កិច្ចប្រជុំបណ្តាញទីក្រុងប្រើប្រាស់ភាសាបារាំង នៅតំបន់អាស៊ីអាគ្នេយ៍នៃសមាគម AIMF
ភ្នំពេញ៖ កិច្ចប្រជុំបណ្តាញទីក្រុងប្រើប្រាស់ភាសាបារាំង នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ នៃសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) ដែលកំពុងប្រារព្ធធ្វើឡើងនៅរាជធានីភ្នំពេញ ពិតជាមានសារៈសំខាន់ ក្នុងការលើកស្ទួយនិងធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងវៃឆ្លាត ការលើកកម្ពស់សោភណភាព និងអនាម័យទីក្រុង ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងទីក្រុង ជាពិសេសដើម្បីបង្កើនដំណើរការយន្តការពង្រឹងឱ្យកាន់តែស៊ីជម្រៅ រវាងមិត្តភាពនិងសាមគ្គីភាព ។
នេះជាការលើកឡើងរបស់លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតី តំណាងឱ្យ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំបណ្តាញទីក្រុងប្រើប្រាស់ភាសាបារាំង នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ នៃសមាគម AIMF នៅថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០២៣ ។
លោកនួន ផារ័ត្ន បានមានប្រសាសន៍ថា សម្រាប់កិច្ចប្រជុំប្រចាំឆ្នាំនៃបណ្ដាញអភិបាលក្រុងប្រើប្រាស់ភាសាបារំាងក្នុងកម្រិតអាស៊ីអាគ្នេយ៍ នេះគឺជាកិច្ចប្រជុំមួយដោយមានសារៈសំខាន់ ទីមួយគឺសម្រាប់រាជធានីភ្នំពេញផ្ទាល់ ដោយរាជធានីភ្នំពេញគឺជាសមាជិកអចិន្ត្រៃយ៍របស់សមាគមអភិបាលក្រុងប្រើប្រាស់ភាសាបារាំង នៅក្នុងកម្រិតពិភពលោក ហើយរាជធានីភ្នំពេញ បានបង្កើតនៅការិយាល័យប្រចាំការមួយនៅតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសនៅក្នុងរដ្ឋបាលរាជធានីភ្នំពេញផ្ទាល់នេះ ក៏មានបន្ទប់ធ្វើការរបស់បណ្ដាញនេះដែរ ។ ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍របស់សមាគមអភិបាលក្រុងប្រើប្រាស់ភាសាបារាំង រដ្ឋបាលរាជធានីភ្នំពេញបានដើរតួនាទីយ៉ាងសំខាន់ ហើយក៏មានការទទួលស្គាល់អំពីថ្នាក់ដឹកនាំរបស់សមាគមអភិបាលក្រុងប្រើប្រាស់ភាសាបារាំង ជាពិសេសលោកស្រី Anne HIDALGO អភិបាលរដ្ឋធានីប៉ារីស នៃសាធារណរដ្ឋបារាំង ។ នៅក្នុងឆ្នាំនេះ យើងបានឆ្លៀតឱកាសអញ្ជើញអភិបាលក្រុងខេត្តមួយចំនួនរបស់ប្រទេសវៀតណាម ឡាវ ដែលស្ថិតនៅក្នុងសមាជិករបស់បណ្ដាញ ជាមួយនឹងខេត្តដែលជាសមាជិកបណ្ដាញអភិបាលក្រុងប្រើប្រាស់ភាសាបារាំងនេះ ជួបជុំគ្នាដើម្បីពិភាក្សាក្រោមប្រធានបទ« មហិច្ឆតារួមគ្នាសម្រាប់ការអភិវឌ្ឍទីក្រុងយើង» ។
លោក អភិបាលរងរាជធានីភ្នំពេញ បានបន្ថែមថា សមាគមដែលអភិបាលក្រុងប្រើប្រាស់ភាសាបារាំងនេះមានតួនាទីយ៉ាងសំខាន់ក្នុងការប្រមូលផ្ដុំនៅទីក្រុងដែលប្រើប្រាស់ភាសាបារាំងនៅក្នុងបណ្ដាញនេះ ។ ដូច្នេះការផ្ដួចផ្ដើមលើកនេះមិនមែនត្រឹមតែចង់លើកស្ទួយ នៃកិច្ចសហប្រតិបត្តិការ វិមជ្ឈការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការការពារដល់ទីធ្លានៅតាមទីក្រុង ដើម្បីលើកស្ទួយនិងធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងវៃឆ្លាត ។
ក្នុងឱកាសនោះ លោកស្រី អារីយ៉ាណា អាដេហ្ស៊ី (Arianna ARDESI) ទីប្រឹក្សា និងជាលេខាធិការរងអចិន្ត្រៃយ៍ទទួលបន្ទុក កម្មវិធីសហប្រតិបត្តិការនៃសមាគម AIMF បានលើកឡើងថា កិច្ចប្រជុំនេះចង់បង្ហាញថា គឺមានសារៈសំខាន់ទ្វេដង នៅពេលដែលជួបគ្នា គឺទី១ដើម្បីឆ្លើយតបតម្រូវការផ្សេងៗគឺថាទីក្រុងនៅក្នុងតំបន់នេះ ដែលយើងបានធ្វើការជាបណ្ដាញជាមួយអភិបាលក្រុងផ្សេងៗដែលប្រើប្រាស់ភាសាបារាំង ហើយនៅទីនេះគឺយើងធ្វើការជ្រើសរើសប្រធានបទដែលជួយការងារដល់សមាជិក ក្នុងការរៀបចំប្រព័ន្ធលូនិងទីធ្លាសាធារណៈ ដោយមានបញ្ហារួមគ្នា ដូចគ្នា នៅក្នុងបណ្ដាញទីក្រុងដែលជាសមាជិក ។
សូមបញ្ជាក់ថា សមាគម AIMFដែលជាសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង គឺជាប្រតិបត្តិករប្រើប្រាស់ភាសាបារាំងរវាងទីក្រុងផ្សេងៗ ដូចជាសមាជិកដែលមានបណ្តាញរបស់ខ្លួន គឺមានចំណុចមួយដែលទាក់ទងទៅនឹងសាមគ្គីភាព ដើម្បីផ្តល់សហហិរញ្ញប្បទាន និងស្វែងរកដៃគូគាំទ្រទៅដល់សកម្មភាពជាក់ស្ដែងនៅតាមទីក្រុង ដែលនេះគឺជាលក្ខណៈពិសេសរបស់សមាគម AIMF ហើយក៏មានផ្នែកមួយទៀត ទាក់ទងទៅនឹងការពង្រឹងកសាងសមត្ថភាពក្នុងការពិភាក្សាគ្នា ជាពិសេសបញ្ជូនសារទៅជាលក្ខណៈអន្តរជាតិ និងរបៀបវារៈពិភពលោកទាំងមូលតែម្ដង ៕