ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពីរនាក់ស្លាប់ក្នុងការបាញ់ប្រហារមួយ នៅរោងចក្រផលិតរថយន្ត Mercedes-Benz ប្រទេសអាល្លឺម៉ង់

63

ប៊ែកឡាំង៖ មនុស្សពីរនាក់បានស្លាប់បាត់បង់ជីវិត ខណៈដែលខ្មាន់កាំភ្លើងម្នាក់បានបើកការបាញ់ប្រហារនៅរោងចក្រ Mercedes-Benz ក្នុងទីក្រុង Sindelfingen ភាគខាងត្បូងប្រទេសអាល្លឺម៉ង់ កាលពីព្រឹកថ្ងៃព្រហស្បតិ៍។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភា ឆ្នាំ២០២៣។

អាជ្ញាធរប៉ូលីសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា បុរសអាយុ ៥៣ឆ្នាំម្នាក់បានចូលទៅក្នុងរោងចក្រ Mercedes-Benzនៅ នៅក្នុងទីក្រុង Sindelfingen ហើយបានបើកការបាញ់ប្រហារដោយបានបាញ់សម្លាប់បុរសពីរនាក់។ ជន​រង​គ្រោះ​ម្នាក់​ស្លាប់​នៅ​កន្លែង​កើតហេតុ ម្នាក់​ទៀត​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ ប៉ុន្តែគ្មាន​នរណា​ម្នាក់​រង​របួស​ទេ។

ប៉ូលិស​បាន​និយាយ​ថា បុគ្គលិក​សន្តិសុខ​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ ហើយ​ប្រគល់​ឱ្យ​សមត្ថកិច្ច​ ដោយ​មិន​មាន​ការ​ប្រឆាំងតដៃឡើយ។

អាជ្ញាធរក៏បានគូសបញ្ជាក់ផងដែរថា ឧបទ្ទវហេតុនេះបានកើតឡើងនៅវេលាម៉ោងប្រហែល ០៧:៤៥នាទីម៉ោងក្នុងតំបន់។

ក្រុមហ៊ុន Mercedes-Benz បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងមានការភ្ញាក់ផ្អើល និងសោកស្ដាយជាខ្លាំងចំពោះព័ត៌មានសោកនាដកម្មនៅ Sindelfingen នៅព្រឹកនេះ។ គំនិតរបស់យើងគឺជាមួយជនរងគ្រោះ ក្រុមគ្រួសាររបស់ពួកគេ និងសហការីទាំងអស់នៅនឹងកន្លែង»។

គួរបញ្ជាក់ថា ក្រុមហ៊ុនផលិតរថយន្ត Mercedes-Benz ផលិត​ម៉ូដែល​ប្រណីត S-Class របស់​ខ្លួន​នៅ​រោងចក្រ Sindelfingen ដែល​មាន​បុគ្គលិក​ប្រហែល ៣៥,០០០ នាក់ធ្វើការនៅទីនោះ។

ទោះជាយ៉ាងណា ពាក់ព័ន្ធនឹងហេតុផលនៃការវាយប្រហារនេះកំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ៕

អត្ថបទដែលជាប់ទាក់ទង