ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រំភើប ក្រោយគម្រោងជីកផ្លូវទឹកតភ្ជាប់ទន្លេទៅសមុទ្រ ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញត
(ភ្នំពេញ)៖ ភ្លាមៗបន្ទាប់ពីគម្រោងជីកផ្លូវទឹកតភ្ជាប់ទន្លេ ទៅសមុទ្រ ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតដំណើរនោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាក្រសួងសាមីសិក្សាលើគម្រោងនេះ បានសម្តែងក្តី រីករាយ និងរំភើបជាខ្លាំង។
លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ប្រាប់ដូច្នេះ «នេះជាគម្រោងប្រវត្តិសាស្ត្រតាំងពីសម័យហ្វូណន មកដល់សម្តេចតេជោ ដែលយើងបានស្តារឡើងវិញ ដើម្បីប្រើប្រាស់ប្រព័ន្ធដែលមានស្រាប់ពីហ្វូណន ជាប្រយោជន៍ជាតិរបស់យើង ដឹកជញ្ជូនទំនិញទៅសមុទ្រត្រង់តែម្តង ដោយមិនបាច់ឆ្លងទៅប្រទេសជិតខាង។ គម្រោងនេះសំខាន់ណាស់ សំខាន់មែនទែន»។
លោកទេសរដ្ឋមន្ត្រីបន្ថែមថា «ខ្ញុំសប្បាយចិត្តណាស់»។
ជាមួយគ្នាបន្ទាប់ពីព័ត៌មានត្រូវបានផ្សព្វផ្សាយប្រជាពលរដ្ឋនៅលើបណ្តាញសង្គម ក៏បានសម្តែងការសាទរ និងរីករាយចំពោះគម្រោងមួយនេះផងដែរ។ ពួកគេចាត់ទុកគម្រោងនេះ ជាគម្រោងយក្ស ជាគម្រោងប្រវត្តិសាស្ត្រផ្នែកដឹកជញ្ជូននៅកម្ពុជា។
អ្នកលេងបណ្តាញសង្គមឈ្មោះ Reaksmey Sarun បានលើកឡើងថា «ខ្ញុំនៅតែមានទំនប់ចិត្តលើ CPP បើទោះដើរមិនលឿនដូចប្រទេសគេ ប៉ុន្តែនៅតែដើរទៅមុខបន្តជាមួយសន្តិភាព»។
សូមបញ្ជាក់ថា ទីបំផុតគម្រោងជីកផ្លូវទឹកតភ្ជាប់ពីទន្លេ ទៅកាន់សមុទ្ររបស់កម្ពុជា ដែលជាគម្រោងដ៏មានសារៈសំខាន់សម្រាប់ការដឹកជញ្ជូនទំនិញនោះ ត្រូវបានរាជរដ្ឋាភិបាលអនុម័តឱ្យរៀបចំជីកហើយ ដោយគ្រោងចំណាយថវិកាប្រមាណ ១,៧០០លានដុល្លារ និងចំណាយពេល៤ឆ្នាំ។ ការសម្រេចនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ។
មុននឹងការអនុម័តលើគម្រោងនេះ សម្តេចតេជោ និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល បានបើកការជជែកដេញដោលគ្នាយ៉ាងយកចិត្តទុកដាក់បំផុត។ ជាពិសេសស្តាប់ការពន្យល់នានាពីសំណាក់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាអ្នកសិក្សា និងអនុវត្តន៍គម្រោងនេះ។
កិច្ចពិភាក្សាបានធ្វើឡើងតាំងពីម៉ោង១០ព្រឹក រហូតដល់ម៉ោងជាង ១រសៀល។ ជាមួយនឹងការអនុម័តនេះ សម្តេចតេជោ បានផ្តល់អនុសាសន៍ជាច្រើនពាក់ព័ន្ធផលប៉ះពាល់បរិស្ថាន ដែលបណ្ដាលមកពីទឹកសមុទ្រ និងបន្តពិភាក្សាជាមួយគណៈកម្មាធិការចម្រុះ នៃគណៈកម្មការទន្លេមេគង្គបន្ថែមទៀត។
