ឯកអគ្គរាជទូតជប៉ុន៖ កម្ពុជាមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទាំងនៅទីក្រុង ទីប្រជុំជន និងនៅទីជនបទ
ភ្នំពេញ៖ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ រសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង លោក UENO Atsushi ឯកឯកអគ្គរាជទូតជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កម្ពុជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទាំងនៅទីក្រុង ទីប្រជុំជន និងនៅទីជនបទ។
ឧត្ដមបណ្ឌិតសភាចារ្យរដ្ឋមន្រ្ដី បានសម្ដែងការស្វាគមន៍ និងអបអរសាទរចំពោះលោក UENO Atsushi ដែលត្រូវបានរដ្ឋាភិបាលជប៉ុន ចាត់បញ្ជូនមកបំពេញបេសកកម្មការទូត នៅព្រះរាជាណាចក្រកម្ពុជា ដែលជាខួបលើកទី ៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
ជាមួយនេះក៏បានថ្លែងអំណរគុណចំពោះ លោកឯកអគ្គរាជទូត និងសហការីដែលបានអញ្ជើញមកជួបពិភាក្សាការងារនាពេលនេះ បានបញ្ជាក់ឲ្យឃើញពីកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរដែលមានតាំងពីរឆ្នាំ១៩៩៣មក ហើយមានភាពរឹងមាំជាប្រវត្តិសាស្រ្ដ។
បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានបន្តជម្រាបជូនពីបេសកកម្មរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ធ្វើយ៉ាងណាឲ្យជីវភាពរបស់ប្រជាពលរដ្ឋនៅជនបទ មានភាពធូធារ ស៊ីវីល័យ ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។ ការលើកកម្ពស់កម្រិតជីវភាពរស់នៅ របស់ប្រជាពលរដ្ឋនៅជនបទ គឺតាមរយៈការស្ដារ និងកសាងហេដ្ឋារចនាសម្ព័ន្ធ និងការផ្គតផ្គង់ទឹកស្អាត និងអនាម័យដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់ របស់ប្រជាកសិករនៅជនបទ។ ការផ្គតផ្គង់ទឹកស្អាត និងអនាម័យជនបទ សម្រេចឲ្យបាន ១០០% នៅឆ្នាំ២០២៥ ជាទស្សនវិស័យរបស់រាជរដ្ឋាភិបាល ក៏ដូចជាទិសដៅប្រកបដោយចិរភាពរបស់អង្គការសហប្រជាជាតិ។
ជាការឆ្លើយតប លោក UENO Atsushi បានថ្លែងអំណរគុណចំពោះបណ្ឌិតសភាចារ្យរដ្ឋមន្រ្ដី ដែលបានអនុញ្ញតឲ្យលោក ព្រមទាំងសហការី ដែលបានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនាពេលនេះ និងបានបញ្ជាក់ថាលោកបានមកបំពេញបេសកកម្មការទូតនៅកម្ពុជា កាលពីខែមករា ឆ្នាំនេះ ហើយរូបលោកធ្លាប់បានមកកម្ពុជាតាំងពីឆ្នាំ១៩៩២មក នៅឆ្នាំ២០២២ លោកបានអមដំណើរនាយករដ្ឋមន្រ្ដីជប៉ុន មកបំពេញទស្សនកិច្ចនៅកម្ពុជា។
ឯកអគ្គរាជទូតបានបន្តថា ក្នុងរយៈពេលប៉ុន្មានខែនេះ លោកបានធ្វើដំណើរទៅតាមបណ្ដាខេត្តចំនួន១០ នៃកម្ពុជា ដើម្បីស្វែងយល់ពីតម្រូវការរបស់ប្រជាពលរដ្ឋនៅជនបទ និងបានកត់សម្គាល់ថា កម្ពុជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទាំងនៅទីក្រុង ទីប្រជុំជន និងនៅទីជនបទ៕
ឧត្ដមបណ្ឌិតសភាចារ្យ រដ្ឋមន្រ្ដី បានជូនពរឯកឧត្ដម UENO Atsushi ឲ្យបេសកកម្មការទូត នៅព្រះរាជាណាចក្រកម្ពុជាទទួលបានជោគជ័យ ៕