម្បងៗរបស់ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ផ្តោតលើការពិនិត្យ និងការកំណត់ បញ្ហាប្រឈមនានា សំដៅសម្រួលនិងជំរុញកិច្ចសហប្រតិបត្តិការនិងសមាហរណកម្មសេដ្ឋកិច្ច។ បន្ទាប់ពីបានបញ្ចប់កិច្ចប្រជុំកំពូលនៅថ្ងៃទី១ មេដឹកនាំអាស៊ានបានអញ្ជើញធ្វើដំណើរតាមទូក កំសាន្តថ្ងៃលិចលើផ្ទៃសមុទ្រ នៃក្រុង Labuan Bajo ខេត្ត East Nusa Tenggara ។ មេដឹកនាំអាសានបានសំដែងនូវភាពស្និទ្ធស្នាល រ៉ាក់ទាក់ចំពោះលទ្ធផលដែលសំរេចបានក្នុង កិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ ដែលបានឈានទៅចេញសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ាន៕

អត្ថបទដែលជាប់ទាក់ទង