ចាប់ជនសង្ស័យ២នាក់ ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីរងគ្រោះ ដែលកំពុងតែជិះកង់បីឥណ្ឌា តែមិនបានសម្រេច
ភ្នំពេញ ៖ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង២២៖០៥នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ បានដឹកនាំកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលមានលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ ជានាយការិយាល័យ ដោយមានការចូលរួមសហការពីលោកវរសេនីយ៍ទោ ប៊ុត ស៉ីម៉េង បានចុះល្បាតតាមបណ្តោយផ្លូវ លេខ៧០ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក៏ប្រទះឃើញជនសង្ស័យជិះម៉ូតូចំនួន១គ្រឿង មានគ្នាចំនួន២នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីរងគ្រោះដែលកំពុងតែជិះកង់បីឥណ្ឌា តែមិនបានសម្រេច។
ភ្លាមនោះកម្លាំងជំនាញការិយាល័យធ្វើការប្រដេញ ឃាត់ខ្លួនជនសង្ស័យបានទាំង០២នាក់ នៅចំណុចផ្លូវលេខ៩៣ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងដកហូតម៉ូតូ១គ្រឿងម៉ាក Suzuki let’s ពណ៌ស។ បច្ចុប្បន្នកម្លាំងជំនាញបាននាំជនសង្ស័យខាងលើមកកាន់ការិយាល័យ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