ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរមីន នឹងដឹកនាំគណៈប្រតិភូ ចូលរួមដោយផ្ទាល់ នៅក្នុងសន្និបាតប្រចាំឆ្នាំលើកទី៧៩ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាតិ

72

 

ភ្នំពេញ៖ ទេសរដ្ឋមន្រ្តី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ និងជាអនុប្រធានទី១ អាជ្ញាធរមីន តំណាងរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ នឹងដឹកនាំគណៈប្រតិភូ រាជរដ្ឋាភិបាលកម្ពុជា ចូលរួមដោយផ្ទាល់នៅក្នុងសន្និបាតប្រចាំឆ្នាំលើកទី ៧៩ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និង ប៉ាស៊ីហ្វិក នៃអង្គការសហប្រជាតិ (UNESCAP) ក្រោមមូលបទ «ការជំរុញសកម្មភាពសម្រាប់ធាតុអាកាសនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិកសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៣ នៅទីក្រុងបាងកក។

នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ទេសរដ្ឋមន្រ្តី លី ធុជ នឹងជួបប្រជុំទ្វេភាគីជាមួយលោកស្រី Armida Salsiah Alisjahbana អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាប្រធាន UNESCAP ដើម្បីពង្រីកនិងពង្រឹងកិច្ចសហប្រតិបត្តិការ ជាពិសេសទៅលើការងារបោសសម្អាតមីនដែលជាគោលដៅទី១៨ នៃក្របខ័ណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជាឆ្នាំ ២០១៦-២០៣០។

ទេសរដ្ឋមន្រ្តី ក៏នឹងធ្វើសេចក្តីថ្លែងការណ៍ចំពោះអង្គសន្និបាត នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ អំពីបទពិសោធន៍ និងការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការពន្លឿនសកម្មភាពធាតុអាកាសទាំងខាងក្នុង និងខាងក្រៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ការអភិវឌ្ឍប្រកប ដោយចីរភាព។

ជាមួយគ្នានេះដែរ កម្ពុជានឹងរៀបចំព្រឹត្តិការណ៍អម និងតាំងបង្ហាញរូបភាពសកម្មភាពមីននៅកម្ពុជាកម្រិតតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីបង្ហាញអំពីវឌ្ឍនភាព បញ្ហាប្រឈមនានា និងទិសដៅទៅមុខ នៃសកម្មភាពមីនកម្ពុជា នៅក្នុងអំឡុងពេលនៃសន្និបាតប្រចាំឆ្នាំនេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង