៤ខែ ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធ-អាករ បានប្រមាណជា ១ ៥៩០ លានដុល្លារ
ភ្នំពេញ ៖ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា រយៈពេល ៤ខែ ឆ្នាំ២០២៣ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្ដែង តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូល អនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ មានចំនួន ៦ ៤៤២,៥៤ ប៊ីលានរៀល (ប្រមាណជា ១ ៥៩០,៧៥ លានដុល្លារ) ស្មើនឹង ៤៤,៥៤% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។
បើតាមសេចក្តីប្រកាសព័ត៌មានស្តីពី កិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងប្រមូលចំណូលពន្ធ ប្រចាំខែមេសា និងសម្រាប់ រយៈពេល ៤ខែ ឆ្នាំ២០២៣ ព្រមទាំង ទិសដៅសម្រាប់អនុវត្តបន្តរបស់អគ្គនាយកដា្ឋនពន្ធដារ នៅថ្ងៃពុធ ទី១៧ ខែឧសភា ឆ្នាំ២០២៣។
ចំពោះលទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបង្ហាញថាក្នុង ខែមេសា ឆ្នាំ២០២៣ ចំណូលពន្ធ-អាករគ្រប់ប្រភេទដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រង ទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ មានចំនួន ៩៨៤,៥៩ ប៊ីលានរៀល (ប្រមាណជា ២៤៣,១១ លានដុល្លារ) ស្មើនឹង ៦,៨១% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ សរុបរយៈពេល ៤ខែ ឆ្នាំ២០២៣ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្ដែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូល អនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ មានចំនួន ៦ ៤៤២,៥៤ ប៊ីលានរៀល (ប្រមាណជា ១ ៥៩០,៧៥ លានដុល្លារ) ស្មើនឹង ៤៤,៥៤% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។
អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ចំណូលពន្ធពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ទទួលបាន ១០៨.៥៧ប៊ីលានរៀល ប្រមាណជា ២៦.៨១លានដុល្លារ សម្រាប់រយៈពេល ៤ខែ ឆ្នាំ២០២៣។
បើងតាមប្រសាសន៍សំខាន់ៗរបស់ឯកឧត្តម គង់ វិបុល ក្នុងកិច្ចប្រជុំ ៖ ស្ថានភាពល្អប្រសើរនៃចំណូលសម្រាប់រយៈពេល ៤ខែ ឆ្នាំ២០២៣ គឺអាស្រ័យដោយស្ថានភាពនៃចំណូលពន្ធ ក្នុងខែមករា-មីនា ឆ្នាំ២០២៣ បានហក់ឡើងខ្ពស់ ហើយដែលជារដូវកាលនៃការប្រកាសនិងបង់ប្រាក់ពន្ធលើ ប្រាក់ចំណូល ប្រចាំឆ្នាំ២០២២។
បន្តចុះត្រួតពិនិត្យជាក់ស្ដែងតាមរោងចក្រផលិតក្នុងស្រុក ក្នុងការតាមដាន និងថែទាំបណ្តាញនិងឧបករណ៍វាស់ ចំណុះស្រាបៀរ និងភេសជ្ជៈគ្មានជាតិអាល់កុល (Flowmeter) ដើម្បីបញ្ជាក់ភាពត្រឹមត្រូវ និងអនុវត្តវិធានការ បន្តសម្រាប់រោងចក្រដែលមិនអនុលោមតាមច្បាប់អគ្គនាយកដ្ឋានពន្ធដារនឹងបន្តអនុវត្តការងារប្រកបដោយ ស្មារតី បុរេសកម្ម និងកាន់តែសកម្មថែមទៀត ដើម្បីបន្តធានាបាននូវនិរន្តរភាពចំណូលពន្ធ។
បន្តពង្រឹងការបណ្តុះបណ្តាលអំពីការផ្តល់សេវាល្អជូនដល់មន្ត្រីពន្ធដារជាពិសេសមន្ត្រីជួរមុខ ក្នុងគោលដៅរក្សាបាន និងធ្វើឱ្យប្រសើរឡើងនូវការផ្ដល់សេវាជូនអ្នកជាប់ពន្ធ និងបង្កើនភាពជឿជាក់ពីសំណាក់សាធារណជន និងអ្នកជាប់ពន្ធមកលើអគ្គនាយកដ្ឋានពន្ធដារ
