ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចតេជោ ហ៊ុន សែន ប្រកាសឲ្យពលរដ្ឋ ចូលរួមជាមួយរាជរដ្ឋាភិបាល ការពារសន្ដិភាពឲ្យខាងតែបាន

38

 

ភ្នំពេញ៖ សម្ដេចតេជោបានមានប្រសាសន៍ថា យើងពិតជាបានយល់នូវអ្វីដែលហៅថា កីឡារស់នៅក្នុងសន្តិភាព។ បើសិនជាចង់ឱ្យមានកីឡាបែបនេះ ត្រូវតែរួមជាមួយរាជរដ្ឋាភិបាល ការពារសន្តិភាពឱ្យបានគង់វង្ស។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថា ក្នុងនាមម្ចាស់ផ្ទះ កម្ពុជាបានខិតខំប្រឹងអស់លទ្ធភាព ក្នុងការបម្រើសេវា ស្នាក់នៅ ហូបចុក និងដំណើរការប្រកួតប្រព្រឹត្តទៅបានដោយរលូន.

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានប្រកាសឲ្យប្រជាពលរដ្ឋទូទាំងប្រទេស ត្រូវចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីការពារសន្ដិភាពដែលកម្ពុជាកំពុងមាននេះឲ្យខាងតែបាន ដើម្បីមានឱកាសរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យ ដូចការធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៉ីហ្គេម លើកទី៣២ ឆ្នាំ២០២៣នេះបន្តទៀត។

ក្នុងឱកាសអញ្ជើញជាអធិបតីជាមួយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នារាត្រីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ ដើម្បីបិទជាផ្លូវការ ការប្រកួតកីឡាស៉ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ, សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា អ្វីដែលបានរៀបចំនៅនេះស្ដែងយ៉ាងច្បាស់នូវអ្វីដែលហៅថា «កីឡារស់នៅក្នុងសន្ដិភាព» ព្រោះបើគ្មានសន្ដិភាពទេនោះ មិនអាចរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យនេះបានឡើយ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ថ្ងៃនេះយើងពិតជាបានយល់ច្បាស់ អំពីអ្វីទៅនូវន័យដែលហៅថា កីឡារស់នៅក្រោមសន្ដិភាព។ បើចង់បានការរៀបចំនូវពិធីបែបនេះតទៅទៀត ចាំបាច់ណាស់ត្រូវរួមជាមួយរាជរដ្ឋាភិបាល ការពារសន្ដិភាពឲ្យខាងតែបាន។

សម្ដេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍ដែរថា ភាពជោគជ័យនៃការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៉ីហ្គេម លើកទី៣២ ដែលកម្ពុជារង់ចាំអស់រយៈពេល៦៤ឆ្នាំ ប្របកដោយមោទនភាពនៅពេលនេះ គឺជាសមិទ្ធផលរួមរបស់ប្រជាជនកម្ពុជា ហើយនេះក៏ស្ដែងចេញពីការរួមសាមគ្គីភាព មិត្តភាព ក្នុងចំណោមបណ្ដាប្រទេសអាស៊ានផងដែរ។

សម្ដេចតេជោនាយករដ្ឋមន្ដ្រី ,បានយកជីវិតធ្វើដើមទុន ដើម្បីរំដោះប្រទេសចេញពីភ្លើងសង្គ្រាម រហូតមានសុខសន្ដិភាព និងការអភិវឌ្ឍដូចនៅពេលបច្ចុប្បន្ននេះ បានបង្ហាញនូវការចង់ឃើញកម្ពុជា ក្លាយជាម្ចាស់ផ្ទះព្រឹត្តិការណ៍ដ៏អស្ចារ្យនៅពេលនេះម្ដងទៀត នៅឆ្នាំ២០៤៣ ពោលរយៈពេល ២០ឆ្នាំតទៅមុខទៀត៕

អត្ថបទដែលជាប់ទាក់ទង