ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមចោរប្រដាប់អាវុធចំនួន ៤នាក់ វាយប្លន់អ្នកលក់មាស នៅផ្សារស្ទឹងមានជ័យ ចាស់ យកបានគ្រឿង​អលង្ការ​ និងប្រាក់ គិតជាទឹកប្រាក់ជិត ២០ម៉ឺនដុល្លារ

63

 

ភ្នំពេញ ៖ ក្រុមចោរប្រដាប់អាវុធចំនួន ៤នាក់ ជិះម៉ូតូឌ្រីមសង់ ២គ្រឿង ធ្វើសកម្មភាពវាយប្លន់អ្នកលក់មាសនៅផ្សារស្ទឹងមានជ័យ ចាស់ ដែលចេញពីផ្ទះទៅផ្សារ យកបានគ្រឿង​អលង្ការ​ និងប្រាក់ គិតជាទឹកប្រាក់ជិត ២០ម៉ឺនដុល្លារ​ យកទៅបាត់។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលដល់កម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងកម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ ចុះអន្តរាគមន៍​ ធ្វើការសាកសួរតាមជំនាញ នៅចំណុចផ្ទះមួយកន្លែង ស្ថិតនៅតាមផ្លូវបេតុងលេខ ៦២ ក្នុងសង្កាត់ស្ទឹងមានជ័យ​ ខណ្ឌមានជ័យ​ វេលាម៉ោងជាង ៨ ព្រឹកថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០២៣ នេះ ។

ជនរងគ្រោះខាងលើមានឈ្មោះ អ៊ន ហៀក ភេទប្រុសអាយុ៥៥ឆ្នាំ មុខរបរមន្ត្រីប៉ូលិសព្រំដែន ស្នាក់នៅផ្ទះលេខ៧៨ ក្រុម២ ភូមិមានជ័យ២ សង្កាត់ស្ទឹងមានជ័១ ខណ្ឌមានជ័យ។ ចំណែកប្រពន្ធឈ្មោះ អ៊ុង ផល្លា អាយុ៥២ឆ្នាំ មុខរបរលក់មាស ស្នាក់នៅជាមួយគ្នា។

យោងតាមប្រភពព័ត៍មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានស្ពាយមាសទឹក១០ចំនួន១២តំលឹង ផ្លាកទីនទឹក៧និងទឹក៣ចំនួន២០០តំលឹង និងលុយខ្មែរ១៥០០០០០រៀល ចេញពីផ្ទះរបស់គាត់រួចដើរទៅតូបលក់មាសរបស់ប្រពន្ធគាត់ នៅក្នុងផ្សារស្ទឹងមានជ័យចាស់ ស្របពេលនោះក៏មានជនសង្ស័យចំនួន៤នាក់ ជិះម៉ូតូ២គ្រឿងប្រដាប់ដោយអាវុធខ្លី១ដើម ជិះតាមគាត់ពីក្រោយហើយដកកាំភ្លើងវាយក្បាលរបស់គាត់ រួចប្រតាយប្រតបគ្នាដណ្តើមយកកាបូបដាក់គ្រឿងអលង្ការបស់គាត់ រួចបាញ់គំរាមក្រុមអាជីវករចំនួន៣គ្រាប់ ហើយនាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោលតែម្តង។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យទី១ កម្លាំងជំនាញនគរបាលខណ្ឌមានជ័យ កម្លាំងព្រំទណ្ឌកំរិតធ្ងន់ និងស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងអាវុធហត្ថខណ្ឌនិងក្រុង កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានចុះទៅទីតាំងកើតហេតុ ដើម្បីបើកការដ្រាវជ្រាវតាមកាំម៉េរ៉ាសុវត្ថិភាព ដើម្បីកំណត់មុខសញ្ញាក្រុមជនសង្ស័យខាងលើ ស្វែងរកចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ នៅពេលក្រោយ។

ខណៈពេលនេះដែរកម្លាំងសមត្ថកិច្ចជាច្រេីនបានកំពុងចុះដល់កន្លែងកេីតហេតុដេីម្បីសួរនាំទៅលេីជនរងគ្រោះ និងស្រាវជ្រាវមុខសញ្ញាតាមចាប់ជនសង្ស័យយកមកផ្ដន្ទាទោសតាមច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង