ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទិវាជាតិនៃការចងចាំឆ្នាំនេះ បង្សុកូល រាប់បាត្រប្រគេនព្រះសង្ឃ១៨០ អង្គ ដើម្បីឧទ្ទិសជូនវិញ្ញាណក្ខន្ធបុព្វបុរស និងប្រជាជន ដែលបានស្លាប់នៅរបបប្រល័យពូជសាសន៍

53

 

ភ្នំពេញ៖ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ក្នុងទិវាជាតិនៃការចងចាំ ២០ឧសភាឆ្នាំនេះ បានរៀបចំពិធី បង្សុកូល រាប់បាត្រប្រគេនព្រះសង្ឃចំនួន១៨០ អង្គ ដើម្បីឧទ្ទិសជូនវិញ្ញាណក្ខន្ធបុព្វបុរស និងប្រជាជន ដែលបានស្លាប់នៅរបបប្រល័យពូជសាសន៍ ប៉ុល ពត ។

ពិធីនេះបានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៏ជើងឯក សង្កាត់ជើងឯកខណ្ឌដង្កោ នាព្រឹកថ្ងៃទី២០ឧសភា ឆ្នាំ២០២៣នេះ ក្រោមវត្តមានលោកឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលនិងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ លោកម៉ប់ សារិន សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានប្រចាំការគណបក្សរាជធានីភ្នំពេញ និងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា មន្ត្រីរាជការនិងប្រជាជនចំនួន ៦.០០០នាក់ ។

ក្នុងពិធីនោះ ក្រុមសិល្បករ បានសម្តែងនូវឈុនឆាកដ៏សាហាវព្រៃផ្សៃរបស់របស់បនក្បត់ប៉ុលពត ដែលបានធ្វើទារុណកម្ម និងកាប់សម្លាប់ប្រជាពលរដ្ឋស្លូតត្រង់យ៉ាងព្រៃផ្សៃបំផុត ដែលធ្វើឲ្យអ្នកចូលរួមកម្មវិធីនេះទប់ទឹកភ្នែកមិនបាន។

២០ឧសភា បានក្លាយជាថ្ងៃកាន់មរណៈទុក្ខដែលប្រជាជនកម្ពុជាបានចារឹក ជាប់ក្នុងបេះដូងមិនអាចបំភ្លេចបាននូវអំពើដ៏សាហាវយង់ឃ្នង របស់ពួកប្រល័យពូជសាសន៏ដែលបានប្រព្រឹត្តមកលើប្រជាជនកម្ពុជា អស់រយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ដោយបានកាប់សម្លាប់ប្រជាជនកម្ពុជាអស់ជាង៣លាននាក់។

ក្នុងពិធីនេះ ក្រុមមន្ត្រី និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋបានដាក់កំរងផ្កាដោយសំរួមកាយវាចារចិត្ត នៅចំពោះស្តូបតំកល់អដ្ឋិធាតុជនរងគ្រោះប្រមាណ ៨.៩៨៥នាក់ ដែលត្រូវបានគាស់ ចេញពីរណ្តៅសពរួមចំនួន៨៦រណ្តៅ ដែលត្រូវពួកឃាតករអាវខ្មៅយកមកសម្លាប់នៅជើងឯកនេះ ដោយយកចេញពីគុកទួលស្លែងកណ្តាលក្រុងភ្នំពេញ ហើយសូមឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធជនរងគ្រោះជិត១ម៉ឺននាក់ សូមទៅសោយសុខក្នុង ឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ថ្ងៃ២០ឧសភា ក៏ជាសាររំលឹកទៅដល់កូន ខ្មែរគ្រប់រូប ក៏ដូចមនុស្សជាតិលើសាកលលោកកុំភ្លេចរបបប្រល័យពូជសាសន៏ដ៏សាហាវឃោរឃៅ និងគួរឧិ្យស្អប់ខ្ពើមនេះ។ គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជាប្រមុខដែលជាស្ថាបនិកតែ១គត់ ក្នុងការទប់ស្កាត់មិនអោយរបបប្រល័យពូជសាសន៏នេះកើតឡើងជាលើកទី២នៅលើទឹកដីអង្គរនៃយើង និងរួមគ្នាថែរក្សាសុខសន្តិភាពដែលរាជរដ្ឋាភិបាលខំប្រឹងរកបានដោយលំបាកនេះឲ្យបានស្ថិតស្ថេរគង់វង់ ក៏ដូចជារួមគ្នាទប់ស្កាត់ឲ្យបាននូវរាល់ឧបាយកលរបស់ពួកអគតិដែលមានបំណងនាំប្រទេសកម្ពុជាឲ្យទៅ ធ្លាក់ក្នុងរណ្តៅមរណៈភាពជាថ្មី និងបង្កអសន្តិសុខ ប៉ះពាល់ស្ថេរភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈក៏ដូចជាភាពសុខសាន្តរបស់ប្រជាពលរដ្ឋផងដែរ។

ដើម្បីរក្សាបាននូវសុខសន្តិភាព ការអភិវឌ្ឍបន្តទៀត ប្រជាជនយើងត្រូវចេះប្រើសិទ្ធិដែលមានចែង ក្នុងរដ្ឋធម្មនុញ្ញដោយទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥មិថុនា ឆ្នាំ២០២២ខាងមុខនេះ ដើម្បីជ្រើសរើសមេដឹកនាំដែលបងប្អូនពេញចិត្ត ដឹងសុខទុក្ខបងប្អូន មិនរត់ចោលបងប្អូន និងរួមសុខរួមទុក្ខជាមួយបងប្អូនគ្រប់កាលៈទេសៈ។

លោកឃួង ស្រេង បានឧទ្ទិសថ្ងៃ២០ឧសភាឲ្យស្ថិតនៅក្នុងដួងចិត្តកូនខ្មែរគ្រប់ជំនាន់ និងប្រឆាំងដាច់ខាតរាល់ឧបាយកល់ណាមួយ ដែលមានបំណងរុញកម្ពុជាឲ្យធ្លាក់ចូលគ្រោះប្រល័យពូជសាសន៍ជាថ្មី ក៏ដូចជាការប៉ុនប៉ងបំផ្លាញសន្តិភាពដែល
សម្តេចតេជោហ៊ុន សែន បានដឹកនាំស្វែងរកបានដោយលំបាក៕

អត្ថបទដែលជាប់ទាក់ទង