ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យករថយន្តមិត្តស្រីទៅបញ្ចាំបានរាប់ម៉ឺនដុល្លារ ថែមទាំងគំរាមនាងតាមឆាតទៀត ត្រូវសមត្ថកិច្ចចាប់ខ្លួន

106

 

ខេត្តបាត់ដំបង ៖ បុរសម្នាក់ដែលលួចយករថយន្តមិត្តស្រីទៅបញ្ចាំ ហើយថែមគំរាមសម្លាប់ម្ចាស់រថយន្តយ៉ាងព្រហើនកាលពីដើមខែមករា ឆ្នាំ២០២៣នោះ ពេលនេះត្រូវកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល តាមចាប់ខ្លួនរហូតដល់ «ឆ្នេរអូរត្រេះ» បានហើយ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងនិងខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី១០ ខែឧសភា តាម «ដីកាបញ្ជាឲ្យចូលខ្លួន» របស់តំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដោយមានកិច្ចសហការពីកម្លាំងជំនាញ នៃស្នងការខេត្តព្រះសីហនុផងដែរ។

លោក ឈឿង គឹមសុង ស្នងការរងទទួលដឹកនាំការងារការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការខេត្តបាត់ដំបង បានឲ្យដឹងថា ជនជាប់ចោទមានឈ្មោះ បាន ង៉ា (ឈ្មោះក្លែង ស៊ុន វិច្ឆិកា) អាយុ៣២ឆ្នាំ រស់នៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល។

លោកស្នងការរង បានប្រាប់ថា ជននេះត្រូវកម្លាំងជំនាញ នៃការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ដែលទទួលបញ្ជាផ្ទាល់ពីលោកស្នងការខេត្តបាត់ដំបង ឲ្យចុះទៅសហការជាមួយកម្លាំងជំនាញ នៃស្នងការខេត្តព្រះសីហនុ ចាប់ខ្លួនដល់មាត់សមុទ្រ ពេលជននេះកំពុងបង្ហាញខ្លួននៅត្រង់ចំណុច «ឆ្នេរអូរត្រេះ» នៃខេត្តមាត់សមុទ្រមួយនេះ។

លោកបន្តថា ការចាប់ខ្លួនជនត្រូវចោរម្នាក់នេះ បានធ្វើឡើងដោយយោងតាម «ដីកាបញ្ជាឲ្យចូលខ្លួន» របស់ព្រះរាជ
អាជ្ញារងលោក នុត វីនីត ចុះថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣។

ហើយយោងតាម «ដីកាបញ្ជាឲ្យចូលខ្លួន» លេខ១៦ ដបខ ចុះថ្ងៃទី០២ ឧសភា ឆ្នាំ២០២៣ របស់លោក នុត វីនីត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ជនសង្ស័យឈ្មោះ បាន ង៉ា (ឈ្មោះក្លែង ស៊ុន វិច្ឆិកា) ខាងលើនេះ ត្រូវបាននារីម្នាក់ឈ្មោះ គា សុខនាង ប្ដឹងដោយចោទប្រកាន់ថា បានយករថយន្តរបស់នាងទៅបញ្ចាំ ហើយថែមទាំងគំរាមរកសម្លាប់នាងទៀតផង នៅពេលដែលនាងទាមទារយករថយន្តនោះមកវិញ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅចំណុចភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល (ពិតជាស្គាល់មុខ តែមិនស្គាល់ចិត្តមែន)។

នៅក្នុងសំណុំរឿងខាងលើនេះ បើតាមប្រភពព័ត៌មានដែលបណ្តាញពត៌មានទទួលបាន គឺជនសង្ស័យ និងជនរងគ្រោះ
(ម្ចាស់រថយន្ត) ធ្លាប់មានទំនាក់ទំនងជាមួយគ្នាក្នុងផ្លូវស្នេហាមុនពេលជួបឧបសគ្គ។ ប៉ុន្តែក្នុងអំឡុងពេលនៅមានទំនុកចិត្តគ្នាទៅវិញទៅមក ស្រាប់តែតួអង្គខាងប្រុស បែរជាមានគំនិតទុច្ចរិតយករថយន្តតួស្រីដែលមានតម្លៃរាប់ម៉ឺនដុល្លារទៅបញ្ចាំយកលុយរត់បាត់ស្ងាត់ឈឹង បើទោះជាម្ចាស់រថយន្ត (ជនរងគ្រោះ) ទាមទារឲ្យយករថយន្តមកវិញច្រើនលើកច្រើនសារក៏ដោយ ក៏ជនរូបនេះធ្វើមិនដឹងមិនឮដែរ។ មិនតែប៉ុណ្ណោះ ថែមទាំងគំរាមសម្លាប់ម្ចាស់រថយន្តនេះយ៉ាងព្រហើនទៀតផង។ នេះបើតាមប្រភពពីសមត្ថកិច្ច។

សមត្ថកិច្ចបានបញ្ជាក់ត្រង់ចំណុចនេះថា នៅពេលម្ចាស់រថយន្តបង្ខំកាន់តែខ្លាំង និងទាក់ទងឲ្យជនជាប់ចោទឈ្មោះ បាន ង៉ា នេះ យករថយន្តមកប្រគល់ឲ្យខ្លួនវិញ ក៏ជននេះមិនខ្វល់ដែរ ហើយកាន់តែគំរាមសម្លាប់ជនរងគ្រោះទៀត។ ជនទុច្ចរិតម្នាក់នេះ បានរត់ទៅសម្ងំលាក់ខ្លួនទៅខេត្តព្រះសីហនុ ក្រោយពីបញ្ជាំរថយន្តបានប្រាក់រាប់ម៉ឺនដុល្លារ។ ជននេះបានព្យាយាមគំរា.មកំហែងជនរងគ្រោះតាមរយៈបណ្ដាញសង្គមរបស់ខ្លួន (ឆាត) យ៉ាងគគ្លើនម្ដងហើយម្ដងទៀត នៅពេលជនរងគ្រោះទាមទារយករថយន្តត្រឡប់មកវិញ។ ជាមួយនឹងពាក្យគំរាមសម្លាប់ ជននេះថែមទាំងបានថតបង្ហាញកាំភ្លើងខ្លី រួចផ្ញើតាម «ឆាត» ឲ្យជនរងគ្រោះបានឃើញទៀតផង។

លោក ឈឿង គឹមសុង បាននិយាយថា ក្រោយពីធ្វើការស្រាវ ជ្រាវ កំណត់បាននូវមុខសញ្ញា និងទីតាំងលាក់ខ្លួនរបស់ជន សង្ស័យរូបនេះ ទើបលោកស្នងការខេត្ត បញ្ជាឲ្យកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ចុះទៅសហការជាមួយកម្លាំងជំនាញស្នងការខេត្តព្រះសីហនុ ដើម្បីអនុវត្ត «ដីកាបញ្ជាឲ្យចូលខ្លួន» លើជននេះតែម្ដង នៅពេលជននេះបង្ហា ញខ្លួនយ៉ាងហ៊ឺហារនៅលើ «ឆ្នេរអូរត្រេះ» មាត់សមុទ្រ។ ពេលនេះកម្លាំងការិយាល័យជំនាញ បានបញ្ជូនជនសង្ស័យម្នាក់នេះទៅប្រគល់ជូនអយ្យការអមសាលាដំបូងខេត្តរួចហើយ៕

អត្ថបទដែលជាប់ទាក់ទង