ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកនាំពាក្យក្រសួងការបរទេស៖ «ស្ថាប័នរៀបចំការបោះឆ្នោត ពុំមានការប្រព្រឹត្តដោយឡែកពិសេស ចំពោះគណបក្សនយោបាយណាមួយឡើយ»

40

 

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣​ សូមប្រកាសច្រានចោលចំពោះការ ធ្វើអត្ថាធិប្បាយដែលបង្កឲ្យមានការយល់ច្រឡំ និងធ្វើឡើងក្រោមហេតុផលនយោបាយរបស់ក្រុមអ្នករិះគន់មួយចំនួនតូច ជុំវិញដំណើរការនៃការចុះបញ្ជីគណបក្សនយោបាយនៅកម្ពុជា។

ដោយផ្អែកលើការពន្យល់និងសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)  អ្នកនាំពាក្យក្រសួងសូមធ្វើការបំភ្លឺដូចតទៅ៖

1. ការមិនអាចចុះបញ្ជីចូលរួមការបោះឆ្នោតបានរបស់គណបក្សនយោបាយមួយ គឺដោយសារតែគណបក្សនោះមិនយកចិត្តទុកដាក់ ចំពោះច្បាប់និងបទបញ្ញត្តិបោះឆ្នោត ក៏ដូចជាសេចក្តីជូនដំណឹងនានារបស់ គ.ជ.ប ។ យោងតាម មាត្រា២៧ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និង សេចក្តីជូនដំណឹងរបស់ គ.ជ.ប ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ និងចុះថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣  ដើម្បីចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តជាផ្លូវការ គណបក្សនយោបាយត្រូវធ្វើពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត តាមបែបបទកំណត់ដោយគ.ជ.ប  ដោយភ្ជាប់មកជាមួយនូវសេចក្តីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម ក្នុងចំណោមឯកសារផ្សេងទៀត។

2. គ្រប់គណបក្សនយោបាយទាំងអស់មានពេលវេលាត្រៀមខ្លួនគ្រប់គ្រាន់ ដើម្បីស្នើសុំសេចក្តីចម្លងលិខិតខាងលើ  ព្រោះកាលបរិច្ឆេទនៃការបោះឆ្នោតត្រូវបានប្រកាសជាសាធារណៈ រយៈពេលមួយឆ្នាំមុន។ ដើម្បីសម្រួលដល់កិច្ចការរដ្ឋបាលនេះ សេចក្ដីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនេះ ត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃ ដោយអាជ្ញាធរថ្នាក់ក្រោមជាតិពាក់ព័ន្ធ។ ដើម្បីរៀបចំដំណើរការបោះឆ្នោតមួយប្រកបដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព  គ.ជ.ប ពុំមានការប្រព្រឹត្តដោយឡែកពិសេសចំពោះគណបក្សនយោបាយណា មួយ លើសគណបក្សចូលរួមប្រកួតចំនួន១៨ផ្សេងទៀតបានឡើយ។

3. ការពិតនៃការបរាជ័យក្នុងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត គឺដោយសារ ពុំមានឯកសារគ្រប់គ្រាន់ ហើយកង្វះខាតនេះ គួរតែថ្នាក់ដឹកនាំរបស់គណបក្សនយោបាយនោះទទួលខុសត្រូវ ដូចដែលអនុប្រធានមួយរូបនៃគណបក្សនោះបានថ្លែងទទួលស្គាល់រួចហើយ។ លោកអនុប្រធានគណបក្សរូបនេះក៏បានអះអាងបន្ថែមថា “ការអំពាវនាវឱ្យមានបាតុកម្មប្រឆាំងនឹងការសម្រេចរបស់គ.ជ.បគឺជាកំហុសដ៏ធ្ងន់ធ្ងរមួយ”។ ជាផ្នែកមួយនៃប្រព័ន្ធត្រួតពិនិត្យនិងតុល្យភាព សេចក្តីសម្រេចបច្ចេកទេសរបស់គ.ជ.ប អាចធ្វើការប្ដឹងតវ៉ា ទៅ ក្រុម ប្រឹក្សា ធម្មនុញ្ញបាន។

4. អវត្តមានរបស់គណបក្សនយោបាយមួយពីដំណើរការបោះឆ្នោត ដោយសារការធ្វេសប្រហែសមិនគោរពច្បាប់ ពុំបានប៉ះពាល់ដល់ភាពសេរី ពហុបក្ស និងប្រជាធិបតេយ្យរបស់ កម្ពុជាឡើយ ព្រោះអ្នកបោះឆ្នោតនៅតែអាចជ្រើសរើសដោយសេរី នូវគណបក្សនយោបាយមួយ ក្នុងចំណោមគណបក្សប្រកួតប្រជែងគ្នា យ៉ាងតិចចំនួន១៨៕

អត្ថបទដែលជាប់ទាក់ទង