គម្រោងនេះ ត្រូវបានដាក់ឈ្មោះថា «គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុរភារកម្មទន្លេបាសាក់»។ គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ មានគោលបំណងពង្រីកនូវវិសាលភាពនៃការប្រើប្រាស់សក្ដានុពលលើការដឹកជញ្ជូនតាមផ្លូវទឹក សំដៅចូលរួមលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច-សង្គម ឱ្យកាន់តែមានការរីកចម្រើនឈានទៅមួយកម្រិតថែមទៀត និងផ្ដល់ជាដំណោះស្រាយសមស្របលើបញ្ហាប្រឈម និងឧបសគ្គនានា នៃវិស័យដឹកជញ្ជូនតាមផ្លូវទឹកដែលបាននិងកំពុងតែជួបប្រទះនាពេលបច្ចុប្បន្ន។
បើតាមលោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា គម្រោងនេះ គឺជាគម្រោងប្រវត្តិសាស្រ្តលើកទី១ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ដើម្បីតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ។ ការសិក្សាសមិទ្ធិលទ្ធភាពគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់នេះ ត្រូវបានបែងចែកជាពីរដំណាក់កាល ដែលប្រើប្រាស់រយៈពេលសរុប ២៦ខែ រួមមាន៖ ដំណាក់កាលទី១ ការសិក្សាបឋម ប្រើរយៈពេល ១៤ខែ និងដំណាក់កាលទី២ ការសិក្សាសមិទ្ធិលទ្ធភាព ប្រើរយៈពេល ១២ខែ។
ក្រុមការងារបច្ចេកទេស បានកំណត់គោលដៅនៃការសិក្សានេះ ដើម្បីបង្កើនអធិបតេយ្យភាពការដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា កាត់បន្ថយពេលវេលា ចម្ងាយ និងថវិកា កាត់បន្ថយនីតិវិធីសម្រាប់នាវា និងទំនិញចូល-ចេញ ធ្វើឱ្យចំណេញ និងបង្កើនល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ធ្វើសមាហរណកម្មដឹកជញ្ជូនតាមផ្លូវទឹក តាមរយៈការពង្រីកការតភ្ជាប់ពហុមធ្យោបាយដឹកជញ្ជូន កាត់បន្ថយការខូចខាតផ្លូវថ្នល់ និងការកកស្ទះចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍លើផ្លូវថ្នល់។
តាមរយៈការសិក្សារបស់ក្រុមការងារបច្ចេកទេស បានបង្ហាញឱ្យឃើញផងដែរថា តម្រាយផ្លូវទឹកដែលតភ្ជាប់ទៅពីទន្លេ ទៅសមុទ្រ ស្រដៀងគ្នានេះ ក៏ធ្លាប់បានជីកតាំងពីអាណាចក្រហ្វូណនមកម្ល៉េះ ហើយផ្លូវទឹកនេះ នឹងត្រូវកសាងលើតម្រាយខ្សែផ្លូវទឹកបុរាណ ដែលបានបន្សល់ទុកស្រាប់។
គម្រោងនេះ ត្រូវបានសិក្សាយ៉ាងល្អិតល្អន់ជាទីបំផុតទាំងលើបច្ចេក ទិដ្ឋភាពច្បាប់ ផលប៉ះពាល់ និងផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច។ ការសិក្សា ត្រូវបានបញ្ជាក់លំអិតដូចខាងក្រោម៖
* លក្ខណៈបច្ចេកទេសទូទៅរបស់ផ្លូវទឹក៖ តាមការសិក្សាផ្លូវទឹកនេះមានប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ ចាប់ផ្តើមពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៉ីង នៃទន្លេបាសាក់ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែបដែលមានប្រជាជនសរុបប្រមាណ ១.៦លាននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ។