បច្ចុប្បន្ន ពន្ធដារមានកំណប់ទ្រព្យដែលជាសក្តានុពលចំណូលពន្ធ តាមរយៈទិន្នន័យទទួលពីកម្មវិធីវិក្កយបត្រនាំ សំណាង (GDT Lucky Draw) និង ប្រព័ន្ធ E-Filing និង Tol E-Filing ដែលរឹងមាំនិងមានតម្លាភាព ហើយជាយន្តការសំខាន់ក្នុងការពង្រឹងការផ្ទៀងផ្ទាត់ការដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធ (Cross check) ចំណូលពន្ធពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ទទួលបាន ១០៨,៥៧ ប៊ីលានរៀល ប្រមាណជា ២៦,៨១ លានដុល្លារ សម្រាប់រយៈពេល ៤ខែ ឆ្នាំ២០២៣
ពន្ធដារនឹងបន្តពង្រឹងការងារចុះបញ្ជីសហគ្រាសឱ្យមានសុក្រឹតភាពបន្ថែមទៀត ទោះបីជាមានភាពស្មុគស្មាញ និងបញ្ហាប្រឈមយ៉ាងណាក្តី ដែលក្នុងនោះសហគ្រាសខ្លះចង់ចុះបញ្ជីប៉ុន្តែមានចេតនាគេចវេះពន្ធជាលក្ខណៈ ប្រព័ន្ធ ខណៈខ្លះមិនចង់ចុះបញ្ជីប៉ុន្តែមានកម្រិតផលរបរដែលត្រូវមានកាតព្វកិច្ចចុះបញ្ជី
បន្តពង្រឹងការងារចុះបញ្ជីពន្ធដារនិងធ្វើបច្ចុប្បន្នភាពព័ត៌មានសហគ្រាស និងបន្តសហការចូលរួមកែលម្អ និងជំរុញ ការងារចុះបញ្ជីសហគ្រាសតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន (CamDX) ឱ្យកាន់តែមានប្រសិទ្ធភាព និងមានភាព គ្រប់ជ្រុងជ្រោយ
ត្រូវបន្តពង្រឹងការអនុវត្តនូវប្រព័ន្ធកំណត់ចំណាត់ថ្នាក់នៃកម្រិតប្រសិទ្ធភាពក្នុងការគ្រប់គ្រង និងទទួលខុសត្រូវ របស់ប្រធានអង្គភាព (Merit and Demerit System – MDS) ក្នុងគោលដៅពង្រឹងអភិបាលកិច្ចល្អ និងរដ្ឋបាលកិច្ចល្អ
ការងារប្រមូលបំណុលពន្ធមានការថមថយ ដែលក្នុងរយៈពេល ៤ខែ ឆ្នាំ២០២៣ ធៀបនឹងរយៈពេលដូចគ្ន ក្នុងឆ្នាំ២០២២ ដោយកន្លងមក មានសហគ្រាសខ្លះបាននិងបន្តយកលេស នៃស្ថានភាពមិនប្រាកដប្រជានិង ការប្រែប្រួលបរិបទសេដ្ឋកិច្ចសកល ហើយព្យាយាមពន្យារពេលឬគេចវេះពីការបង់បំណុលពន្ធ ហើយទន្ទឹមនឹងនេះ សហគ្រាសដែលធ្លាប់ទទួលបានការអនុញ្ញាតឱ្យបង់ជាដំណាក់កាល ក៏មានការយឺតយ៉ាវក្នុងការបង់បំណុលពន្ធ និងបន្តស្នើសុំពន្យារពេលបង់ពន្ធតាមកាលកំណត់ផងដែរ
បានពិគ្រោះយោបល់ជូនអ្នកជាប់ពន្ធតាម Call Center 1277, GDT Live Chat, Facebook, E-Mall, GDT News Channel និងពិគ្រោះយោបល់ដោយផ្ទាល់ សរុបចំនួន ៣៦ ៣០៩ ករណី ក្នុងរយៈពេល ៤ខែ ឆ្នាំ២០២៣។
ជាទិសដៅសម្រាប់អនុវត្តបន្តក្នុងឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារ បានដាក់ចេញនូវវិធានការ និងជាយុទ្ធសាស្ត្រសំខាន់ៗដូចខាងក្រោម៖
បន្តយកចិត្តទុកដាក់ និងពង្រឹងការអនុវត្តការងារស្របតាមអនុសាសន៍របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលជាទិសដៅសម្រាប់អនុវត្តបន្តសម្រាប់ឆ្នាំ២០២៣ របស់អគ្គនាយកដ្ឋានពន្ធដារ កាលពីកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំឆ្នាំ២០២២ នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣
រៀបចំផែនការសកម្មភាពសម្រាប់ត្រៀមផ្សព្វផ្សាយច្បាប់ស្តីពីសារពើពន្ធថ្មី ជូនដល់អ្នកជាប់ពន្ធសាធារណជន ព្រមទាំងក្រុមការងារវិស័យឯកជន និងអង្គការសមាគមនានាតាមគ្រប់រូបភាព ព្រមទាំងត្រៀមរៀបចំធ្វើបច្ចុប្បន្នភាព បទប្បញ្ញត្តិនានាស្តីពីពន្ធដារឱ្យស្របតាមច្បាប់ស្តីពីសារពើពន្ធថ្មី៕