ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សេចក្តីព្រាងច្បាប់ ស្តីពីវិធានដើមកំណើតទំនិញ ត្រូវបានគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាព្រឹកនេះ

56

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ នៅទីស្ដីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារ ចូលរួមការពារសេចក្តីព្រាងច្បាប់ ស្តីពីវិធានដើមកំណើតទំនិញ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយដែលអង្គប្រជុំគណៈរដ្ឋមន្ត្រីបានអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញនេះ។

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងថា សេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញ ត្រូវបានរៀបចំឡើងក្នុងគោលបំណងកំណត់អំពីគោលការណ៍និងវិធានស្តីពីដើមកំណើតនៃទំនិញនាំចេញនិងទំនិញនាំចូល ដើម្បីជំរុញនិងសម្រួលពាណិជ្ជកម្មក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មនិងក្រៅប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ធានានូវដើមកំណើតទំនិញរបស់កម្ពុជា ក្នុងការលើកកម្ពស់និងជំរុញការនាំចេញផលិតផលកម្ពុជា ព្រមទាំងចូលរួមទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ។

ឯកឧត្តមរដ្ឋមន្រ្តី បន្តថា សេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញ គឺជាការអភិវឌ្ឍបន្ថែមនូវលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ដែលត្រូវបានរៀបចំឡើងស្របតាមគោលការណ៍អាស៊ាន និងអង្គការពាណិជ្ជកម្មពិភពលោក និងជាផ្នែកមួយដ៏មានសារៈសំខាន់នៃប្រព័ន្ធច្បាប់នៅលើពិភពលោក ដោយដើរទន្ទឹមគ្នាជាមួយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី តំបន់ និងពហុភាគី ដែលថ្មីៗនេះមានដូចជា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកម្ពុជា-កូរ៉េ ជាដើម។

គួរបញ្ជាក់ផងដែរថា សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើងដោយក្រុមការងារនៃក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលរួមមាន៩ជំពូកនិង៣៥មាត្រា ហើយជានីតិវិធីបន្ត រាជរដ្ឋាភិបាល នឹងបញ្ជូនសេចក្តីព្រាងច្បាប់នេះទៅសុំការពិនិត្យនិងអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិ៕

អត្ថបទដែលជាប់ទាក់ទង