* ការរចនាប្លង់វិស្វកម្ម និងស្ថាបត្យកម្មលើហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក សំណង់ផ្លូវទឹក និងសន្ទះផ្លូវនាវាចរណ៍៖ ការស្ថាបនាច្រាំងនៃផ្លូវនាវាចរណ៍នេះ នឹងប្រើប្រាស់វិធីសាស្ត្រចំនួនពីរប្រភេទដែលសមស្រប គឺការដាំស្មៅនៅក្នុងប្រឡាយនាវាចរណ៍ និងការរៀបចំច្រាំងទន្លេបាសាក់ចំណុចព្រែកតាឯក រហូតដល់ព្រែកតាហ៉ីង ដោយប្រើប្រាស់ Geotextile និងបាវខ្សាច់ Geobag សម្រាប់ការពារការបាក់ច្រាំង។
គម្រោងនេះនឹងសាងសង់សន្ទះផ្លូវនាវាចរណ៍ចំនួន៣កន្លែង ដែលស្ថិតនៅខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកែប សាងសង់ស្ពានចំនួន ១១កន្លែង។
* លទ្ធផលនៃការសិក្សាវិភាគផ្នែកជលសាស្ត្រ និងរំហូរទឹក កករទឹក និងការជ្រៀតចូលនៃទឹកប្រៃ៖ គម្រោងនេះនឹងត្រូវការប្រើប្រាស់ទឹកជាមធ្យមតិចជាង ២ភាគរយ ប៉ុណ្ណោះពីទន្លេ និងព្រែកធម្មជាតិ ក្នុងស្ថានភាពរបបជលសាស្ត្រធម្មតា។
ក្នុងករណីមានបម្រែបម្រួលអាកាសធាតុ ដែលបណ្ដាលឱ្យកម្ពស់ទឹកសមុទ្រកើនឡើងលើសពី ០.៥ម៉ែត្រ លើកម្រិតធម្មតាហើយទ្វារនៃសន្ទះផ្លូវទឹកត្រូវបានបើកចំហ ៩០ភាគរយក្នុងមួយថ្ងៃ នោះអាចបណ្តាលឱ្យមានការជ្រៀតចូលទឹកប្រៃពីសមុទ្រក្នុងកម្រិតអតិបរមាប្រមាណត្រឹមតែ ១.២៣ភាគរយប៉ុណ្ណោះ ដែលបរិមាណនេះ ជាចំនួនតិចតួច និងមិនអាចបណ្តាលឱ្យមានផលប៉ះពាល់ជាអវិជ្ជមានលើបរិស្ថាន និងប្រព័ន្ធអេកូឡូស៊ីនោះទេ។ ក្នុងករណីដែលបិទសន្ទះផ្លូវនាវាចរណ៍ ១០០ភាគរយក្នុងមួយថ្ងៃ នោះកម្រិតទឹកនឹងនៅដដែល ដោយមិនអាចបណ្ដាលឱ្យបាត់បង់ ឬប្រែប្រួលរំហូរទឹកនោះទេ។
* លទ្ធផលនៃការវិភាគ និងវាយតម្លៃផ្នែកបរិស្ថាន និងប្រព័ន្ធអេកូឡូស៊ី៖ ក្នុងអំឡុងពេលអនុវត្តគម្រោងសាងសង់ អាចនឹងមានផលប៉ះពាល់បរិស្ថានតិចតួច ប៉ុន្តែអាចគ្រប់គ្រងបានតាមរយៈការប្រើប្រាស់វិធានគ្រប់គ្រងបរិស្ថាន និងសំណល់តាមស្ដង់ដារជាតិ និងអន្តរជាតិដែលមានស្រាប់ និងធ្លាប់បានអនុវត្តរួចមកហើយលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនរបស់ក្រសួងប្រកបដោយប្រសិទ្ធភាព។
* លទ្ធផលនៃការសិក្សា និងពិនិត្យលើទិដ្ឋភាពច្បាប់ និងកិច្ចព្រមព្រៀងមេគង្គឆ្នាំ១៩៩៥៖ គម្រោងនេះ ជាគម្រោងដែលមានលក្ខណៈជាការប្រើប្រាស់ និងបង្វែរទឹកចេញពីទន្លេបាសាក់ ដែលជាដៃមួយនៃទន្លេមេ (ក្នុងអាងទន្លេមេគង្គ) ទៅអាងទន្លេដទៃផ្សេងទៀត (ក្រៅពីអាងទន្លេមេគង្គ)។
យោងតាមខ្លឹមសារនៃមាត្រា៥ នៃកិច្ចព្រមព្រៀងមេគង្គឆ្នាំ១៩៩៥ ស្ដីពីការប្រើប្រាស់ទឹកដោយសមហេតុផល និងសមធម៌នៅក្នុងដែនដីរៀងៗខ្លួន គម្រោងនេះ អាចអនុវត្តបាន ដោយភាគីកម្ពុជា គ្រាន់តែអនុវត្តធ្វើការជូនដំណឹងជាមុន ទៅគណៈកម្មាធិការចម្រុះនៃគណៈកម្មការទន្លេមេគង្គ ដោយភ្ជាប់ជាមួយនូវរបាយការណ៍នៃការសិក្សាលម្អិត មុនពេលចាប់ផ្ដើមការងារសាងសង់ប៉ុណ្ណោះ ដោយមិនចាំបាច់ស្នើសុំការយល់ព្រមណាមួយពីប្រទេសសមាជិកគណៈកម្មការទន្លេមេគង្គនោះឡើយ។
* លទ្ធផលនៃការវាយតម្លៃលើផលប៉ះពាល់ផ្នែកសង្គម និងហេដ្ឋារចនាសម្ព័ន្ធជាតិ៖ លទ្ធផលនៃការសិក្សាបានបង្ហាញថា តំបន់ដែលផ្លូវទឹកឆ្លងកាត់សុទ្ធសឹងតែជាតំបន់វាលស្រែ ព្រែក ឬស្ទឹងធម្មជាតិ និងជាតំបន់វាលទំនាបលិចទឹកស្រាប់ ហើយជាតំបន់មានដង់ស៊ីតេប្រជាពលរដ្ឋរស់នៅតិចតួច និងមិនមានហេដ្ឋារចនាសម្ព័ន្ធជាតិធំៗនោះទេ។ តាមរយៈការវាយតម្លៃលើផលប៉ះពាល់លម្អិត និងបទពិសោធន៍ដែលបានជួបប្រទះកន្លងមកបង្ហាញថា ទំហំនៃផលប៉ះពាល់ គឺស្ថិតក្នុងកម្រិតតិចតួច ដែលងាយស្រួលក្នុងការគ្រប់គ្រង និងដោះស្រាយ។
* លទ្ធផលនៃការវិភាគ និងវាយតម្លៃផ្នែកសេដ្ឋកិច្ច ការវិនិយោគ និងគណនាផលប្រយោជន៍សេដ្ឋកិច្ច៖ គម្រោងផ្លូវទឹកថ្មីនេះ ត្រូវបានប៉ាន់ស្មានថា នឹងត្រូវចំណាយទុនវិនិយោគប្រមាណ ១,៧០០លានដុល្លារអាមេរិក និងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ។
គម្រោងនេះ នឹងជួយកាត់បន្ថយរយៈពេល និងចម្ងាយនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន ដែលត្រូវឆ្លងកាត់តាមកំពង់ផែកៃមែបរបស់វៀតណាមប្រមាណ ៦៩គីឡូម៉ែត្រ ពីកំពង់ផែស្វយ័តក្រុងភ្នំពេញ ទៅកំពង់ផែក្រុងព្រះសីហនុ និងប្រមាណ ១៣៥គីឡូម៉ែត្រ ពីកំពង់ផែស្វយ័តក្រុងភ្នំពេញ ទៅកំពង់ផែខេត្តកំពត។
គម្រោងនេះ នឹងផ្ដល់ផលចំណេញលើតម្លៃដឹកជញ្ជូនប្រមាណ ១៧០លានដុល្លារអាមេរិក សម្រាប់ទំនិញប្រភេទកុងតឺន័រ ២០ហ្វីត ស្មើនឹង (១TEUs) និងចំណេញប្រមាណ ២២៣លានដុល្លារអាមេរិក សម្រាប់ទំនិញប្រភេទកុងតឺន័រ ៤០ហ្វីត (២TEUs) ដែលតម្លៃនេះ គឺទាបជាងតម្លៃដឹកជញ្ជូននាពេលបច្ចុប្បន្នប្រមាណ ១៦ភាគរយ។
គម្រោងនេះ នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនផ្សេងទៀតរួមមានដូចជា ការបង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលភស្ដុភារកម្ម ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និងចិញ្ចឹមសត្វ ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា ការបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តក្រុងភ្នំពេញ និងកំពង់ផែផ្សេងទៀត ការជំរុញការអភិវឌ្ឍទីក្រុង និងនគរូបនីយកម្ម និងការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យ៕